ក្រុងGoodwood ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2018

លោក Torsten Müller-Ötvös នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce៖

“របៀបរបបរស់នៅបែបទំនើបប្រណីតចេះតែវិវឌ្ឍឥតឈប់ឈរ ហើយរថយន្ត Rolls-Royce នៅតែនាំមុខគេខាងវិស័យនេះ។ ភាពប្រណីតគឺលែងជាទស្សនទានសម្រាប់ត្រឹមតែអ្នកទីក្រុងទៀតហើយ។ ទស្សនាទាននៃភាពប្រណីតកាន់តែផ្ដោតច្រើនឡើងៗទៅលើការស្គាល់ពិភពលោកកាន់តែទូលំទូលាយជាងមុន។ អតិថិជនរបស់យើងទន្ទឹងចង់ធ្វើដំណើរទៅគ្រប់ទិសទី ជាមួយនឹងរថយន្តប្រណីត បើកបរដ៏រលូន និងមិនមានចំណុចខ្វះខាតឡើយ ដោយជំនះលើផ្ទៃផ្លូវដ៏លំបាកបំផុត ដើម្បីទទួលបានបទពិសោធន៍សម្បូរបែបបំផុតក្នុងជីវិត មិនថាពួកគេទៅដល់ទីណានោះទេ។ ដោយហេតុនេះហើយ បានជាអតិថិជនរបស់យើងចង់ឲ្យយើងបង្កើតរថយន្ត Rolls-Royce មួយដែលផ្ដល់នូវភាពប្រណីតឥតខ្ចោះ ដែលអាចជូនដំណើរម្ចាស់របស់ខ្លួនទៅគ្រប់ទីកន្លែង។ រថយន្តនោះមានឈ្មោះថា Cullinan ជារថយន្តដែលផ្តល់ជូននូវការបើកបរដ៏រលូន ទៅកាន់គ្រប់ទីកន្លែង។ Cullinan ជារថយន្តដែលពុំមានគូប្រៀប ហើយបានអភិវឌ្ឍបារ៉ាម៉ែត្រថ្មីនៃយានយន្តធ្វើដំណើរកំពូលប្រណីត ដែលបានបំប្លែងទស្សនៈរបស់រថយន្ត Rolls-Royce ស្ដីពីការបើកបរយ៉ាងរលូន ទៅជាសមត្ថភាពជាក់ស្ដែង និងទៅគ្រប់ទីកន្លែងក្នុងពិភពលោក។ រថយន្ត Cullinan នេះនឹងធ្វើដំណើរទៅកាន់គ្រប់ទិសទីក្នុងពិភពលោក”។
រថយន្ត Rolls-Royce Cullinan

លោក Peter Schwarzenbauer ប្រធានក្រុមហ៊ុន Rolls-Royce និងជាសមាជិកក្រុមប្រឹក្សានាយកនៃសម្ព័ន្ធក្រុមហ៊ុន BMW Group៖

“ការសម្ពោធរថយន្ត Rolls-Royce ម៉ូដែលថ្មី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មទំនិញប្រណីត ។ នៅថ្ងៃនេះ យើងបានបង្កើតនូវបទដ្ឋានថ្មី តាមរយៈការបង្កើតនូវរថយន្តលំដាប់ថ្មីមួយទៀតសម្រាប់អតិថិជនរបស់យើង ដែលធ្វើដំណើរច្រើន មានបណ្ដាញច្រើន និងមានទស្សនទានជាសកល។ ពួកគេចង់បានរថយន្តប្រភេទថ្មី ដែលអាចជូនដំណើរពួកគេទៅកាន់គ្រប់ទីកន្លែងដោយគ្មានដែនកំណត់ ជាមួយនឹងភាពប្រណីតចុងក្រោយបំផុត។ ចំណូលចិត្តធ្វើដំណើរផ្សងព្រេង និងភាពក្លាហានរបស់ពួកគេ ទាមទារឲ្យមាន រថយន្តដែល “ធ្វើដំណើរទៅគ្រប់ទីកន្លែង ប្រកបដោយភាពប្រណីតចុងក្រោយ” និងនាំពួកគេទៅដល់ចំណុចកំពូលក្នុងជីវិត រថយន្តនោះគឺឈ្មោះ Cullinan”។

