ខេត្តស្វាយរៀង ៖ រថយន្តដឹកបន្លែពីផ្សារនាគមាសយកមកបោះឱ្យម៉ូយនៅក្នុងខេត្តស្វាយរៀងបានបោះពួយយ៉ាងលឿន ក៏រេចង្កូចជ្រុលបុករថយន្តសាំយ៉ុងចំពីមុខផ្នែកចំហៀងខាងឆ្វេង បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងភូមិស្វាត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកបន្លែមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-៤៥៨៤ មានមនុស្សជិះ៣នាក់ ធ្វើដំណើរពីលិចមកកើត ហើយអ្នកបើកបរទំនងជាងងុយដេកផងនោះ លុះមកបើកបរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូត មកខាងស្តាំដៃ ហើយទំនងជាអ្នកបើកបរដឹងខ្លួនវិញ ក៏ខំបួងចង្កូតមកឆ្វេងវិញ រួចជ្រុលទៅបុករថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២R-៨៥១៩ ដែលមានមនុស្សជិះលើរថយន្តជិត២០នាក់ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលដៅទៅខេត្តតាកែវ បានបុកចំពីមុខផ្នែកចំហៀងខាងឆ្វេង បណ្តាលឱ្យអ្នកបើកបររថយន្តសាំយ៉ុងរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តដឹកបន្លែបានរងរបួសបាក់ជើងដែលកៀបទៅនឹងរថយន្តនោះ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកបើកបរទាំង២នាក់ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]