ខេត្តកណ្ដាល ៖ យុវជនម្នាក់គ្មានមុខរបរច្បាស់លាស់ពិតប្រាកដនោះ ប៉ុន្តែមានលុយចាយវាយគ្រាន់បើជាងអ្នកភូមិដែលខំរកស៊ីបែកញើសហូរញើសទៅទៀត ។
ដោយមានការងឿងឆ្ងល់ និងសង្ស័យនោះអ្នកភូមិបាននាំគ្នាតាមដានទើបដឹងថា យុវជននេះមានលុយចាយដោយសារតែការជួញដូរគ្រឿងញៀន។ បន្ទាប់មកក៏បានរាយការណ៍ជូនកម្លាំងនគរបាលស្រុកអង្គស្នួលចុះធ្វើការចាប់ខ្លួន ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរត្រពាំងទឹក ស្ថិតនៅក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ អាត ពិទូ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ។
នៅក្នុងខណៈនោះនគរបាលបានរកឃើញគ្រឿងញៀនចំនួន៦៤កញ្ចប់ ក្នុងនោះមានកញ្ចប់មធ្យម០១កញ្ចប់ និងកញ្ចប់តូចចំនួន៦៣កញ្ចប់ ហើយទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាកណូកគាចុចពិល១គ្រឿង ,ម៉ាកiphone6 មួយគ្រឿង ,ម៉ាកiphone5មួយគ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងដែកកេះចំនួន០២ផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនកម្លាំងបាននាំទៅធ្វើការសាកសួរភ្លាមៗហើយជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនខាងលើពីជនមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងតម្លៃជាង២០០ដុល្លារ ហើយយកមកច្រកថង់តូចៗលក់យកចំណេញ ដែលក្នុង១កញ្ចប់តូចថ្លៃ២ម៉ឺនរៀល ហើយត្រឹមតែ៤ទៅ៥ថ្ងៃលក់អស់ហើយ បន្ទាប់មកបានទៅទិញយកមកលក់បន្តទៀត ។
ក្រោយពីការសាកសួរ និងកសាងសំណុំរឿងរួចរាល់ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]