លោក Giles Taylor នាយកផ្នែករចនាម៉ូត នៃក្រុមហ៊ុនរថយន្ត Rolls-Royce

“ចាប់តាំងពីដំបូងមក ក្រុមរចនាម៉ូតបានចាត់ទុករថយន្តRolls-Royce ម៉ូដែលថ្មីស្រឡាងនេះជារថយន្តពិសេសពីគេ និងមានតួខ្ពស់។ ដោយគិតគូរដល់ការរំពឹងទុករបស់អតិថិជនទូទាំងពិភពលោក គោលបំណងរបស់យើងគឺមានពីរ គឺសម្រេចឲ្យបាននូវសមត្ថភាព ជាក់ស្ដែងដ៏មហស្ចារ្យរបស់រថយន្ត Cullinan និងបង្កើតបទដ្ឋានសម្រាប់វិស័យយានយន្តនេះសម្រាប់ភាពប្រណីត និងភាពស្រស់ឆើតឆាយ។ យើងដឹងហើយថា អតិថិជនទំនិញប្រណីតជាច្រើនចូលចិត្តកីឡា ឬសកម្មភាពកម្សាន្តផ្សេងៗ ដែលតម្រូវឲ្យមានរថយន្តដែលអាចធ្វើដំណើរបានទៅគ្រប់ទិសទី ។ ដូច្នេះ ការរចនារបស់រថយន្ត Cullinan ត្រូវសម្រេចឲ្យបាននូវអត្ថន័យនៃពាក្យថា ” ការបើកបរដ៏រលូន” ។ “ពាក្យថារថយន្ត SUV បច្ចុប្បន្នសំដៅលើរថយន្តដែលមានពីរផ្នែក សម្រាប់បើកបរលើដងផ្លូវធម្មតា ។ ប៉ុន្តែ យើងបានស្រមៃឃើញរថយន្តតួខ្ពស់មានបីបំណែក ដែលអាចធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវពិតៗ ជាមួយនឹងការរចនាប្លែកគេ ក៏ដូចជាសមត្ថភាពពេញលេញ ដែលអាចបំពេញតាមតម្រូវការផ្នែកដំណើរផ្សងព្រេងរបស់អតិថិជន”។
រថយន្ត Rolls-Royce Cullinan

ព័ត៌មានសង្ខេបអំពីរថយន្ត Cullinan

• ជារថយន្តដែលមានការទន្ទឹងរង់ចាំចង់ឃើញជាទីបំផុតក្នុងឆ្នាំ 2018 ហើយប្រហែលជារថយន្ត Rolls-Royce ដែលគេទន្ទឹងរង់ចាំចង់ឃើញខ្លាំងជាងគេបំផុត

• ដាក់ឈ្មោះតាមគ្រាប់ពេជ្រធំបំផុត ដែលបច្ចុប្បន្ននេះស្ថិតនៅលើគ្រឿងអលង្កាមកុដរាជចក្រភពអង់គ្លេស

• ជារថយន្តតួខ្ពស់ប្រើសម្រាប់គ្រប់ស្ថានភាពផ្លូវ ដែលអភិវឌ្ឍគំនិតនៃការចង់ធ្វើដំណើរបែបប្រណីតពិតៗលើដងផ្លូវពិបាក ឲ្យចេញជារឿងពិតជាក់ស្ដែងជាលើកដំបូង។ នៅពេលនេះ ការធ្វើដំណើរបែបប្រណីត គឺជាការបើកបរដ៏រលូន ទៅកាន់គ្រប់ទីកន្លែង

• ការចនាបែបទាន់សម័យ ធានាថារថយន្ត Cullinan ទទួលបានឋានៈជារថយន្តនិមិត្តរូប នៅចំពោះមុខការរចនាសាំៗដដែលៗរបស់រថយន្ត SUV នាពេលបច្ចុប្បន្ន

• ជារថយន្ត "បីបំណែក” ដំបូងគេនៅក្នុងវិស័យរថយន្ត SUV។ ការខណ្ឌចែកនៃរថយន្ត Cullinan នឹងបង្កើតឲ្យមានបរិយាកាសប្លែកសម្រាប់អ្នកជិះ ដែលខណ្ឌចែកដាច់ពីផ្នែកដាក់អីវ៉ាន់

• ជារថយន្ត Rolls-Royce ដែលអាចប្រើប្រាស់គ្រប់កាលៈទេសៈបំផុត។ រថយន្ត Cullinan គឺជារថយន្ត SUV កំពូលប្រណីតដែលអាចប្រើប្រាស់បានគ្រប់ស្ថានការណ៍ សម្រាប់ជិះលក្ខណៈគ្រួសារ សម្រាប់ការជិះកម្សាន្ត

