រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​ពិតជា​មានដំណើរ​ជីវិត​កម្សត់​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំង​ណាស់ ដោយសារ​តែ​រូបគេ​ជា​ក្មេង​រស់នៅ​ក្នុង​ស្ថានភាព​តែលតោល​គ្មាន​ទីពឹង​ឡើយ​។ 

ក្រោយ​យ​ពី​ឪពុក​ម្ដាយ​លែងលះ​គ្នា បាន​ចែក​កូន​គ្នា​ម្នាក់​១ ដោយ​បុរស​ជា​ឪពុក​បាន​យក​រូបគេ ទៅ​រស់នៅ​ជាមួយ នៅ​ឯ​ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្ត្រី​ជា​ម្ដាយ​បាន​សម្រេចចិត្ត​យក​បងស្រី​របស់​គេ​ម្នាក់ ទៅ​នៅ​ជាមួយ និង​បាន​ចាក​ចេញពី​ខេត្តកំពង់ស្ពឺ ទៅ​រស់នៅ​ផ្ញើប្រាណ​ជាមួយ​បងស្រី​នៅ​ក្នុង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ឪពុក ជា​មនុស្ស​ញៀន​ថ្នាំ​មិន​អាច​មើលថែ​ដិត​ដល់​ឡើយ មិនតែប៉ុណ្ណោះ​ចុង​ក្រោយ​បាន​បណ្ដេញ​រូបគេ ចេញពីផ្ទះ​ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម​។ 

បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​កូនប្រុស​រូប​នេះ​ទៅ​ទម្លាក់​ចោល នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ចោម​ចៅ​៣ រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​តែ​ម្ដង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ ដឹង​ថា ក្មេង​ប្រុស​ខាងលើ​បាន​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​ដើរ​កាល​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដោយ​មានការ​សង្ស័យ​ព្រោះ​ឃើញ​រូបគេ​ដើរ មាន​ទឹកមុខ ស្លេកស្លាំង និង​ភិតភ័យ ទើប​អ្នក​រត់​ម៉ូតូឌុប​ហៅ​សួរនាំ​ហើយ​បានដឹង​ថា​រូបគេ​វង្វេងផ្លូវ​រក​ផ្ទះ​ម្ដាយ​មិនឃើញ ក៏​បាន​ហៅ​នគរបាល​ឲ្យ​ជួយ​នាំ​យក​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​នាំ​ទៅ​រក​ម្ដាយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្មេង​ប្រុស​អភ័ព្វ​រូប​នេះ​ឈ្មោះ ប្រុស រតនា ហៅ ហេង រស្មី អាយុ​១២​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហ៊ុន ប្រុស អាយុ​ប្រហែល​៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់​។ បើ​តាម​ការ​អះអាង​របស់ ក្មេង​ប្រុស​នេះ​ថា បុរស​ជា​ឪពុក​គឺជា​មនុស្ស​ម្នាក់​ញៀន​ថ្នាំ រស់នៅ​ម្ដុំ​ផ្សារ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ចំណែក​ម្ដាយ​ឈ្មោះ អៀង សុខ​ថន ហៅ​នាង អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ នៅផ្ទះ​មានកូន​ស្រី​ច្បង អៀង ស្រី​ណុ​ច អាយុ​១៤​ឆ្នាំ កំពុង​រស់នៅ​ជាមួយ​ម្ដាយ ដែល​ស្នាក់​អាស្រ័យ​នៅ​ជាមួយ​បងស្រី និង​ត្រូវ​អ៊ុំ​ក្មេង​ប្រុស​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​រឹតតែ​មានការ​ហួសចិត្ត ថែម​មួយ​តង់​ទៀត​នោះ គឺ​ក្រោយ​ពេល​សួរនាំ​ដឹង​ពី​ក​ន្លែ​ដែល​ម្ដាយ​ស្នាក់​នៅ​ហើយ មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​៣ រួម​ជាមួយ​ភ្នាក់ងារ​កាសែត Fresh news ម្នាក់​គឺ​លោក ក្រូច វ​ណ្ណា បាន​ជូន​ក្មេង​ប្រុស​កម្សត់​រូប​នេះ​ទៅ​រក​ម្ដាយ​ទាំង យប់ ហើយ​ក៏​បាន​រក​ឃើញ​តាម​បំណង​មែន​។ ប៉ុន្តែ​ពេល​នោះ​បែរជា​ម្ដាយ​មិន​អាច​ទទួល​ឲ្យ​កូនប្រុស​រូប​នេះ​ឲ្យ​រស់នៅ​ជាមួយ និង​ផ្ដល់​ភាព​កក់ក្ដៅ បាន​ឡើយ ព្រោះតែ​មាន​រនាំង​មួយ​បិទ​បាំង​សេរីភាព និង​សិទ្ធិ​ជិតឈឹង​តែ​ម្ដងនោះ គឺ​ភាព​ទីទ័ល​ក្រ ដោយ​ស្ត្រី​ជា​ម្ដាយ​គ្មាន​ផ្ទះសម្បែង​ដើម្បី​រស់នៅ​ខ្លួនឯង​ឡើយ​។

សព្វថ្ងៃ​គឺ​បាន​រស់នៅ​អាស្រ័យ​ជាមួយ បងស្រី​បង្កើត​ដែល​ត្រូវជា​អ៊ុំ​ក្មេង​ប្រុស​រូប​នេះ ហើយ​ស្ត្រី​ជា​អ៊ុំ​នោះ​បាន​បដិសេធ​ដាច់អហង្ការ មិន​ឲ្យ​ក្មេង​ប្រុស​រូប​នេះ​នៅ​ជាមួយ​ទេ ដែល​សង្ស័យ​មិន​ចង់​បន្ថែម​បន្ទុក​មួយទៀត​ហើយ​មើលទៅ​។ មិនតែប៉ុណ្ណោះ បាន​និយាយ​ទៅ​កាន់​មន្ត្រីសង្កាត់​ចោម​ចៅ​៣ និង​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​ខំ​ជូន​ទៅ នោះ​ថា «​ចង់​យក​ក្មេង​ប្រុស​នេះ​ទៅ​ណា​ក៏​យក​ទៅ​ពួក​គាត់​មិន​ទទួលស្គាល់​ឡើយ​»​។ 

បន្ទាប់​ពី​បានឮ​បែប​នេះ​មន្ត្រី​ទាំងនោះ​មានការ​ហួសចិត្ត​ខ្លាំង​ណាស់ ក៏​បាន​នាំ​ក្មេង​ប្រុស​រូប​នេះ​ត្រឡប់​ទៅ​ផ្ញើ​នៅ​ស្ថានីយ​វិទ្យុ​ABC ជា​បណ្ដោះអាសន្ន​សិន​។ ចំណែក​ស្ត្រី​ជា​ម្ដាយ​ខណៈនោះ​ចង់​ឲ្យ​កូន​រស់នៅ​ក្បែរ​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​មិន​អាច​ទៅ​រួច​ដូច្នេះ​មាន​តែ​បណ្ដោយ​តាម​យថាកម្ម​ទៅ​ចុះ​៕

ក្មេង​ប្រុស​កម្សត់
ក្មេង​ប្រុស​កម្សត់
ក្មេង​ប្រុស​កម្សត់

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]