ប្រេសុីល៖ នៅក្នុងសកម្មភាពដ៏កម្រមួយដោយរដ្ឋាភិបាលប្រេសុីលកាលពីចុងសប្ដាហ៍មុននេះ គេបានបញ្ជូនកងកម្លាំងប្រដាប់អាវុធដើម្បីការពារកុលសម្ព័ន្ធមួយក្រុម ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងបំផុតដោយក្រុមកាប់បំផ្លាញព្រៃឈើ។ ការសម្រេចចិត្តដោយរដ្ឋាភិបាលប្រទេសប្រេសុីលនេះ គឺត្រូវបានគេចាត់ទុកថាជាចំណុចដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃ Amazon។

រូបតំណាង

អាជ្ញាធរបានធ្វើការចល័តទៅក្នុងតំបន់ព្រៃ Amazon បន្ទាប់ពីក្រុមកុលសម្ព័ន្ធ Guajajara ដែលហៅខ្លួនគេថាជាអ្នកការពារព្រៃ Amazon ឬ The Gaurdians of the Amazon បានធ្វើការចាប់ខ្លួនក្រុមកាប់បំផ្លាញព្រៃឈើមួយក្រុម និងដុតឡានរបស់ពួកគេចោល។

អ្នកតំណាងឲ្យអង្គការការពារសិទ្ធិមនុស្ស Survival International លោកស្រី Sarah Shenker បាននិយាយថា «នៅពេលចុងសប្ដាហ៍មុននេះ ក្រុមកងកម្លាំងប៉ូលិសការពារបរិស្ថានផ្សេងៗត្រូវបានបញ្ជូនមក ដើម្បីឆ្លើយតបទៅនឹងការសុំជំនួយដោយក្រុមអ្នកការពារព្រៃឈើនេះ»។ 

រូបតំណាង

គាត់បានបន្តថា «ការធ្វើនោះគឺជាចំណុចដ៏សំខាន់មួយ ដែលខ្ញុំនិយាយដូចនេះ គឺដោយសារតែតាំងពីដើមមកក្រុមអ្នកការពារព្រៃឈើមិនបានទទួលជំនួយពីរដ្ឋាភិបាលនោះទេ»។

ប្រទេសដែលធំជាងគេនៅក្នុងទ្វីបអាមេរិកខាងត្បូងនេះ គឺកំពុងតែមានវិវាទដីធ្លីយ៉ាងគ្រោះថ្នាក់ជាច្រើន ដែលភាពតានតឹងទាំងនោះគឺភាគច្រើនកើតឡើងដោយក្រុមជនជាតិភាគតិច ដែលចង់ធ្វើការអភិរក្សដីធ្លី និងភាពចាំបាច់នៃការប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។ 

រូបតំណាង

ក្រុមការពារព្រៃឈើនេះគឺជាក្រុមជនជាតិភាគតិចដែលកំពុងរងការគំរាមកំហែងខ្លាំងបំផុត ដោយសារពួកគេត្រូវការព្រៃឈើជាចាំបាច់ ព្រោះពួកគេនឹងគ្មានកន្លែងណាទៅទៀតនោះទេ បើសិនជាព្រៃឈើទាំងនោះត្រូវបានគេកាប់បំផ្លាញ។

ពេលនេះក្រុមកងកម្លាំងប្រដាប់អាវុធកំពុងធ្វើការចល័តទៅកាន់ទីតាំងកាប់ព្រៃឈើទី២ ដែលក្រុមការពារបានរកឃើញហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមការពារព្រៃឈើនេះតែងតែរងគ្រោះពីការគំរាមសម្លាប់  និងការដុតផ្ទះសម្បែងជានិច្ច ដោយកាលពីឆ្នាំ២០១៦ មានអ្នកការពារ ៣នាក់ត្រូវបានសម្លាប់ដោយពួកកាប់ព្រៃឈើទៀតផង៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]