• Cullinan ជារថយន្ត Rolls-Royce ម៉ូដែលទីពីរហើយ ដែលប្រើប្រាស់ បច្ចេកវិទ្យា “ស្ថាបត្យកម្មប្រណីត" អាលុយមីញ៉ូមទាំងស្រុង ហើយជារថយន្ត SUV ដែលមានបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោក និងបង្កើតឡើងក្នុងគោលបំណងជាក់លាក់

• Cullinan បានឆ្លងកាត់ការសាកល្បងបើកកម្ទេចចោលនៅទូទាំងពិភពលោក ហើយជារថយន្តមានសមត្ថភាពមិនគួរឲ្យជឿ ដោយមានការអភិវឌ្ឍន៍នូវទស្សនទាន "ជិះលើកម្រាលព្រំទិព្វ" សម្រាប់ទទួលបានការរីករាយក្នុងការជិះលើផ្លូវពិបាក ដោយអនុលោមតាមលក្ខណៈសម្បត្តិគ្រប់យ៉ាងរបស់រថយន្ត Rolls-Royce ដែលបើកលើផ្លូវធម្មតា

• Cullinan បំពាក់នូវគ្រឿងបែប Bespoke ដែលត្រូវបានបង្កើតឡើងសម្រាប់របៀបរបបរស់នៅផ្សេងៗគ្នារបស់ម្ចាស់រថយន្ត រាប់បញ្ចូលទាំងកន្លែងអង្គុយទស្សនាទេសភាព (Viewing Suite) និងសកម្មភាពកម្សាន្ត (Recreation Module)

• ម៉ាស៊ីនរថយន្ត Rolls-Royce V12 ទែរបូភ្លោះចំណុះ 6.75 លីត្រ បង្កើតបាននូវកម្លាំង 563bhp/420kW និង 850Nm/627lb ft នៃរង្វិលជុំម៉ាស៊ីន (torque) សម្រាប់ប្រព័ន្ធបង្វិលកង់ទាំងបួន (AWD) និងប្រព័ន្ធចង្កូតកង់ទាំងបួនដែលបង្កើតឡើងថ្មី ដែលទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីជំនះលើឧបសគ្គគ្រប់បែបយ៉ាង

• ប្រវត្តិរយៈពេលមួយសតវត្សនៃដំណើរផ្សងព្រេង គួបផ្សំនិងយុទ្ធនាការដែលបានអនុវត្តយ៉ាងជោគជ័យនៅលើគ្រប់ផ្ទៃផ្លូវទាំងអស់ ដោយសារតែភាពប្រណីតដែលផ្តល់ដោយរថយន្តដ៏រឹងមាំដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តបាននេះ។ លោក T.E. Lawrence៖ “រថយន្ត Rolls-Royce នៅក្នុងសមុទ្រខ្សាច់គឺមានតម្លៃលើសពីគ្រាប់ត្បូងទៅទៀត”។

រថយន្ត Rolls-Royce Cullinan

តើរថយន្ត Cullinan ជាអ្វី?

រថយន្ត Rolls-Royce Cullinan គឺជា រថយន្ត Rolls-Royce ដែលគេពុំធ្លាប់ឃើញពីមុនមកឡើយ។ នៅពេលដែលលោក Sir Henry Royce ថ្លែងថា៖ “ព្យាយាមបង្កើតភាពឥតខ្ចោះរាល់អ្វីៗដែលអ្នកធ្វើ។ យកអ្វីល្អបំផុតដែលមានស្រាប់ ហើយធ្វើឲ្យកាន់តែប្រសើរជាងមុន។ ប្រសិនបើមិនទាន់មានទេ ចូរបង្កើតវាឡើង” លោកប្រហែលជាចង់បង្កើតរថយន្ត Cullinan នៅក្នុងចិត្តទៅហើយ។

