ជាការពិតណាស់ ប្រទេសកម្ពុជា ត្រូវបានកកើតឡើងតាំងតែពីយូរលង់ណាស់មក។ ហើយជាមួយគ្នានេះ នៅក្នុងប្រទេសមួយនេះ ក៏មានប្រជាជនរស់នៅ ដោយមានការលាយគ្នា ជាមួយបណ្តាជនជាតិផ្សេងៗទៀតមួយចំនួនធំ ដូចជាជនជាតិព្នង ជនជាតិកួយ ជាដើម។

ហេតុដូច្នោះហើយ នៅក្នុងថ្ងៃនេះ ក្រុមការងារខាងខ្មែរឡូត ក៏សូមធ្វើការបង្ហាញជូន ពីទំនៀមទម្លាប់ប្រពៃណីបុរាណមួយចំនួន និងស្ថានភាពរស់នៅរបស់ជនជាតិកួយ នាពេលសព្វថ្ងៃនេះ ក្នុងទឹកដី ស្រុកសម្បូរណ៍ ខេត្តក្រចេះ ផងដែរ។ ថាតើពួកគេមានការរស់នៅ និងទំនៀមទម្លាប់វប្បធម៌យ៉ាងដូចម្តេចខ្លះដែរ នាពេលបច្ចុប្បន្ននេះ? 

ដោយយោងទៅតាមប្រសាសន៍របស់លោកតា ចាន់ ពៅ ដែលជាអតីតប្រធានភូមិ នៅឃុំបឹងចារ ភូមិតំរែ ស្រុកសម្បូរណ៍ ខេត្តក្រចេះ បានលើកឡើងថា នៅក្នុងស្រុកភូមិ របស់លោកតា សម្បូរទៅដល់ជនជាតិភាគតិចកួយជាច្រើនគ្រួសារ ប្រមាណជាង៦០០គ្រួសារ ដោយបានមកនៅទីនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីសម័យខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ននេះ។ 

លោកតា ចាន់ ពៅ

ក្នុងនោះផងដែរ នាពេលសព្វថ្ងៃនេះ ជនជាតិកួយនៅទីនេះ ក៏នៅតែថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្លួន បានយ៉ាងល្អប្រសើរ ផងដែរ។ ជាក់ស្តែង ដូចជាប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបមង្គលការរបស់ជនជាតិកួយ ក៏ត្រូវបានធ្វើឡើងយ៉ាងតិចណាស់ ក៏មានរយៈពេលជាង២ ថ្ងៃដែរ ហើយជាមួយគ្នានេះ ពិធីរៀបមង្គលការរបស់ពួកគេ ក៏តម្រូវការឲ្យមានទា ១ គូ (ញី ឈ្មោល) និងក្របី ១ក្បាល សម្រាប់ថ្ងៃពិសេសនោះ ផងដែរ។ ហើយមានពេលខ្លះ ពួកគេក៏អាចនិងប្រើប្រាស់ អណ្តើក ១ក្បាល និងមាន់ ៣០ក្បាល ដែលនៅរស់រានមានជីវិតទាំងគូ ដើម្បីជាការចូលរួមនៅក្នុងកម្មវិធីមង្គលការ នោះថែមទៀតផង។ 

លោកតា ចាន់ ពៅ

តួយ៉ាង សម្រាប់ថ្ងៃនោះ ក្របី ១ក្បាលនេះ ក៏ត្រូវបានតំណាងឲ្យភាពត្រជាក់ត្រជុំ សម្រាប់ក្រុមគ្រួសារគូស្វាមីភរិយាថ្មី នាពេលថ្ងៃរៀបការ។ ហើយក្នុងថ្ងៃនោះ ក្របីនេះ ក៏ជាឧបករណ៍តំណាងមួយ សម្រាប់ធ្វើឲ្យលោកមេបាខាងកូនប្រុស អាចមានសិទ្ធិឡើងលើផ្ទះរបស់ក្រុមគ្រួសារខាងកូនស្រីបាន អំឡុងពេលមុនកាត់ខាន់ស្លា នៅលើផ្ទះខាងកូនស្រី ផងដែរ។ 

ស្របពេលជាមួយគ្នានេះដែរ នាពេលដើរទៅដល់ក្របី ១ ក្បាលនោះ ដែលត្រូវបានគេចងទុកខាងមុខ ក្បែរជណ្តើរផ្ទះ ភ្លាមៗនោះ លោកមេបាទាំងពីរ ត្រូវតែឡើងជិះទៅលើខ្នងក្របីនោះបន្តិចសិន មុនពេលឲ្យឡើងទៅលើផ្ទះថ្មី របស់ក្រុមគ្រួសារខាងកូនស្រី។ ព្រោះថា ការដែលលោកមេបាខាងប្រុស មិនបានប្រារព្ធធ្វើពិធីជិះទៅលើខ្នងក្របី តាមរបៀបខាងលើនេះ នោះទេ វាក៏អាចបណ្តាលឲ្យគូស្វាមីភរិយាថ្មី រស់នៅមិនមានសេចក្តីសុខសុភមង្គលជាមួយគ្នា ឬក៏អាចត្រូវបានមេបាពីជំនាន់មុន កាច់ ធ្វើឲ្យពួកគេជួបតែសេចក្តីទុក្ខលំបាកជាប្រចាំ ក្រោយពេលរៀបការហើយ។ 

