ភ្នំពេញៈ ក្រុមអ្នកភូមិបានឲ្យដឹងថា បុរសម្នាក់ត្រូវបាន ប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ នៅពេលកំពុង ប្រព្រឹត្តសកម្មភាពដ៏លាមក ដោយចាប់ក្មេងស្រី អាយុ១០ឆ្នាំរំលោភ ខណៈដែលនាងកំពុងធ្វើដំណើរទៅរៀន នៅក្នុងភូមិគ្រួស សង្កាត់សម្រោង ខណ្ឌសែនសុខ ។ 

អ្នកភូមិម្នាក់បានឲ្យដឹងថា ក្មេងស្រីតូចរូបនេះ ត្រូវបានគេចាប់រំលោភនៅចំងាយប្រមាណ៦០ម៉ែត្រ ពីផ្លូវជាតិលេខ៥ ខណៈនាងដើរទៅសាលារៀន តែម្នាក់ឯងនៅម៉ោង១២និង១២នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ។ អ្នកភូមិម្នាក់ បានបន្តទៀតថា ក្មេងស្រីរងគ្រោះរូបនេះត្រូវបាន សាច់ញាតិ របស់ខ្លួនឃើញ ខណៈដែលគាត់ដើរទៅបត់ជើង នៅជិតប្រឡាយក្នុងភូមិដោយភ្លាមនោះ បានឃើញនាងត្រូវបុរសម្នាក់ កំពុងធ្វើសកម្មភាពរំលោភ ហើយភ្លាមនោះក៏បានស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិ ដោយខ្លះរត់ទៅប្តឹងនគរបាល ហើយខ្លះទៀតនាំគ្នាព័ទ្ធចាប់ បុរសនោះ ។

អ្នកភូមិម្នាក់ទៀតក៏បានឲ្យដឹងថា បុរសរូបនេះ ត្រូវប្រជាពលរដ្ឋនាំគ្នាវាយ ស្លាប់ប្រសិនបើពុំមាន វត្តមានកម្លាំងនគរបាល មកដល់ទាន់ ពេលវេលាទេនោះ ។

មន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា លោក រស់ ជា អាយុ៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ ប្រគល់ជូនសមត្ថកិច្ច ខណៈដែលកំពុង ធ្វើសកម្មភាព រំលោភក្មេងស្រីអាយុ១០ឆ្នាំ នៅក្នុងភូមិ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បុរសរូបនេះជាកម្មករធ្វើនំបញ្ចុក ស្នាក់នៅ ភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយឥឡូវត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងការសួរចម្លើយរបស់សមត្ថកិច្ច បុរសដែលត្រូវឃាត់ខ្លួននេះ ហាក់បីដូចជាបិទបាំង មិនព្រមបញ្ជាក់ ព័ត៌មានពិតប្រាកដ ទាក់ទិនទៅនឹងករណី រំលោភសេពសន្ថវៈ ទៅលើអនីតិជន នោះទេដោយឡែក ចំពោះក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល និងធ្វើ កោសល្យវិច្ច័យ ។

ក្រុមអ្នកភូមិបានឲ្យដឹងថា បុរសដែលចាប់រំលោភ ក្មេងស្រីរូបនេះ ពុំមានមុខរបរជាប់លាប់នោះទេ តែងតែទៅធ្វើការ ឯនេះបន្តិចឯនោះបន្តិច ។ ក្រុមអ្នកភូមិក៏បានបញ្ជាក់ដែរថា ក្មេងស្រីរូបនេះ ត្រូវបានចាប់រំលោភ នៅក្នុងគម្ពោធព្រៃ ទាំងឯកសណ្ឋានសិស្សសាលា យ៉ាងអាណោចអាធ័ម ជាទីបំផុត នាងពិតជាបាត់អនាគតនិងមានវិប្បដិសារី មិនអាចភ្លេចរឿងនេះបាន ៕

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]