លោក Müller-Ötvös បានថ្លែងថា៖ 

“យើងបានដឹងថា យើងត្រូវផ្ដល់ដល់អតិថិជនរបស់យើងនូវអ្វីដែលពួកគេមិនអាចរកបាននៅក្នុងទីផ្សាររថយន្ត SUV នាពេលបច្ចុប្បន្ន។ ពួកគេមិនទទួលយកអ្វីដែលមានដែនកំណត់ ឬអ្វីដែលជាការធ្វើលំៗនោះទេ នៅក្នុងជីវិតរបស់ខ្លួន។ ពួកគេជាអ្នករុករកថ្មី ហើយសម្រាប់ពួកគេទាំងអស់នោះ អ្វីៗគឺសម្រាប់ការផ្សងព្រេង និងភាពក្លាហាននៅក្នុងជីវិតរបស់ខ្លួន។ ជីវិតបែបនេះ ទាមទារឲ្យមានរថយន្ត ដែលអាចធ្វើដំណើរបានទៅគ្រប់ទិសទី ប្រកបដោយភាពប្រណីត និងភាពទាក់ទាញដាច់ខាត ពោលគឺតាមបែបបទរបស់ Rolls-Royce។ ដូច្នេះ រថយន្តនោះឈ្មោះថា Cullinan”។

ច្បាស់ណាស់ថា អតិថិជនជាបុគ្គលវ័យក្មេង និងចូលចិត្តផ្សងព្រេងទាំងនេះ ចង់បានរថយន្ត Rolls-Royce ណាដែលអាចនាំពួកគេធ្វើដំណើរលើដងផ្លូវដែលគេពុំធ្លាប់ប្រើ ហើយដែលនឹងជួយផ្ដល់បទពិសោធន៍សម្បូរបែបដល់ជីវិតរបស់ពួកគេ។ អ្វីដែលពួកគេពុំចង់បានគឺរថយន្ត SUV ដដែលៗ ដែលធ្វើលំៗ ដូចជាសម្លេងរំខានដល់ខាងក្នុង ដោយសារតែរូបមន្តនៃការរចនាបែប “ពីរបំណែក” និងការប្រើប្រាស់នូវតួរួមគ្នាដែលប៉ះពាល់ដល់ភាពខ្លាំង និងភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយរថយន្តទាំងនោះថែមទាំងកំណត់ឲ្យជ្រើសរើសយកការប្រើប្រាស់លើផ្លូវធម្មតា ឬក៏យកសម្រាប់ការប្រើប្រាស់លើផ្លូវពិបាក ឬជារថយន្ត SUV ដែលទាប មានគ្រឿងបំពាក់តិចតួច ហើយរថយន្តទាំងនោះមានលក្ខណៈដូចៗគ្នា។

លោក Müller-Ötvös បានថ្លែងថា៖ 

“រថយន្ត Cullinan មានភាពប្រណីតពិតៗ ដែលគួបផ្សំជាមួយនឹងសមត្ថភាពប្រើប្រាស់ល្អឥតខ្ចោះ និងសមត្ថភាពប្រើប្រាស់លើផ្លូវពិបាក។ ការបើកបរដ៏រលូន និងទៅកាន់គ្រប់ទីកន្លែង បង្កើតឲ្យមាននូវការវិវត្តវិធីសាស្ត្ររបស់រថយន្ត Rolls-Royce ក្នុងការបង្កើតរថយន្ត Rolls-Royce SUV ពិតៗ។ ការរចនាដែលជាក់ស្ដែងបំផុតគឺផ្នែកខាងក្រោយខុសប្លែកគេរបស់រថយន្ត Cullinan”។

ជាលើកដំបូងហើយដែលរថយន្ត Rolls-Royce មានទ្វារក្រោយ ដែលហៅថា “The Clasp”។ នៅក្នុងសម័យកាលដែលអីវ៉ាន់ត្រូវបានចងនៅផ្នែកខាងក្រោយរថយន្ត អ្នកធ្វើដំណើរមិនបានជិះជាមួយនឹងអីវ៉ាន់របស់ខ្លួនឡើយ។ ដោយយោងតាមគំនិតនេះ ផ្នែកខាងក្រោយរបស់រថយន្ត Cullinan មានទម្រង់ជាពីរផ្នែក ដែលមួយផ្នែកគឺជាកន្លែងផ្ទុកអីវ៉ាន់។ ទ្វារខាងក្រោយ (The Clasp) បិទ និងបើកទៅតាមផ្នែកទាំងពីររបស់ខ្លួនដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចលើប៊ុតុងសោរប៉ុណ្ណោះ។

