បរទេស៖ ទស្សនាវដ្ដី Forbes បានចេញឈ្មោះមនុស្សដែលមានអំណាចជាងគេលើពិភពលោកសម្រាប់ឆ្នាំ ២០១៨ នេះហើយ។ ក្នុងបញ្ជីឈ្មោះនេះមានមនុស្សផ្សេងៗគ្នា រួមមានតាំងពីថ្នាក់ដឹកនាំនានានៅលើពិភពលោក  អ្នកជំនាញផ្នែកបច្ចេកវិទ្យា  និងអ្នកមានឈ្មោះល្បីក្នុងវិស័យកីឡា ជាដើម។  អ្វីដែលគេមើលឃើញជាសំខាន់នោះគឺ ឥទ្ធិពលដែលចេញឡើងពីសកម្មភាពនីមួយៗរបស់បុគ្គលទាំងនោះ។

នៅក្នុងបញ្ជីឈ្មោះមនុស្សដែលមានអំណាចទាំង ៧៥នាក់ក៏មានឈ្មោះថ្មីៗផងដែរ ដែលក្នុងនោះមានបុត្រាស្នងរាជ្យចក្រភពអារ៉ាប៊ីសាអូឌីត បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ និងប្រធាន FIFA លោក Gianni Infantino ក៏បានជាប់ឈ្មោះនៅក្នុងចំណាត់ថ្នាក់នេះផងដែរ  ដែលគាត់ជាប់លេខរៀងចុងក្រោយគេទី ៧៥ ដោយគាត់ជាអ្នកមានអំណាចជាងគេក្នុងវិស័យកីឡាទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ យើងត្រឹមតែមើលលម្អិតចំពោះមនុស្សដែលមានអំណាចជាងគេលើលោកកំពូលទាំង ៥រូបតែប៉ុណ្ណោះ។ 

ខាងក្រោមជាមនុស្សដែលមានអំណាចជាងគេបំផុតទាំង៥ លើលោក៖ 

លោក Xi Jinping

លេខ ១៖ ប្រធានាធិបតីចិន Xi Jinping

លោក Xi Jinping បានក្លាយជាប្រធានាធិបតីចិនដំបូងបំផុតដែលបានជាប់លេខមួយក្នុងបញ្ជីនេះ។  លោក Xi ក្លាយជាអ្នកមានអំណាចជាងគេលើលោក ដោយបានដណ្ដើមតំណែងនេះពីប្រធានាធិបតីរុស្សុី Vladimir Putin។  បើតាមទស្សនាវដ្ដី Forbes បានលើកឡើងថា លោក Xi បានទទួលចំណាត់ថ្នាក់នេះក្រោយការកែប្រែ រដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួនកាលពីដើមខែមីនា ឆ្នាំនេះ។ ការកែប្រែនេះបានផ្ដល់ឱ្យលោក Xi នូវអំណាចកាន់តែច្រើនក្នុងប្រទេស ហើយថែមទាំងលុបបំបាត់ការកំណត់អាណត្តិប្រធានាធិបតីទៀតផង។  គេក៏បានបន្ថែមទៀតដែរថា លោក Xi ជាអ្នកដឹកនាំចិន ដែលមានប្រជាប្រិយភាពមួយ ដែលគេមិនធ្លាប់ឃើញនោះទេ តាំងពីក្រោយការស្លាប់របស់លោកប្រធាន Mao មក។

