ហូឡង់៖  រដ្ឋាភិបាលប្រទេសហូឡង់បាននិយាយកាលពីថ្ងៃច័ន្ទនេះថា គេបានសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់កម្មវិធីប្រឆាំងមេរោគដែលបង្កើតដោយក្រុមហ៊ុន Kaspersky Labs រួចហើយ។ ការធ្វើឡើងនេះក្នុងបំណងការពាររឿងមិនគួរកើតមួយចំនួនដែលអាចកើតមានឡើងបាន ហើយគេក៏បានណែនាំឲ្យក្រុមហ៊ុនផ្សេងៗធ្វើដូចគ្នានេះដែរ។

នៅក្នុងលិខិតដែលផ្ញើទៅកាន់សភា ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Ferdinand Grapperhaus បាននិយាយថា ការសម្រេចចិត្តនេះគឺធ្វើឡើងដោយសារ រដ្ឋាភិបាលរុស្សុីមានផែនការវាយលុកតាមប្រព័ន្ធអុិនធឺណេត ដែលមានគោលដៅបំផ្លិចបំផ្លាញផលប្រយោជន៍របស់ប្រទេសហូឡង់។

លោក Ferdinand Grapperhaus

គាត់ក៏បាននិយាយទៀតដែរថា ក្រុមហ៊ុន Kaspersky ដែលមានទីតាំងនៅក្នុងទីក្រុង Moscow នេះក៏អាចត្រូវបានប្រើប្រាស់ដោយរុស្សុីដើម្បីបំពេញបំណងរបស់គេផងដែរ។  អ្នកបង្កើតក្រុមហ៊ុននេះលោក Eugene Kaspersky បានធ្វើការបដិសេធយ៉ាងខ្លាំងទៅលើការចោទប្រកាន់ទាំងឡាយណាដែលថាក្រុមហ៊ុនរបស់លោកមានការជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្សុី។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសហូឡង់មិនមែនជាប្រទេសដំបូងដែលធ្វើការហាមឃាត់នូវការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលបង្កើតឡើងដោយក្រុមហ៊ុន Kaspersky នោះដែរ ដោយកាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលអាមេរិកបានប្រកាសហាមមិនឲ្យភ្នាក់ងាររដ្ឋាភិបាលទាំងឡាយប្រើប្រាស់កម្មវិធី Kaspersky anti-virus នេះទេ។

ក្នុងចំណាត់ការមួយស្រាលជាងប្រទេសខាងលើ រដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានចេញការព្រមានចំពោះភ្នាក់ងាររដ្ឋាភិបាលរបស់ខ្លួននានាផងដែរថា គេមិនគួរប្រើកម្មវិធីរបស់រុស្សុីទេ បើសិនជាគេមានផ្ទុកឯកសារសម្ងាត់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]