រថយន្ត Rolls-Royce Cullinan
រថយន្ត Rolls-Royce Cullinan

វិស្វកម្ម Rolls-Royce ពិតៗ - ទៅកាន់គ្រប់ទីកន្លែង

លោក Müller-Ötvös បានថ្លែងថា៖ 

“រថយន្តនេះ គឺជាទឹកដៃឯកផ្នែកវិស្វកម្ម ជាមួយនឹងសមត្ថភាពបើកបរលើផ្លូវពិបាក ប៉ុន្តែនៅតែអាចរក្សាបាននូវលក្ខខណ្ឌ “ជិះលើកម្រាលព្រំទិព្វ” ដែលល្បីល្បាញទូទាំងពិភពលោកដដែល។ នៅពេលដែលយើងចាប់ផ្ដើមកសាងរថយន្តនេះឡើង លក្ខខណ្ឌនេះហើយដែលជាគោលការណ៍នាំផ្លូវ”។
រថយន្ត Rolls-Royce Cullinan

“ជិះលើកម្រាលព្រំទិព្វ” នៅលើផ្លូវពិបាក

ការបញ្ចូលនូវបច្ចេកវិទ្យាថ្មីទៅក្នុងស្ថាបត្យកម្មនេះ ក៏ជាគន្លឹះសំខាន់មួយក្នុងការធានាឲ្យបាននូវគុណភាពជាមូលដ្ឋានរបស់រថយន្ត Cullinan ដើម្បីក្លាយជារថយន្ត បើកបរដ៏រលូន ទៅកាន់គ្រប់ទីកន្លែង។ ក្រុមវិស្វកម្ម បានចាប់ផ្ដើមការងារដោយបង្កើតនូវប្រព័ន្ធ Drivetrain ដែលនឹងជួយបំពេញតាមលក្ខខណ្ឌ “ជិះលើកម្រាលព្រំទិព្វ” នៅលើផ្លូវពិបាក ដែលនេះជាឃ្លាដ៏ល្បីល្បាញរបស់រថយន្ត Rolls-Royce។

អ្នកនាង Caroline Krismer ដែលជាប្រធានគម្រោងវិស្វកម្មរបស់រថយន្ត Cullinan បានពន្យល់ថា៖ 

“ប្រព័ន្ធ Drivetrain ដែលយើងបង្កើតឡើង សម្រាប់រថយន្ត Cullinan មានការងារសំខាន់មួយដែលត្រូវធ្វើ។ ពោលគឺធ្វើយ៉ាងណា ឲ្យការធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវប្រៀបស្របតាមលក្ខខណ្ឌដ៏ល្បីល្បាញរបស់ Rolls-Royce គឺ ‘ជិះលើកម្រាលព្រំទិព្វ’ ហើយទន្ទឹមនឹងនេះក៏ធានាបាននូវគុណភាពបើកបរនៅលើដងផ្លូវធម្មតាឲ្យឈានមុខគេផងដែរនៅក្នុងវិស័យរថយន្ត SUV នេះ”។

អ្នកនាង Krismer បានបន្ថែមថា៖ 

“និយាយដោយសមញ្ញ អ្វីដែលធ្វើឲ្យរថយន្តមានដំណើរការល្អនៅដងផ្លូវធម្មតា ធ្វើឲ្យរថយន្តនោះមានដំណើរការល្អនៅលើផ្លូវពិបាកផងដែរ”។

ការរចនាកម្លាំងធម្មជាតិ

លោក Giles Taylor នាយកផ្នែករចនាម៉ូតរបស់រថយន្ត Rolls-Royce បានថ្លែងថា៖ 

“មកដល់ចំណុចជាប្រវត្តិសាស្ត្រផ្នែករចនាម៉ូតរថយន្តនេះ រថយន្ត SUV កាន់តែមានលក្ខណៈដូចគ្នា និងដដែលៗ។ ពាក្យថារថយន្ត SUV បច្ចុប្បន្នសំដៅលើរថយន្តដែលមានពីរបំណែក សម្រាប់បើកបរលើដងផ្លូវធម្មតា ។ ប៉ុន្តែ យើងបានស្រមៃឃើញរថយន្តតួខ្ពស់មានបីបំណែក ដែលអាចធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវពិតៗ ជាមួយនឹងការរចនាប្លែកគេ ក៏ដូចជាសមត្ថភាពពេញលេញ ដែលអាចបំពេញតាមតម្រូវការផ្នែកដំណើរផ្សងព្រេងរបស់អតិថិជន”។