លោក Vladimir Putin

លេខ ២៖ ប្រធានាធិបតីរុស្សុី Vladimir Putin

នេះជាឆ្នាំដំបូងហើយដែលប្រធានាធិបតីរុស្សុីរូបនេះបានធ្លាក់តំណែងលេខ១ បន្ទាប់ពីបានជាប់ឈ្មោះជាអ្នកមានអំណាចជាងគេលើលោកអស់រយៈពេល ៤ឆ្នាំជាប់ៗគ្នាមក។ លោក Putin បានទទួលជោគជ័យក្នុងការបោះឆ្នោតកាលពីខែមីនា ឆ្នាំនេះ ដោយទទួលបានការគាំទ្រដល់ទៅ ៧៧%ឯណោះ។ លើសពីនេះទៅទៀត លោក Putin ក៏នឹងអាចក្លាយជាអ្នកដឹកនាំប្រទេស រុស្សុីដែលកាន់អំណាចយូរជាងគេផងដែរ។ អ្នកដឹកនាំអាយុ ៦៥ឆ្នាំនេះ បានកាន់អំណាចទាំងផ្ទាល់ និងប្រយោល តាំងពីគាត់បានជាប់ឆ្នោតជាលើកដំបូងកាលពីឆ្នាំ ១៩៩៩ មកម្ល៉េះ។

លោក Donald Trump

លេខ ៣៖ ប្រធានាធិបតីអាមេរិក Donald J. Trump

បើទោះបីជាមានរឿងអាស្រូវពេញខ្លួនក៏ដោយ ក៏ប្រធានាធិបតីអាមេរិករូបនេះនៅតែជាប់ចំណាត់ថ្នាក់ទី ៣ ដែរ។ មូលហេតុចំបងសម្រាប់ការដាក់ចំណាត់ថ្នាក់នេះ គឺដោយសារសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើលោក ហើយពាក្យរបស់គាត់នីមួយៗនាំឲ្យមានប្រតិកម្មទូទាំងពិភពលោក បើទោះជាប្រតិកម្មទាំងនោះភាគច្រើនអវិជ្ជមានក៏ដោយ។ បច្ចុប្បន្នលោក Donald Trump ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាពិសេសមួយ ថាតើគាត់បានរាំងស្ទះយុត្តិធម៌ឬអត់ផងដែរ ដោយសារតែគាត់បានបណ្ដេញប្រមុខនៃ FBI កាលពីឆ្នាំ ២០១៧ ស្របពេលដែលពេលនោះ FBI កំពុងសុើបអង្កេតទៅលើរឿងក្ដីការលូកដៃពីប្រទេសរុស្សុី នៅក្នុងការបោះឆ្នោតជាតិសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦។

លោកស្រី Angela Merkel

លេខ ៤៖ អធិការបតីប្រទេសអាល្លឺម៉ង់ Angela Merkel

អធិការបតីប្រទេសអាល្លឺម៉ង់រូបនេះ គឺជាស្ត្រីដែលមានអំណាចជាងគេលើលោកបើយោងទៅតាមការដាក់ចំណាត់ថ្នាក់នេះ។ លោកស្រីបានឡើងកាន់អំណាចជាអធិការបតីតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ហើយគាត់ក៏ជាអ្នកដឹកនាំប្រទេសដែលកាន់អំណាចយូរជាងគេនៅក្នុងសហភាពអឺរ៉ុបផងដែរ។ បច្ចុប្បន្នប្រទេសអាល្លឺម៉ង់ក៏បានក្លាយជាប្រទេសដែលមានអំណាចជាងគេក្នុងសហភាពអឺរ៉ុបផងដែរ បន្ទាប់ពីការដកខ្លួនរបស់ចក្រភពអង់គ្លេសចេញពីសហភាពនេះ កាលពីឆ្នាំ ២០១៦ មក។

លោក Jeff Bezos

លេខ ៥៖ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos

តាមពីក្រោយស្ត្រីដែលមានអំណាចជាងគេលើពិភពលោក គឺជាបុរសដែលមានជាងគេលើលោក។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះគឺជាមនុស្សតែម្នាក់គត់នៅក្នុងចំណោមមនុស្សដែលមានអំណាចជាងគេទាំង ៥រូប ដែលមិនមែនជាអ្នកនយោបាយ។  ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Amazon បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយបានក្លាយជាក្រុមហ៊ុនលក់ផលិតផលតាមបណ្ដាញអុិនធឺណេតធំជាងគេទៀតផង។ គាត់ក៏បានក្លាយជាមនុស្សដែលមានលុយច្រើនជាង ១០០ពាន់លានដុល្លារដំបូងគេផងដែរ ដោយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំនេះ ទឹកប្រាក់សរុបរបស់គាត់គឺ ១១២ពាន់លានដុល្លារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]