ភ្នំពេញ៖ សម្រាប់មនុស្សដែលជឿលើវិស័យវិទ្យាសាស្រ្តបច្ចុប្បន្ននេះអាចនឹងមិនជឿពីរឿងមន្តអាគម បាលីគាថារបស់ចាស់ៗជំនាន់ដើម ក៏ប៉ុន្តែនៅក្នុងជីវិតរស់នៅរបស់មនុស្សខ្មែរយើងនាសព្វថ្ងៃនេះ បានផ្សារភ្ជាប់ជាមួយនឹងរឿងអបិយជំនឿខាងផ្លូវងងឹតទាំងនេះយ៉ាងស្អិតរមួត។ 

មកដល់ខែនេះក៏ឈានចូលមកដល់រដូវវស្សាហើយ ដោយប្រជាកសិករទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងត្រៀមរៀបចំសាបព្រោះធ្វើស្រែចម្កាផងដែរទាន់រដូវភ្លៀងធ្លាក់។

តែពេលមានភ្លៀង មានខ្យល់ធ្លាក់ខ្លាំងៗ ប្រជាជនទាំងអស់ក៏មានការព្រួយបារម្ភដែរព្រោះពេលរដូវភ្លៀងធ្លាក់ចូលមកដល់បែបនេះ គឺតែងតែមានផ្លេកបន្ទោរ ផ្គរលាន់ និងរន្ទះបាញ់កាចសាហាវៗណាស់មកជាមួយ ជាក់ស្តែងវាបានបាញ់ដើមឈើ បាញ់សត្វ និងបាញ់មនុស្សឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងគ្រប់ពេលវេលា គួរឱ្យខ្លាចរអា។

រូបតំណាងភ្លៀងផ្គរ រន្ទះបាញ់

គ្រប់គ្នាសុទ្ធតែដឹងរួចមកហើយថា ផ្លេកបន្ទោរ គឺកើតឡើងដោយផ្ទាំងពពកដែលមានធាតុភ្លើងខុសគ្នារត់ទៅប៉ះទង្គិចគ្នា បង្កឱ្យមានការឆេះឡើងជាភ្លើងព្រាកៗ។ 

ចំណែកឯរន្ទះក៏ដូច្នោះដែរ គឺវាកើតឡើងដោយសារផ្ទាំងពពកដែលរត់ទៅរកគ្នាហើយបើផ្ទាំងពពកមានទំហំធំ បានសេចក្តីថាធាតុអគ្គិសនីមានតង់ស្យុងខ្លាំង កម្លាំងស្រូបរវាងភ្លើងឈ្មោល និងភ្លើងញីក៏ខ្លាំង ដូច្នេះចំនួនអេឡិចត្រុង ដែលរបូតខ្ទាតចេញពីផ្ទៃពពកជ្រែកកាត់អាកាសផ្ទុះសំឡេងញ័ររណ្តំធរណីនោះ ពេលមកប៉ះមនុស្ស ព្រៃឈើ និងផ្ទះសម្បែងនោះបង្កឱ្យមានគ្រោះថ្នាក់គួរឱ្យភ័យខ្លាច។

ម្យ៉ាងទៀតភ្លើងដែលចេញពីធាតុទាំងនោះ នឹងងាយស្រូបចូលប៉ះទៅនឹងលោហៈធាតុ ដែលនៅជិតវាបង្កគ្រោះថ្នាក់កាន់តែខ្លាំង។ ដូច្នេះហើយទើបពេលមានភ្លៀងធ្លាក់ម្តងៗគេហាមផ្តាច់មិនឱ្យនៅជិតឧបករណ៍ដែលធ្វើពីដែកមានជាតិឆក់នោះទេ ព្រោះអាចបណ្តាលឱ្យមានការស្រូបចូលគ្នាប៉ះពាល់ដល់អាយុជីវិតយើងបាន។

ជាក់ស្តែងដើមរដូវវស្សាឆ្នាំនេះគិតត្រឹមថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ កន្លងមក គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើឱ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ ចំនួន ៨០៦ ខ្នង និងមានរន្ទះបាញ់សាហាវបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ៣៣ នាក់គួរឱ្យរន្ធត់ ព្រមទាំងងាប់គោក្របីចំនួន៤០ក្បាលបន្ថែមទៀតផង។

រូបតំណាង មនុស្សស្លាប់ដោយសារន្ទះបាញ់

នេះគឺជារឿងមួយដែលគួរឱ្យព្រួយបារម្ភ និងមានភាពភ័យខ្លាចខ្លាំងមែនទែនសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទូទៅ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទស្រុកស្រែចម្ការ។ ដោយភ័យព្រួយពីរឿងសុវត្ថិភាពផ្ទាល់ខ្លួនហើយ នៅព្រួយបារម្ភពីរឿងសត្វចិញ្ចឹម និងរឿងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនថែមទៀតខ្លាចមានការខូចខាត និងបាត់បង់ទៅជាដើម។