ដោយបានធ្វើការតាមរយៈបច្ចេកវិទ្យា “ស្ថាបត្យកម្មប្រណីត” លោក Taylor និងក្រុមការងាររបស់លោក បានរចនាឡើងនូវរថយន្ត ដែលលោកដឹងថានឹងអាចបំពេញតាមការរំពឹងចង់បានរបស់អតិថិជន។ ការរចនាម៉ូតជានិមិត្តរូប សមមាត្រទំហំរបស់រថយន្ត Rolls-Royce ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ និងកម្រិតនៃភាពប្រណីតពិតៗ។

លោក Taylor បានបន្ថែមថា៖

“អត្ថប្រយោជន៍ចម្បងមួយរបស់ស្ថាបត្យកម្មប្រណីតនេះ ចំពោះការរចនាម៉ូតរថយន្ត Cullinan គឺសមត្ថភាពក្នុងការបំពាក់កង់ និងបង្កើតនូវរូបរាងរបស់រថយន្ត ដែលធ្វើឲ្យ Cullinan មានរូបរាងលំដាប់ Rolls-Royce ពិតៗ។ បច្ចេកវិទ្យានេះជួយឲ្យរថយន្ត Rolls-Royceមានជំហរដូចអ្នកចម្បាំង បញ្ចេញភ្លាមៗនូវកម្លាំងនិងថាមពល ហើយស្របពេលជាមួយគ្នានេះជួយឲ្យការបោះជំហានចេញចូលនៅផ្នែកខាងក្រោយរថយន្តមានភាពងាយស្រួល”។

កម្លាំង និងថាមពលនេះ អាចមើលដឹងតាមរយៈផ្ទៃមុខរបស់រថយន្ត Cullinan។ គ្រឿងបំពាក់សំខាន់ៗដូចជាភ្លើង និងចម្រឹងខ្យល់ ត្រូវបានបំពាក់ជ្រៅទៅក្នុងផ្ទៃរថយន្ត។ ចំណែកឯភ្លីផ្ដេក និងឈរ បង្ហាញឲ្យឃើញពីភាពរឹងមាំ។ ទន្ទឹមនឹងនេះ ផ្ទាំងប៉ាណា មានរូបរាងខាងលើហាក់បីដូចជាចិញ្ចើមរបស់អ្នកចម្បាំងអម្បូរ Saxon និងអំពូលភ្លើងបើកពេលថ្ងៃ ដែលមានសណ្ឋានដូចជា ចិញ្ចើម។ ការរចនាបែបនេះបង្ហាញពីភាពរឹងមាំដល់ផ្នែកខាងមុខរបស់រថយន្ត Cullinan។

មើលពីចំហៀង គោលបំណងរបស់រថយន្ត Cullinan គឺមានភាពច្បាស់លាស់។ លក្ខណៈសម្គាល់គម្របម៉ាស៊ីនវែងរបស់រថយន្ត Rolls-Royce មិនត្រូវបានបោះបង់ចោលនោះទេ ហើយគម្របម៉ាស៊ីននោះទៀតសោត ត្រូវបានមើលឃើញថា មានកម្ពស់ខ្ពស់ជាងថ្ពាល់ចំហៀងរបស់រថយន្ត ដើម្បីបង្ហាញអំពីភាពរឹងមាំកាន់តែខ្លាំងជាងមុន។

នៅផ្ទៃខាងក្នុងរថយន្ត Cullinan មានបំពាក់នូវបរិក្ខាប្រណីតរបស់ Rolls-Royce គួបផ្សំនឹងមុខងារសមញ្ញ និងស៊ីមេទ្រីគ្នា ដើម្បីបង្ហាញអំពីភាពរឹងមាំរបស់រថយន្តនេះ។ ការរចនាផ្ទៃខាងក្នុងជាមូលដ្ឋានគោលមានដូចជាតាប្លូ ធ្នាក់ដៃនៅលើទ្វារ និងគ្រឿងបំពាក់បញ្ឈរ និងផ្ដេកនានា។

