រាជធានីភ្នំពេញ ៖ នារី​ម្នាក់​តូចចិត្ដ​នឹង​គូ​ដណ្ដឹង​ដែល​ភ្ជាប់ពាក្យ​បាន​មួយ​ឆ្នាំ​ហើយ​នៅ​តែ​មិន​យល់ចិត្ដ​គ្នា​ទៀត បានឡើង​ទៅ​អង្គុយ​​​កើត​​ទុក្ខនៅ​លើដំបូល​ផ្ទះ​ជាន់​ទី​មួយ​​លោត​​ចុះ​មក​ក្រោម​ប៉ង​សម្លាប់​ខ្លួន​។ ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១​២ ជិត​ឈាន​ចូល​ថ្ងៃ​ទី​១៣ មីនា នៅ​ជិត​ផ្សារ​សំណង់​១២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក ។

នារី​​គិតខ្លី​សម្រេច​ចិត្ត​​លោត​ពីលើ​ផ្ទះ​ដើម្បី​បញ្ចប់ជីវិត​​តែ​មិន​បាន​សម្រេច​​ឈ្មោះ​សៀង អាយុ​១៩​ឆ្នាំ ជា​ជាង​កាត់​សម្លៀក​​បំពាក់ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មាន​ស្រុក​​កំណើត​នៅ​ភូមិ​អង្គរ​ជ័យ ឃុំ​​មហា​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្ដកំពង់​ចាម បានឱ្យ​ដឹង​ថា ​នាង​មាន​​គូ​ដណ្ដឹង​ឈ្មោះ​ស្រស់ អាយុ​២៤​ឆ្នាំ ជា​​ជាង​កាត់ដេរ​សម្លៀក​​បំពាក់​​ដែរ នៅ​​ម្តុំ​ឃ្លាំង​រំសេវ​មាន ស្រុក​កំណើត​​​ជាមួយ​គ្នា បាន​ភ្ជាប់​ពាក្យ​​នឹង​គ្នា​​មួយ​ឆ្នាំ​មក​ហើយ។ ​ស្ត្រី​រង​គ្រោះ​​បន្ដ​ទៀត​ថា មូល​ហេតុ​​ដែល​​​នាង​ពិបាកចិត្ដ​និង​តូចចិត្ដ​ក្នុង​ជីវិត​បែប​នេះ ដោយសារ​តែ​នាង​និង​គូ​ដណ្ដឹង​ហាក់​មិន​សូវ​ចុះសម្រុង​នឹង​គ្នា​សោះ។ ដោយ​ពិបាកចិត្ដ​ពេក​​ក៏សម្រាក​ពី​ការងារ​ពីរ​​ថ្ងៃ ​ហើយ​ទៅ​លេងផ្ទះ​មេជាង​នៅ​ជិត​ផ្សារ​សំណង់​១២។ នៅ​​យប់​កើត​ហេតុ​ខ្លួន​​បាន​ទៅ​អង្គុយ​​និយាយ​គ្នា​លេង​ជាមួយ​កូន​ជាង​រៀន​ដេរ​ជាមួយ​គ្នា​នៅ​លើដំបូល​ផ្ទះ​ជាន់​ទី​មួយ​។ ​ការ​ជជែក​​លេង​នោះ​ពុំ​បាន​​ធ្វើ​ឱ្យ​អារម្មណ៍​​​​​​​​​​​​​​​​នាង​ស្បើយ​ទេ ខណៈ​នោះ​នាង​​​​​​​​​​​​ក​៏​ដើរ​ផ្លោះ​ទៅ​លើដំបូល​ផ្ទះ​នៅ​ជាប់​គ្នា​នោះ​ហើយ​​លោត​​ទម្លាក់​​​ខ្លួន​​ទៅ​ក្រោម​ឮ​សូរ​ក្ដុក​ សន្លប់​ស្ដូក​ ត្រូវ​មិត្ដភក្តិ​រត់​ចុះ​ទៅ​មើលឃើញ​នៅ​មាន​ដង្ហើម​ក៏​ប្រញាប់ប្រញាល់​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

ខណៈ​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​បានដឹង​ខ្លួន​ឡើង​​វិញ ប៉ុន្ដែ​មួយ​កំណាត់​ត្រឹម​ចង្កេះ​ចុះ​ក្រោម​កម្រើក​​មិន​រួច បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]