ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង ខណៈស្រវឹងស្រាមកពីញាំការមិត្តភក្តិ បើកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន លុះមកដល់ផ្លូវបត់ក៏រេចង្កូតបត់មិនទាន់ក៏ដួលស្លាប់ម្នាក់របួសធ្ងន់ម្នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគោកក្រញូងខាងត្បូង ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស បន្ទាប់ពីបុរសទាំងពីរខាងលើស្រវឹងស្រា ហើយបានជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅមួយគ្រឿងឌុបគ្នាយ៉ាងលឿន លុះមកដល់ផ្លូវបត់ក៏រេចង្កូតបត់មិនទាន់ក៏ដួលតែម្តង ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានប្រាប់នៅល្ងាចថ្ងៃទី១២ ខែឧសភានេះថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះទាំងពីរខាងលើបានជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១P- ៦១៥៤ ឌុបគ្នាយ៉ាងលឿន បើកបរពីទិសដៅពីជើងទៅទិសត្បូង លុះមកដល់ចំណុចកើតហេតុ ខណៈអ្នកបើកបរស្រវឹងស្រា ហើយបើកលឿនផងនោះ ស្រាប់តែរេចង្កូតបត់មិនទាន់ក៏ដួលយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យអ្នកបើកបរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ។
លោកបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ សំ រុំ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង (ស្លាប់) ។ ចំណែកអ្នករួមដំណើររបួសធ្ងន់មានឈ្មោះ អ៊ុច ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកជីក្រែង ។
បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឱ្យក្រុមគ្រួសារវិញ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]