(ភ្នំពេញ)៖ បន្ទាប់ពីមានការចែកចាយវីដេអូ ព័ត៌មានពេញបណ្តាញសង្គមហ្វេសប៊ុក អំពីមន្ត្រីនគបាលចរាចរណ៍ពីរនាក់ បានទារលុយ២០ដុល្លារ ពីជនជាតិវៀតណាម ដោយសារជិះហួសភ្លើងស្ដុប បណ្ដាលឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន រហូតត្រូវបានទទួលការផាកពិន័យ និងស្នើឲ្យបណ្ដេញចេញពីការងាររួចមក ថ្មីៗនេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញនូវមតិមួយចំនួន ពាក់ព័ន្ធនឹងរឿងនេះ ខណៈអ្នកនាង បានលើកឡើងថា អ្នកនាងមិនគាំទ្រអំពើពុករលួយទេ តែនាងអាណិតមន្ត្រីតូចតាចដែលក្រីក្រ ហេតុអ្វីបានជាមកដកមន្ត្រីក្រីក្រ ដែលមានកំហុសបន្តិចបន្តួច ទៅគំរាមអ្នកផ្សេង?

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារយ៉ាងច្រើនថា «ដក១គំរាម១០០!! ខ្ញុំយល់ស្រប ហើយខ្ញុំមិនគាំទ្រអំពើពុករលួយទេ តែខ្ញុំអាណិតមន្ត្រីតូចតាចដែលក្រីក្រ ហេតុអ្វីបានជាមកដកមន្ត្រីក្រីក្រ ដែលមានកំហុសបន្តិចបន្តួច ទៅគំរាមអ្នកផ្សេង? បើអ្នកក្រមានកំហុសបន្តិចបន្តួច ម្តេចក៏ជាន់គ្នាម៉្លេះ បើចង់ដកមួយគម្រាម១០០ គួរធ្វើចំពោះមន្ត្រីពុករលួយធំៗ ដែលមានកំហុស និងសាងកំហុស ទើបប្រជាពលរដ្ឋមានទំនុកចិត្ត»។

អ្នកនាង បន្តថា «ការងារពួកគាត់ប្រៀបដូចជនអនាថា រកតែកន្លែងសម្រាកជើង និងចង្កេះគ្មាន រកតែឆ័ត្រជ្រកកំដៅក៏មិនអាច ពេលភ្លៀងរត់ប្រសាចចូលសំយ៉ាបផ្ទះគេ ឬសំយ៉ាបឆ័ត្រ របស់អាជីវករចិញ្ចើមថ្នល់ ដើម្បីជ្រកព្រោះពួកគាត់មិនអាចទៅផ្ទះបាន ដោយសារមានតួនាទី ត្រូវបំពេញបេសកម្ម ជូនប្រជាពលរដ្ឋទាំងគោរពច្បាប់ និងមិនគោរពច្បាប់ចរាចរណ៍ ក្រោយពេលរាំងភ្លៀង ឯអ្នកខ្លះខ្លួនជិះខុសច្បាប់ ហើយពេលប៉ូលិសចេញឃាត់ បែរជាបើកបុកគាត់ទៀត បើចាប់បាន គឺមិនអីទេ តែបើចាប់មិនបាន តើអ្នកណាទទួលខុសត្រូវលើជីវិតគាត់? ចុះបើគាត់ស្លាប់ពេលបំពេញការងារគាត់បានអ្វី? គឺបានត្រឹមមានឈ្មោះជាវិរៈបុរស តើគ្រួសារគាត់ រស់ចាយឈ្មោះវិរៈបុរសនោះ បានឬទេ? សូមបើកចិត្តគិតពីមន្ត្រីតូចតាចក្រីក្រផង»។

គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ទាំងពីរនាក់ ដែលបានទារលុយ ២០ ដុល្លារពីជនជាតិវៀតណាមនេះ មានម្នាក់ជាមន្ត្រីជាប់កិច្ចសន្យា ដោយសកម្មភាពរបស់ពួកគាត់ ហាក់ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងការភ័ន្ដច្រឡំពីមហាជនទូទៅ ចំពោះមន្ត្រីចរាចរណ៍ជាច្រើនទៀត។ យ៉ាងណាមិញ ជាមួយនឹងការសំណូមពរឲ្យបណ្តេញពួកគាត់ទាំងពីរ ពីការងារនេះ ត្រូវបានមហាជនមួយចំនួន បានសម្តែងនូវការមិនពេញចិត្ត ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងខាងលើជាដើម៕

ប៉ូលិសដែលត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន
ចនច័ន្ទ​ លក្ខិណា
សាររបស់អ្នកនាង ចនច័ន្ទ​ លក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា