បើមានឡានស៊េរីទំនើបសម្រាប់ជិះជាប្រចាំថ្ងៃ មានផ្ទះធំទ្រនំខ្ពស់សម្រាប់រស់នៅ មានកាបូប ស្បែកជើង សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ទំនើបទាន់សម័យ អ្នកណាដែលថាមិនចង់បាន? ប៉ុន្តែទាស់តែត្រង់ថា តើយើងអាចធ្វើជាម្ចាស់របស់វាបានតាមវិធីណា?

ជាការពិតណាស់ដែលថា ទាំងនេះគឺជាទ្រព្យសម្បត្តិក្រៅខ្លួនក៏ពិតមែន ប៉ុន្តែមនុស្សម្នាក់ៗសុទ្ធតែមានក្តីប្រាថ្នាចង់បានវាជានិច្ច ទើបជីវិតយើងអាចមានក្តីសុខទៅតាមនោះដែរ តែសូមកុំបណ្តោយអ្វី ដែលអ្នកគិត ទៅផ្តល់ទុក្ខទោសដល់អ្នកដទៃ។

ជាពិសេសនារី បើមានស្វាមីជាអ្នកមានវិញ របស់ទាំងអស់នេះនឹងក្លាយជារបស់ខ្លួន ដោយនឹកស្មានមិនដល់ ដូចពាក្យចាស់ថាវាសនាមនុស្សមើលមិនឃើញឡើយ ត្រឹមតែមួយភ្លែតអ្វីៗក៏អាចផ្លាស់ប្តូរបានដែរ។ 

ចុះនារីៗបានដឹងហើយឬនៅថា តើត្រូវរៀបចំគុណសម្បត្តិរបស់ខ្លួនឱ្យមានអ្វីខ្លះ ទើបអាចមានសង្សារ ឬស្វាមីជាមហាសេដ្ឋីបាន? តោះដឹងនូវចំណុចទាំងអស់នេះដូចខាងក្រោម៖

១) ថែរក្សាសម្រស់៖ រូបសម្រស់ខាងក្រៅគឺពិតជាសំខាន់ណាស់សម្រាប់នារីៗគ្រប់គ្នា ព្រោះពេលដែលមនុស្សយើងបានជួបគ្នាជាលើកដំបូង គឺគេមើលទៅលើរូបសម្បត្តិមុនបង្អស់ មិនមែនមើលទៅលើចិត្តរបស់អ្នកភ្លាមៗដែលនៅខាងក្នុងនោះទេ។

ដូច្នេះអ្នកត្រូវចំណាយពេលវេលា និងថវិកាមួយចំនួនថែរក្សាសុខភាពសម្រស់របស់ខ្លួនឱ្យបានល្អជាប់ជាប្រចាំ។ កុំយកពាក្យខ្ជិលមកដាក់ខ្លួន ព្រោះមនុស្សម្នាក់ៗបើដឹងថាកើតមកមិនសូវស្អាត ក៏អាចកែច្នៃតុបតែងបន្ថែមទៀតដើម្បីលើកសម្រស់ខ្លួន។ សូមកុំបណ្តោយឱ្យសម្រស់ធ្លាក់ទៅ ក្នុងសភាពមួយដែលយ៉ាប់ភ្នែកមើល។ មានមនុស្សស្រីមួយចំនួនកើតមកមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ប៉ុន្តែមិនសូវចេះតុបតែងខ្លួន ក៏មើលទៅធ្វើឱ្យសម្រស់មិនសូវបាននឹងគេដែរ។  

រូបតំណាង

២) ថែរក្សាសុខភាព៖ ពិតណាស់សុខភាពរាងកាយគឺជារឿងសំខាន់ណាស់ មានអ្វីៗគ្រប់យ៉ាងមិនស្មើនឹងការមានសុខភាពល្អប្រសើរនោះទេ។ ដូច្នេះអ្នកគួរតែយកចិត្តថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ឮសូមកុំធ្វេសប្រហែសឱ្យសោះ ទាំងការញ៉ាំ ការគេងជាប្រចាំថ្ងៃ។

