ភ្នំពេញ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ - ជារៀងរាល់ឆ្នាំកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរ និងមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺអ្នករស់នៅទីក្រុងធំៗដូចជានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត។

ស្របពេលជាមួយគ្នានេះដែរ ក៏នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវការរចនានៃវិស័យអចលនទ្រព្យដូចជា ស្តង់ដារថ្មីនៃអគារពាណិជ្ជកម្ម អគារការិយាល័យ កន្លែងធ្វើការរួមគ្នា កន្លែងកម្សាន្ត ផ្សារទំនើប ផ្សារ ហាងកាហ្វេ និងអគារលំនៅដ្ឋាន។ល។

ប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ» នៃពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការជាមួយសមាគមស្ថាបត្យកម្មកម្ពុជា រៀបចំរួមគ្នាចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៦ នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្យ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

ការតាំងពិព័រណ៍រយៈពេល ៣ថ្ងៃ ដែលមានការចូលរួមពីក្រុមហ៊ុន Jotun ជាអ្នកឧបត្ថម្ភការតុបតែងលម្អពិព័រណ៍នៅឆ្នាំនេះ និងមានការចូលរួមពីក្រុមហ៊ុនជាង១៥០ ជាតិ និងអន្តរជាតិមកពីទូទាំងពិភពលោកចូលរួមជាមួយនឹងទំហំទីតាំងពិព័រណ៍ជិត 4000 ម៉ែត្រការ៉េ ដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួមមកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលជាម្ចាស់ផ្ទះ និងសាស្រ្តាចារ្យជំនាញក្នុងវិស័យនេះផងដែរ។

ខណៈដែលអ្នកតាំងពិព័រណ៍អាចមានឱកាសក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួម។ លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖

«យើងទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះពិព័រណ៍លើកទី១ និងទី២កន្លងរួចមកហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនៅក្នុងឧស្សាហកម្មនេះ ក៏ដូចជាក្រសួង និងស្ថាប័ននានារបស់រដ្ឋជាពិសេសក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់» ។
លោក Chinakit Viphavakit

លោកបានថ្លែងបន្តថា៖

«ឆ្នាំនេះគឺជាការរៀបចំពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូននូវឱកាសជាច្រើនសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រ។ យើងចង់ជម្រុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេក្នុងរបៀបរៀបចំលម្អនៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង។»
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

ជាការពិតណាស់តួនាទីនៃការរចនាគុណភាពនៃការតុបតែង និងស្ថាបត្យកម្មមិនត្រូវបានកាត់ផ្តាច់ចេញពីការរីកចម្រើននៃវិស័យសំណង់នោះឡើយ ព្រោះវាធ្វើឱ្យអាគារមានភាពទាក់ទាញ និងមានផាសុកភាព និងមានផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា វិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងពេលជាមួយគ្នានេះដែរមានតម្រូវការនៃទំនើបកម្ម និងការតុបតែងលម្អអគារ និងគេហដ្ឋានក៏ជារឿងចាំបាច់ផងដែរ។

ឯកឧត្តម ភឿង សុភ័ណ្ឌ

ឯកឧត្តម ភឿង សុភ័ណ្ឌ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ឆ្នាំនេះ នឹងក្លាយជាភស្តុតាងដើម្បីបង្ហាញថាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបានធ្វើការទាក់ទាញវិនិយោគិនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងដើរតួជាវេទិកាមួយដោយនាំមកនូវគំនិតថ្មី‌ ផលិតផលថ្មី‍ៗ និងគំរូនៃការតុបតែងអគារ និងផ្ទះល្អៗដល់ប្រទេស និងប្រជាជនរបស់ យើងខណៈដែលរបៀបរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

ជាមួយនឹងភាពជោគជ័យដ៏ធំធេងក្នុងការតាំងពិព័រណ៍ពីរលើកកន្លងមកនេះ ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់នូវវេទិកាតែមួយគត់សម្រាប់អ្នកចូលរួមទាំងអស់មានជំនួបដោយផ្ទាល់ជាមួយវាគ្មិនសំខាន់ៗ និងអ្នកតាំងពិព័រណ៍នៅក្នុងពិធីអាហារពេលល្ងាចឆ្នាំ ២០១៨ នៅសាលពិពរ័ណ៍ និងសន្ឋិបាតកោះពេជ្រ។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៧ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវចូលរួមចំនួន ៤,៣០៩ នាក់ ដោយមានកើនឡើងជាង ២៣ភាគរយ ធៀបទៅនឹងឆ្នាំ២០១៦។

និន្នាការនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា

ចំនួនប្រជាជនរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននឹងមានចំនួនប្រជាជនកើនឡើងពី ៤ ទៅ ៧ លាននាក់ដែលជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានថ្មីប្រមាណជា ៨០០,០០០ ផ្ទះបន្ថែមទៅលើចំនួនលំនៅស្ថានបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ពី MLMUPC ។

របាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំ២០១៧ វិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងគម្រោងអនុម័តចំនួន ៣,៤១៨ គម្រោង ហើយវិស័យសំណង់បានកើនឡើង ២២% ពីមួយឆ្នាំទៅមួយឆ្នាំ (មានទឹកប្រាក់រហូតដល់ទៅ ៦.៨ ពាន់លានដុល្លារ) ក្នុងនោះ ៨២% ជាគម្រោងលំនៅដ្ឋាន។

ជាមួយគ្នានេះដែរ កាលឆ្នាំ ២០១៧ ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្រូវការ សម្រាប់អគារការិយាល័យដែលមានគុណភាពល្អទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។ ការណ៍នេះបានធ្វើឱ្យប្រភេទអគារការិយាល័យប្រភេទ B ធ្លាក់ចុះប្រហែល ១០ ភាគរយ។ ស្របពេលជាមួយគ្នាដែរ នៅដំណាច់ត្រីមាសទី ៤ ឆ្នាំ ២០១៧ ផ្ទៃដីសម្រាប់ជួលដើម្បីធ្វើការលក់រាយប្រហែល ៣០០,០០០ ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ឬគ្រោងនឹងបញ្ចប់បានកើនឡើងទ្វេដងសម្រាប់តម្រូវការផ្គត់ផ្គង់លក់រាយនាពេល២៤ខែខាងមុខ។

លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំកន្លងមកដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជាឧស្សាហកម្មឈានមុខគេមួយ។

លោក ស៊ិន សុជាតិ បានមានប្រសាសន៍បន្ថែមទៀតថា៖

«ស្របពេលជាមួយគ្នានោះដែរ សេដ្ឋកិច្ចរបស់យើងកំពុងរីកចម្រើនដោយយើងឃើញមានការសាង់សង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងអគារលំនៅដ្ឋានកំពុងមានការរីកចំរើននៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានាក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះមានប្រជាជនថ្នាក់កណ្តាលកំពុងមានការកើនឡើង ហើយរបៀបនៃរស់នៅរបស់ពួកគេក៏កំពុងផ្លាស់ប្តូរទាំងការងារ និងបរិស្ថានផ្ទាល់ខ្លួនផងដែរ»។
លោក ស៊ិន សុជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្ដរជាតិ ក៏ដូចជារដ្ឋាភិបាលបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់ ៧ ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ហើយវិស័យសំណង់គឺជាផ្នែកមួយដ៏សំខាន់ដែលគាំទ្រដល់កំណើនខ្ពស់បែបនេះ៕​

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]