រាជធានីភ្នំពេញ ៖ អ្នកនាងកែវ ស្រីនាងបានផ្អាកសម្តែងភាពយន្តឱ្យបណ្តាផលិតកម្ម នានាប្រមាណជាង២ឆ្នាំមកហើយ ដោយសារមមាញឹកកិច្ចការផ្ទាល់ខ្លួន ។ នាងទើបតែប្រកាសវិលមកសម្តែងវិញដោយគ្រងបានតំណែងតួឯកដដែល ។
ភាពយន្តភាគរឿង«កាំបិតមុខ២» បានធ្វើក្រុងពលីចេញថតជាផ្លូវការកាលពីព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១៨ ដើម្បីចេញថត ។ នេះជាភាពយន្តថ្មីដែលផលិតកម្មប្រកាសមហាហង្សថា សម្រិតសម្រាំងមិនក្រោមជាង១ឆ្នាំទេ ។
អ្នកនាងកែវ ស្រីនាង ឱ្យដឹងថា នាងទើបតែបើកឱកាសថតភាពយន្តភាគថ្មីលើកទី១ឆ្នាំ២០១៨នេះ ជូនផលិតកម្មបន្ទាប់ពីយល់ថា ខ្លួនគួរតែបង្ហាញវត្តមានសម្តែងឱ្យបានច្រើន។ នេះជាការប៉ះគ្នាលើកទី៣ហើយជាមួយលោក អូន ឧស្សាហ៍ ដោយរឿង «កាំបិតមុខ២» ដើរតួស្លូតផងកាចផង ។ «បើទោះជាសុខភាពនាងខ្ញុំមានជំងឺឈាមសស៊ីឈាមក្រហមយូរមែន តែក៏មិនដល់ថ្នាក់ធ្ងន់ឡើយអាចធ្វើការបានឱ្យតែខំញ៉ាំថ្នាំទៀងទាត់ ។ ជាពិសេសបានស្វាមីនាងខ្ញុំលើកទឹកចិត្តផង ឱ្យនាងខ្ញុំធ្វើអ្វីក៏បានឱ្យតែសប្បាយចិត្តដោយដឹងថា នាងខ្ញុំស្រឡាញ់សិល្បៈ ទើបមិនដែលហាមឡើយ »។
ភាពយន្តរឿងកាំបិតមុខ២ ចូលរួមសម្ដែងដោយអ្នកនាងកែវ ស្រីនាង, លោកអូន ឧស្សាហ៍ លោកហម ឈរ៉ា អ្នកនាងសឿន ផានផាផួង អ្នកនាងភិន សុដាលីស អ្នកនាងចាន់ តារាទី លោក អ៊ុន សិទ្ធា អ្នកស្រីសរ កេសារ៉ា កញ្ញាវ៉ាន់ លីលី និងតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ ជាច្រើនដួងទៀត ។ ភាពយន្តនេះ នឹងដំណើរការចេញថត ភ្លាមៗក្រោយពីក្រុងពលីរួច ។
លោកអ៊ិន សុភិនបានថ្លែងបញ្ជាក់ថា «នេះជាភាពយន្តដែលខ្ញុំគិតគូរល្អិតល្អន់ក្នុងការផលិត មុនពេលសម្រេចធ្វើពិធីក្រុងពលី ។ មួយរឿងនេះក្រៅពីប្រមូលផ្ដុំដោយតារាចាស់ថ្មីល្បីឈ្មោះក៏មានសាច់រឿងពោរពេញដោយការអប់រំផងដែរ ពាក់ព័ន្ធនឹងស្ថានភាពរបស់ស្ត្រីមេផ្ទះ ។ រឿងនេះនិយាយពីនារីម្នាក់ដែលធ្លាប់ស្លូតបូត តែបានប្រែក្លាយជានារីពិសពុល ដោយសារតែស្វាមីសម្បូរល្បិច » ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]