ពិសេសអ្នកគួរចំណាយពេលទៅហាត់ប្រាណយករាងឱ្យបានស្លីមបន្តិច ដើម្បីងាយស្រួលស្លៀកពាក់សម្លៀកបំពាក់អ្វីក៏មើលទៅស្រស់ស្អាតដែរ ព្រោះមនុស្សស្រីគឺស្អាតទៅលើរាង និងការស្លៀកពាក់នេះហើយ។ ចូរចងចាំកុំភ្លេចថា បើអ្នកប្រាថ្នាចង់បានស្វាមីជាអ្នកមាន ត្រូវថែរក្សាសុខភាពជាពិសេសសម្រស់ឱ្យបានស្រស់ស្អាតជានិច្ច ជានារីម្នាក់ដែលនរណាឃើញហើយក៏លួចស្នេហ៍ និងចង់បានមកគ្រប់គ្រង។

រូបតំណាង

៣) តុបតែងខ្លួនឱ្យបានស្រស់ស្អាត និងមើលទៅថ្លៃថ្នូរ៖ បន្ថែមពីលើសម្រស់ពីធម្មជាតិ ឬដោយការកែច្នៃទៅទៀត ការតុបតែងខ្លួនរឹតតែជារឿងសំខាន់ក្នុងការលើកសម្រស់ ប៉ុន្តែអ្នកមិនចាំបាច់ចំណាយប្រាក់ទិញខោអាវថ្លៃៗ ប្រ៊េនៗមកស្លៀកទើបមើលទៅថ្លៃថ្នូរឡើយ ប៉ុន្តែអ្នកគ្រាន់តែដឹងពីរបៀបនៅក្នុងការតុបតែងខ្លួនអ្នកឱ្យស្របទៅតាមកាលៈទេសៈ និងរដូវកាលល្អទៅគឺបានហើយ។ 

បើអាចគឺទៅប្រឹក្សាជាមួយនឹងមិត្តភក្តិដែលមានជំនាញរឿងតុបតែងខ្លួន ឬអាចរៀនតាមយូធូបក៏បានដែរ។ ការជ្រើសរើសតុបតែងខ្លួន ឱ្យសាកសមនឹងរាងរបស់ខ្លួន គឺសម្តែងឱ្យឃើញថាអ្នកជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់ ហើយនេះក៏ជាចំណុចចាប់ផ្តើមមួយ ដែលអាចទាក់ទាញចិត្តពីបុរសៗអ្នកមានឱ្យងាកមកមានចំណាប់អារម្មណ៍មកលើអ្នកបានយ៉ាងល្អផងដែរ។

រូបតំណាង

៤) ឧស្សាហ៍ចេញទៅខាងក្រៅ នៅកន្លែងទំនើបៗ៖ ដូចពាក្យមួយឃ្លាដែលគេតែងតែលើកឡើងថា «ចង់ចាប់បានខ្លា ត្រូវតែចូលរូងខ្លា» សាកគិតលេងៗទៅមើលថា បើអ្នកចង់បានស្វាមីជាអ្នកមាន ហើយអ្នកសម្ងំនៅតែក្នុងផ្ទះ តើមានមហាសេដ្ឋីឯណាគេនឹងមើលឃើញអ្នក ហើយរត់មករកអ្នកដោយខ្លួនឯងនោះ? ដូច្នេះអ្នកគួរឧស្សាហ៍ចេញទៅកន្លែងធំៗទំនើបៗឱ្យបានច្រើនកន្លែង ដូចជាចូលកម្មវិធីជប់លៀង សន្និសីទ ឬការសម្ពោធនានា ដែលបើកជាសាធារណៈ និងមានអ្នកមានមុខមាត់ក្នងសង្គមទៅច្រើន។ 

