ពោធិ៍សាត់ៈ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងអំពើសមគំនិត មនុស្សឃាត ដោយចេតនា ក្នុងការផ្តល់អាវុធ ឲ្យខ្មាន់កំាភ្លើងធ្វើសម្មភាពបាញ់ប្រហារ អ្នកភូមិម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ តាំងកណ្តាលយប់ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក សយ សុវណ្ណដា អាយុ៣៣ ឆ្នាំ រស់ នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន នៅម៉ោង៩ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១២ ពីបទ សមគំនិត ផ្តល់អាវុធឲ្យឃាតក ធ្វើសកម្មភាព បាញ់ប្រហារទៅលើ ជនរងគ្រោះម្នាក់ កាលពីថ្ងៃទី១០ ខែមីនា មុនមួយថ្ងៃ នៃ ការឃាត់ខ្លួននេះ ។

ជនសង្ស័យ ក្នុងអំពើសមគំនិត លោក សយ សុវណ្ណាដា បានឲ្យដឹងថា គាត់បានឲ្យអាវុធ ម៉ាក CKC ទៅឲ្យមនុស្សម្នាក់ កាលពីកំឡុង ជាង កន្លះខែមុន ។ លោក សយ សុវណ្ណដា បានឲ្យដឹងទៀតថា អាវុធម៉ាក CKC នេះ បានទិញពីអ្នកស្គាល់ម្នាក់ កាលពីជាង ៥ ខែ កន្លងមក ហើយ ក្នុងតម្លៃ ១០ ម៉ឺនរៀល ប៉ុន្តែ បានឲ្យប្រាក់តែ ៥ ម៉ឺនប៉ុណ្ណោះ លុះដល់ពាក់កណ្តាលខែមីនា បុរសនេះ បានមកខ្ចីកំាភ្លើងវិញ ដោយ ប្រាប់ថា យកទៅបាញ់សត្វ ។

គួររំលឹកផងដែរថា កាលពីម៉ោង ៩ និង៣០ នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២  លោក ទ្រុយ ហ៊ីម អាយុ២២ ឆ្នាំ ត្រូវបានខ្មាន់កំាភ្លើង មិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារ ៤ គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងភូមិប្រម៉ោយង ឃុំប្រម៉ោយ ស្រុកវាលវែង ខណៈដែល កំពុងដេកក្នុងផ្ទះ បណ្តាលឲ្យត្រូវចំគូថចំនួន ២ គ្រាប់ ត្រូវចំជើងទាំងសងខាងចំនួន ២ គ្រាប់ ៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]