ប៉ុន្តែបើនិយាយពីរឿងជំនឿវិញ គេក៏នៅតែជឿថាកាលណារន្ទះបាញ់មនុស្សនោះមានន័យថាអ្នកនោះចង្រៃ និងមានកម្មក្រាស់ជាប់ខ្លួន ទើបស្លាប់ដោយភ្លើងឆេះខ្លួនបែបនេះ។ ហើយជំនឿនេះ ខ្មែរយើងក៏មានជំនឿថាមានបាលីម្យ៉ាងសម្រាប់អាចការពារខ្លួនឱ្យចៀសផុតពីគ្រោះថ្នាក់បានដែរ បើតាមខាងផ្លូវងងឹត។

ជាក់ស្តែងទៅជួបជាមួយនឹងលោកតា ឆឺយ ដែលជាគ្រូម្នាក់ចេះដោះអំពើ គាត់ក៏បានប្រាប់ខ្មែរឡូតយើង ពីបាលីសម្រាប់ការពារខ្លួនពីរន្ទះបាញ់ដូច្នេះថា៖ 

«មានមន្តអាគមមួយដែលបានរៀនតៗគ្នានោះគឺ «សោហៈ មនោធ សោហៈ មនោធ សោហៈ មនោធ» សូត្រចំនួន ៣ ចប់ គឺមានជំនឿថា អាចការពារខ្លួនឱ្យរួចផុតពីគ្រោះថ្នាក់ដោយសារផ្គររន្ទះពេលភ្លៀងធ្លាក់ខ្លាំង»។  

លោកតា ឆឺយ

មិនតែប៉ុណ្ណោះលោកតា ក៏បាននិយាយរឿងមន្តអាគម ដែលគេនិយមហៅថា«អំពើ» នៅតែមានក្នុងសម័យបច្ចុប្បន្ននេះ មិនអាចប្រមាថមើលងាយបាននោះឡើយ។

លោកតាក៏បានប្រាប់អំពីអំពើដ៏កាចសាហាវដែលកើតពីផ្លូវងងឹត ដែលលោកតាធ្លាប់់បានជួប និងដឹងឮ ប្រាប់ដល់ក្រុមការងារខ្មែរឡូតយើងដូច្នេះថា៖

«ចំពោះអំពើខាងផ្លូវងងឹត នៅតែមានមហិទ្ធិរិទ្ធចំពោះមនុស្ស ព្រោះគេជឿ និងមើលឃើញផ្ទាល់ៗភ្នែកថា អាគមទាំងនោះពិតជាពិតនៅក្នុងសង្គមមនុស្សខ្មែរ និងនៅតែមានឥទ្ធិពលខ្លាំងក្លាអាចបង្កឱ្យមនុស្សឈឺចុកចាប់បានយ៉ាងពិតប្រាកដមែន»

លោកតាប្រាប់ទៀតថា គាត់ធ្លាប់មើលជំងឺគេឱ្យជាសះស្បើយអស់ជាច្រើននាក់មកហើយ ដោយសារតែត្រូវអំពើគេធ្វើដាក់នេះឯង។ «ក្នុងនោះអំពើមានជាច្រើនប្រភេទផ្សេងៗពីគ្នាដូចជា គ្រូមន្តអាគមខាងផ្លូវងងឹតគេអាចធ្វើឱ្យយើងមានជំងឺនៅក្នុងខ្លួនច្រើនប្រភេទខុសៗគ្នាដូចជា អាចកើតទៅជាពិសយ៉ាងសាហាវ ទៅជាឈឺចុកចាប់ក្នុងខ្លួន ឡើងដំបៅស្អុយរលួយរហូតដល់ស្លាប់ខ្លួនផងក៏មានដែរ ដោយនឹកស្មានមិនដល់នោះទេ»

រូបមនុស្សស្លាប់

រហូតគាត់ប្រាប់ថា មានអ្នកជំងឺខ្លះគ្រូពេទ្យលែងទទួលព្យាបាលហើយ ក៏គាត់នៅតែមើលជាសះស្បើយរួចផុតពីការស្លាប់ ដោយសារតែបាលីគាថា និងមន្តអាគមដែលបានរៀនបន្តៗគ្នាពីគ្រូបាអាចារ្យរបស់គាត់។

ហើយចំពោះរឿងនេះលោកតាក៏បានប្រាប់ថា «បើមិនជឿសូមកុំប្រមាថ ព្រោះពាក្យថាផ្លូវងងឹតគឺជារបស់ដែលមនុស្សទូទៅធម្មតា មិនអាចមើលឃើញបាននោះឡើយ។ វាទាមទារអ្នកដែលមានធម៌ មានសីល និងមានអាគមនៅក្នុងខ្លួនទើបអាចមើលឃើញជាក់ច្បាស់ និងអាចមានវិធីដោះអំពើអំព័ន្ធទាំងនេះចេញពីខ្លួនបាន»

ដូចពាក្យចាស់មួយឃ្លាដែលលោកបានពោលទុកថា៖ «អាគមផ្សំអាយុ»។ ជាក់ស្តែងអ្នកដែលធ្លាប់បានជួបពិតៗស្តែងៗដោយខ្លួនឯងប្រាកដជាបានដឹងឮច្បាស់ណាស់អំពីរឿងរ៉ាវនៃមន្តអាគមខាងផ្នែកផ្លូវងងឹតទាំងអស់នេះ៕  

រូបតំណាងមន្តអាគមនៃការធ្វើអំពើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]