ធ្វើដូច្នេះដើម្បីបើកផ្លូវឱ្យខ្លួនឯងបានទៅស្គាល់មនុស្សធំៗឱ្យបានច្រើន ឬមួយទៀតគួរតែដឹងឱ្យច្បាស់ពីទីតាំងណា ដែលអ្នកមានចូលចិត្តទៅ ដូចជានៅតាមហាងបាយ ហាងកាហ្វេ ឬកន្លែងទេសចរណ៍នានាក៏បានដែរ ដើម្បីងាយស្រួលនៅក្នុងការរៀបចំខ្លួននៅក្នុងការចាប់ផ្តើមទំនាក់ទំនង ឬទោះបីជាសមបំណងក៏អ្នកអាចទទួលបានបទពិសោធន៍ជីវិតល្អៗដែរពីសង្គមរបស់មនុស្សទាំងនោះ។

រូបតំណាង

៥) រៀបចំកិរិយាមាយាទ៖ គួរហ្វឹកហាត់កិរិយាមាយាទរបស់ខ្លួនឱ្យបានល្អប្រសើរទាំងការដេក ដើរ ឈរ អង្គុយ ឬមិនថាទាំងការទទួលទានអាហារជាដើម។ ជាក់ស្តែងអ្នកគួរតែធ្វើការហ្វឹកហាត់ ដោយការសាករៀបឫកនៅមុខកញ្ចក់ ឬសុំការរិះគន់ក្នុងន័យស្ថាបនាពីមនុស្សជិតស្និទ្ធ និងចាស់ទុំដើម្បីកែលម្អខ្លួនឱ្យមើលទៅមានភាពល្អប្រសើរឡើង។ ថ្វីត្បិតតែអ្នកមានរូបសម្រស់ស្រស់ស្អាតហើយ អ្នកក៏ត្រូវមានកិរិយារៀបរយផងដែរ ព្រោះគេជាសេដ្ឋីមិនមែនចេះតែរើសនារីមានរូបស្អាតតែខាងក្រៅមកធ្វើជាភរិយាទេ គឺត្រូវមានទាំងកិរិយាមាយាទថែមទៀតជាគ្រឿងបូកផ្សំគ្នាទៅវិញទៅមក។  ធានាចំណុចនេះ បើអ្នកព្យាយាមសម្របខ្លួន វាមិនពិបាកលើសពីសមត្ថភាពរបស់អ្នកនោះទេ។ 

៦) កុំសម្តែងចេញទៅក្រៅថាអ្នកចង់បានលុយពួកគេខ្លាំងពេក៖ ជាការពិតគ្មាននរណាម្នាក់មិនចង់បានលុយនោះទេ ប៉ុន្តែបើអ្នកចង់បានស្វាមីអ្នកមានត្រូវចេះរៀបចំឫកពារជាមុនសិន កុំសម្តែងចេញមកក្រៅថាអ្នកចង់បានលុយគេ ឬសម្តែងកិរិយាឱ្យគេមើលដឹងថាអ្នកទាក់ទងគេព្រោះមើលឃើញត្រឹមតែទ្រព្យសម្បត្តិខាងក្រៅ។ លាក់ចរិតបន្តិច ដើម្បីឱ្យមានអនាគតរុងរឿង ក៏មិនមែនជារឿងខាតបង់អ្វីនោះដែរ ត្រូវទេ?

៧) រួសរាយរាក់ទាក់ ពូកែនិយាយលេងសើចច្រើន៖ មនុស្សគ្រប់គ្នាតែងចូលចិត្តនៅជាមួយនរណា ដែលធ្វើឱ្យគេសប្បាយរីករាយនៅក្នុងចិត្ត ត្រូវដឹងថាគ្មាននរណាម្នាក់គេចូលចិត្តនៅក្បែរសោកសៅនោះទេ។ ដូច្នេះអ្នកត្រូវចាប់ផ្តើមរៀននិយាយពីអ្វីដែលនាំឱ្យពួកគេសប្បាយរីករាយពេលនៅក្បែរអ្នក។ ត្រូវដឹងថា គួរនិយាយអ្វី? នៅពេលណា? ហើយនៅក្នុងកាលៈទេសៈបែបណា? ជាពិសេសនោះគឺអ្នកត្រូវមានស្នាមញញឹម និងមានអារម្មណ៍ល្អជាប់ជានិច្ច នៅពេលសន្ទនាជាមួយពួកគេ ដូច្នេះវានឹងជួយបន្ថែមមន្តស្នេហ៍ឱ្យអ្នកថែមមួយកម្រិតទៀត។