ផ្ទៃខាងលើរបស់មុខតាប្លូតុបតែងដោយស្បែកពណ៌ខ្មៅទាន់សម័យដែលត្រូវបានអភិវឌ្ឍថ្មី ដែលជាស្បែកជាប់មាំ និងធននឹងទឹក ស្រដៀងគ្នានឹងស្បែកដែលប្រើប្រាស់សម្រាប់វ៉ាលី និងកាបូបលំដាប់កំពូលរបស់អ៊ីតាលីដូច្នោះដែរ។ ការរចនានេះធ្វើឲ្យផ្ទៃតាប្លូមានភាពធំទូលាយ ដែលអនុញ្ញាតឲ្យគ្រឿងបំពាក់ដូចគ្រឿងអលង្កានានាដូចជានាឡិកា និងព្រឹលម៉ាស៊ីនត្រជាក់មានភាពលេចធ្លោស្រស់ស្អាត។

ចុងក្រោយ ពូកក្នុងរថយន្ត Cullinan មានសណ្ឋានស្រស់ស្អាត ដែលបង្ហាញពីគុណភាព និងទឹកដៃជាងរបស់រថយន្ត Rolls-Royce។ ពូកត្រូវបានរចនាឡើងដើម្បីឲ្យត្រូវគ្នានឹងគុណភាពរបស់រថយន្ត Cullinan ហើយពូកទាំងនេះ ត្រូវបានរចនាឡើងស្រដៀងគ្នានឹងក្រចកសេះនាសម័យទំនើប ដែលបញ្ជាក់ឲ្យឃើញពីភាពរឹងមាំនៃកន្លែងអង្គុយ។ ពូកថ្មីទាំងអស់នេះក៏បង្ហាញឲ្យឃើញនូវទឹកដៃកំពូលផ្នែកធ្វើស្បែករបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ផងដែរ ហើយបង្អែកកៅអីទាំងមូលត្រូវបានបង្កើតឡើងចេញពីស្បែកតែមួយផ្ទាំង ដើម្បីធ្វើឲ្យមានផ្ទៃរាង 3D ។

ជីវិតតែមួយ របៀបរបបរស់នៅច្រើន

ការបើកបរទៅកាន់ទីតាំងដាច់ស្រយាលគឺជាផ្នែកទីមួយនៃការធ្វើដំណើរផ្សងព្រេងតាមរថយន្ត Rolls-Royce Cullinan។ ភាពសប្បាយរីករាយរង់ចាំលោកអ្នក តាមរយៈ មុខងារ Rolls-Rooyce Recreation Module។

ស្រមើលស្រមៃពីទស្សនីយភាព។ បន្ទាប់ពីបានជ្រើសរើសដំណើរផ្សងព្រេងរបស់អ្នកហើយអ្នកក៏ទៅកាន់ទីសំចតរថយន្ត។ “Jason យើងនឹងទៅប្រណាំងដ្រូននៅថ្ងៃនេះ។ តើឯងអាចបញ្ចូលកម្មវិធី Drone Module ទៅក្នុងរថយន្ត Cullinan បានទេ?” នៅឯជាន់ក្រោម Jason បានជ្រើសរើសយកកម្មវិធី ប្រណាំងដ្រូន ពីធ្នើដែលដាក់កម្មវិធីកម្សាន្តផ្សេងទៀត ដែលម្ចាស់រថយន្តបានកុម្ម៉ង់ពីក្រុមហ៊ុន Rolls-Royce ដើម្បីបំពេញតាមចំណូលចិត្តផ្នែកកម្សាន្តរបស់ខ្លួន។

ការស្ទូចត្រី ការថតរូប ការឡើងថ្ម ការជិះស្គីលើព្រឹល ការជិះឆ័ត្រយោង ជិះក្ដារទឹកមានឆ័ត្រយោង លោតពីទីខ្ពស់ ជិះក្ដាស្គីពីលើភ្នំភ្លើង ឬក៏គ្រាន់តែអង្គុយមើលទេសភាពលេង ទាំងអស់នេះសុទ្ធតែអាចធ្វើបានដោយសារឈុតកម្មវិធីកម្សាន្ត Rolls-Royce Bespoke Collective។ កម្មវិធីកម្សាន្តនីមួយៗអាចត្រូវបានបញ្ចូលទៅក្នុងគូទរថយន្ត Cullinan ដែលមានថតដែលដើរដោយម៉ូទ័រ ហើយផ្ទុកនូវបរិក្ខា និងគ្រឿងផ្សេងៗ តម្រូវតាមការចង់លេងរបស់ម្ចាស់រថយន្ត Cullinan។ នៅពេលដែលម្ចាស់ត្រៀមខ្លួនលេងហើយ កម្មវិធីនេះនឹងបង្ហាញខ្លួនចេញមក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]