អឺរ៉ុប៖ គណៈកម្មការអឺរ៉ុបបានធ្វើការស្នើធ្វើច្បាប់មួយ ដែលហាមមិនឲ្យប្រើផលិតផលដែលធ្វើឡើងពីប្លាស្ទិចដែលអាចត្រឹមប្រើបានមួយលើកដូចជាទុយោបឺតទឹកជាដើម ហើយថែមទាំងតម្រូវឲ្យក្រុមហ៊ុនផ្សេងៗជួយក្នុងការបោសសម្អាតបរិស្ថានទៀតផង ក្នុងបំណងកាត់បន្ថយសំរាមជាច្រើនដែលកំពុងហូរចូលទៅក្នុងសមុទ្រ។

រូបតំណាង

នៅក្នុងការស្នើនោះបានលើកឡើងថា គ្រប់ផលិតផលដែលធ្វើឡើងពីប្លាស្ទិចដែលប្រើបានតែមួយលើក នឹងត្រូវបានគេហាមមិនឲ្យផលិតបន្តទៀតទេ បើសិនជាផលិតផលទាំងនោះអាចត្រូវបានគេយកសារធាតុផ្សេងៗក្រៅពីប្លាស្ទិចមកជំនួសបាន។

នៅក្នុងនោះក៏តម្រូវឲ្យគ្រប់ប្រទេសដែលជាសមាជិក សហភាពអឺរ៉ុបទាំងឡាយធ្វើការប្រមូលមកវិញនូវដបប្លាស្ទិចឲ្យបាន ៩០%ត្រឹមឆ្នាំ ២០២៥ផងដែរ ដែលការចំណាយទាំងឡាយនឹងត្រូវបានជួយផ្គត់ផ្គង់ដោយក្រុមហ៊ុនផ្សេងៗដែលផលិតផលិតផលទាំងនោះ។ 

រូបតំណាង

អនុប្រធានគណៈកម្មការនេះលោក Frans Timmermans បាននិយាយថា «សំរាមប្លាស្ទិចគឺជាបញ្ហាដ៏ធំមួយ ហើយប្រទេសនៅអឺរ៉ុបត្រូវតែសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជាចុងក្រោយសំរាមប្លាស្ទិចទាំងនោះ នឹងមានពាសពេញខ្យល់ ដី មហាសមុទ្រ និងអាហាររបស់យើង»។

សំរាមប្លាស្ទិចដែលបានប្រមូលផ្តុំគ្នានៅមហាសមុទ្រ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់ប្រទេសជាច្រើន  ហើយសូម្បីអ្នកវិទ្យាសាស្ត្រថែមទាំងបានព្រមានពីផលប៉ះពាល់នៃសំរាមទាំងនោះទៅកាន់អាហាររបស់យើងទៀតផង។ 

រូបតំណាង

តាមការស្រាវជ្រាវមួយបានបង្ហាញថា មានគំនរសំរាមប្រហែលជា ៧៩,០០០តោន កំពុងតែផ្ដុំនៅក្នុងមហាសមុទ្រប៉ាសុីហ្វិក ដែលសំរាមប្លាស្ទិចទាំងនោះភាគច្រើនគឺជាប្រអប់ប្លាស្ទិច សំណាញ់នេសាទ និងខ្សែពួរជាដើម។

ការស្នើសុំដោយគណៈកម្មការនេះផងដែរ នឹងត្រូវបានគេសម្រេចឡើងដោយសភានិងក្រុមប្រឹក្សាអឺរ៉ុបផងដែរ ហើយគណៈកម្មការជឿជាក់ថាគេនឹងអនុញ្ញាតឲ្យមានការអនុវត្តច្បាប់នេះឲ្យបានមុនខែឧសភា ឆ្នាំក្រោយនេះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]