ទិដ្ឋភាពនៃការបន់ស្រន់

ដោយឡែក ចំពោះទា ១គូ ខាងលើនេះវិញ វាក៏ត្រូវបានជនជាតិកួយ តំណាងឲ្យជា សាក្សី សម្រាប់គូស្វាមីភរិយាថ្មី ក្នុងពេលបំពាក់ចិញ្ចៀនប្រចាំជីវិតឲ្យគ្នាទៅវិញទៅមកដែរ។ ព្រោះថា គេបានទុកចិញ្ចៀនមួយគូរបស់គូស្វាមីភរិយាថ្មី ទាំងពីរនាក់ នៅជាប់ទៅនឹងក របស់ទាទាំងពីរ ដែលកំពុងតែមានជីវិតរស់នៅ ដោយក្រោយពេលឆ្លងកាត់ការពិនិត្យមើលរបស់លោកមេបាខាងកូនស្រី រួចហើយ ទើបពួកគេអាចមានសិទិ្ធ ចាប់ផ្តើមបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកបាន។ បន្ទាប់ពីពេលធ្វើបែបនេះរួចហើយ ពួកគេក៏អាចចាប់ផ្តើមប្រារព្ធពិធីផ្សេងៗទៀតបន្ត ទៅតាមប្រពៃណីស្រដៀងនឹងខ្មែររបស់យើង តទៅទៀតបាន។

លើសពីនេះទៅទៀត នៅទីតាំងភូមិតំរែ នាពេលសព្វថ្ងៃនេះ ប្រជាជនភាគតិចកួយ ខាងលើ ក៏នៅតែថែរក្សាការពារគោរពទៅលើបារមីអស្ចារ្យរបស់លោកតា កង្កែប ផងដែរ ព្រោះថា លោកតា គឺមិនត្រឹមតែជាលោកតាដែលមានបារមីខ្លាំងពូកែនោះទេ ប៉ុន្តែលោកតា ក៏ជាលោកតាមួយរូប ក្នុងចំណោមលោកតាជាច្រើនរូបផ្សេងទៀត ដែលនៅចាំចូលរួមថែរក្សាការពារទឹកដីបុរាណរបស់ជនជាតិកួយ តាំងតែពីយូរណាស់មកហើយ។  

ទិដ្ឋភាពនៃការបន់ស្រន់ទៅកាន់អ្នកតាម្ចាស់ទឹកម្ចាស់ដី

ដូចគ្នានេះដែរ លោកតាកង្កែប ក៏រមែងតែងតែបង្ហាញពីបារមីរបស់លោក ទៅលើហ្វូងមនុស្ស ឬមហាជនណាមួយ ដែលមិនបានគោរពកោតខ្លាចរូបលោក បើទោះបីជាបានដើរកាត់ ទីតាំងរូបសំណាក់តម្តល់របស់លោកតា ក៏ដោយ។ ហេតុដូច្នោះហើយ គ្រប់អ្នកធ្វើដំណើរទាំងអស់ ដែលបានដើរឆ្លងកាត់ទីតាំងរូបសំណាក់របស់លោក គឺចាំបាច់ណាស់ ត្រូវតែធ្វើការធ្វើការគោរព និងបួងសួងទៅកាន់បារមីរបស់លោក ឲ្យចូលរួមថែរក្សាការពារអាយុជីវិត និងសុខភាពរបស់ពួកគេ ជានិច្ច។

ក្រៅតែពីរឿងរ៉ាវប្រពៃណីទំនៀមទម្លាប់បុរាណរបស់ជនជាតិកួយខាងលើនេះហើយ ចំពោះការរស់នៅ និងប្រកបមុខរបររបស់ជនជាតិភាគតិចកួយមួយក្រុមនេះវិញ ក៏មានការរស់នៅដែលធ្វើការពឹងពាក់អាស្រ័យជាខ្លាំង ទៅលើទឹកទន្លេមេគង្គ ដែលបានហូរមកពីប្រទេសចិន តាមរយៈការធ្វើការនេសាទត្រី និងការធ្វើស្រែចម្ការ ក្នុងការចិញ្ចឹមជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ជាប្រចាំថ្ងៃ។ តែយ៉ាងណាមិញ ជនជាតិកួយនេះ ក៏មានការប្រកបមុខរបរមួយផ្សេងទៀត ជាអ្នកស្វែងរករុក្ខជាតិ និងវល្លិ៍តូចធំ ក្នុងព្រៃ ដែលពួកគេបានរស់នៅក្បែរៗនោះ ផងដែរ។  

ទិដ្ឋភាពនៃការរស់នៅរបស់ជនជាតិកួយ

ជាចុងក្រោយ នាពេលបច្ចុប្បន្ននេះ ថ្វីបើ ជនជាតិកួយមួយក្រុមនេះ មានវត្តមានមិនសូវច្រើន នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជនជាតិភាគតិចមួយក្រុម ក៏បានចងដៃជើងគ្នា យ៉ាងរឹងមាំ ក្នុងការថែរក្សាវប្បធម៌ ព្រមទាំងអត្តសញ្ញាណ របស់ខ្លួនជាប់ជានិច្ច ដោយមិនឲ្យមានការបាត់បង់អ្វីបន្តិច នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]