រូបតំណាង

៨) រៀននិយាយភាសាអង់គ្លេសឱ្យពូកែ៖ ការចេះភាសាអង់គ្លេសគឺជារឿងដ៏ល្អប្រសើរមួយ ដែលអាចជួយឱ្យអ្នកអាចបង្កើនទំនាក់ទំនងបានកាន់តែល្អជាមួយនឹងពួកគេ។ ម្យ៉ាងវិញទៀតការចេះភាសាអង់គ្លេសស្ទាត់ជំនាញក៏អាចឱ្យអ្នកមើលទៅជាមនុស្សស្រីឆ្លាតវាងវៃម្នាក់ និងមើលទៅមានភាពខ្ពង់ខ្ពស់ល្អណាស់។

សូមប្រាប់ថាមហាសេដ្ឋីម្នាក់ៗមិនមែនចេះតែមួយភាសាទេ ព្រោះភាសាគឺជាគ្រឿងទាក់ទងមួយដ៏សំខាន់នៅក្នុងការធ្វើទំនាក់ទំនងរកស៊ីរបស់គេ។ ព្យាយាមហ្វឹកហាត់ម្តងបន្តិចៗ ខុសខ្លះត្រូវខ្លះទុកជាមេរៀន ជឿជាក់ថាពេលបានរៀនសូត្រយូរៗទៅ អ្នកនឹងមានភាពស្ទាត់ជំនាញឡើងដោយខ្លួនឯងជាក់ជាមិនខាន។ 

រូបតំណាង

៩) រកការងារល្អៗធ្វើនៅក្នុងក្រុមហ៊ុនធំៗ៖ ប្រើចំណេះរបស់អ្នកដែលមាន រកការងារល្អៗធ្វើនៅក្នុងក្រុមហ៊ុនធំៗ ពិសេសក្រុមហ៊ុនដែលមានការបណ្តាក់ទុនជាមួយក្រុមហ៊ុនបរទេសគឺកាន់តែល្អ។ 

ពិតប្រាកដណាស់ បុរសអ្នកមានៗដែលមានមុខមាត់ និងមានឋានៈល្អៗនៅក្នុងសង្គម មិនមែនជាមនុស្សដែលធ្វើការប្រកបរបររកស៊ីនៅទីកន្លែងធម្មតាៗនោះទេ ដូច្នេះបើអ្នកមានការងារធ្វើនៅក្រុមហ៊ុនធំៗនោះ ប្រៀបដូចជាអ្នកបានទទួលឱកាសមួយដ៏ប្រសើរក្នុងការផ្តល់សង្ឃឹមឱ្យខ្លួនឯង បានទៅជួបជាមួយនឹងបុរសនៅក្នុងប្រាថ្នា ដែលជាអ្នកមានទ្រព្យសម្បតិ្ត អាចឱ្យអ្នកផ្ញើវាសនាជាមួយពួកគេបានអស់មួយជីវិត។

រូបតំណាង

១០) មានជំនាញពិសេសមួយ៖ អ្នកគួររៀនជំនាញពិសេសមួយ ដែលបុរសដែលអ្នកពេញចិត្តមិនចេះធ្វើ ដូចជាចេះលេងឧបករណ៍តន្រ្តីផ្សេងៗ គូរគំនូរ ឬលេងកីឡាអ្វីម្យ៉ាងក៏បាន។ ឧទាហរណ៍ថា៖ បុរសដែលអ្នកចង់បានមកជាគូជីវិតពូកែលេងកីឡាខាងលេងកូនហ្គោល តែមិនពូកែខាងលេងតន្រ្តីទេ ដូច្នេះអ្នកអាចរៀនលេងឧបករណ៍តន្រ្តីណាមួយឱ្យបានស្ទាត់ជំនាញ ងាយនៅពេលទំនេរអាចបបួលគ្នាលេងកម្សាន្តបានកែភាពអផ្សុក ព្រោះទោះបីជារវល់នឹងការងាររកស៊ីខ្លាំងប៉ុណ្ណា ក៏ត្រូវមានពេលសម្រាកលំហែខួរក្បាលខ្លះដែរ។ បើធ្វើបែបនេះបាន វានឹងធ្វើឱ្យអ្នកមើលទៅមានមន្តស្នេហ៍ខ្លាំងឡើង ហើយជួយឱ្យគេមកបង្កើនភាពស្និទ្ធសា្នលជាមួយអ្នកដើម្បីរៀនជំនាញនេះពីអ្នកឱ្យបានកាន់តែប្រសើរផងដែរ។  

រូបតំណាង

១១) ជឿជាក់លើខ្លួនឯង៖ អ្នកត្រូវរឹងមាំ និងមានជំនឿជាក់លើខ្លួនឯងគ្រប់ពេលវេលា។ ជាពិសេសពេលដើរចេញទៅខាងក្រៅ ត្រូវមានភាពជឿជាក់លើខ្លួនឯងជានិច្ច រាល់ការសម្រេចចិត្ត ក៏ដូចជាការនិយាយស្តីជាដើម។ សម្តែងឱ្យឃើញនូវភាពក្លាហានរបស់អ្នកពីខាងក្នុងមកឱ្យអស់តាមលទ្ធភាព កុំធ្វើជាមនុស្សរារែកពេក ឬសុភាពពេក ព្រោះបច្ចុប្បន្នហ៊ាននិយាយបានថា អ្នកខ្លាំងគឺជាអ្នកឈ្នះ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួល។ ដែលនេះហើយគឺជាចំណុចមួយដែលនាំអ្នកទៅកាន់ភាពជោគជ័យនៅថ្ងៃអនាគត មិនថារឿងការងារ គ្រួសារ និងស្នេហា។

រូបតំណាង

សរុបមកនេះគឺជាគន្លឹះ ក៏ដូចជាកូនសោរមួយសម្រាប់នាំអ្នកឆ្ពោះទៅកាន់គោលដៅ ដែលអ្នកប្រាថ្នាចង់បាន។ បើអ្នកនៅមិនទាន់ដឹង ឬរារែកនៅក្នុងការដើរទៅមុខ គន្លឹះមួយចំនួននេះ អាចជួួយឱ្យអ្នកទទួលបាននូវភាពជោគជ័យតាមក្តីប្រាថ្នា គួរសាកល្បងតាមសមត្ថភាព និងលទ្ធភាពដែលអ្នកមាន ពោលគឺគ្រប់យ៉ាងមិនមែនកើតមកពីវាសនាទាំងស្រុងនោះទេ តែវាកើតចេញពីការព្យាយាមរបស់បុគ្គលច្រើនជាង។

*គួរយល់ដឹងបន្ថែម៖ កន្លែងដែលប្រជុំទៅដោយបុគ្គលជាអ្នកមាន ភាគច្រើនគឺមានដូចជា៖ 

១. ផ្សារទំនើបធំៗនៅក្នុងស្រុក

២. សិក្ខាសិលាខាងផ្នែកវិនិយោគទុន

៣) ក្រុមហ៊ុនទេសចរណ៍ធំៗ

៤) អង្គការសប្បុរធម៌ ដែលមានជំនួញពីបរទេស

៥) ក្រុមហ៊ុន សហគ្រាសធំៗ ខាងគ្រឿងសំណង់ គ្រឿងសង្ហារឹម គ្រឿងមាសពេជ្រ

៦) ក្លឹបហាត់ប្រាណល្បីៗខ្នាតអន្តរជាតិ

៧) ហាងថែរក្សាសម្រស់លំដាប់អន្តរជាតិ ដែលអ្នកមានហាយសូរចូលទៅរកសេវាកម្ម

៨) ក្រុមហ៊ុនលក់រថយន្ត ឬការតាំងបង្ហាញម៉ូដែលរថយន្តសេរ៊ីថ្មីៗដែលទើបនាំចូលមកដល់៕

ប្រភព៖ Spiceee / Blog / Celebritiesdating

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]