ចិន៖ ចិនកំពុងសាងសង់សំណង់ដែលនឹងអាចឲ្យគេធ្វើការពិសោធន៍ភ្លៀងសិប្បនិម្មិតធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងបំណងបង្កើតទឹកភ្លៀងបន្ថែមនៅតំបន់ខ្ពង់រាបទីបេ។

ក្នុងគម្រោងនេះ គេនឹងសាងសង់ឡរាប់មុឺននៅជុំវិញភ្នំជាច្រើននៅទីបេ។ គេសង្ឃឹមថាវានឹងអាចនាំទឹកភ្លៀងយ៉ាងតិចណាស់ ១០ ពាន់លានម៉ែត្រគូប ជារៀងរាល់ឆ្នាំទៅកាន់តំបន់នេះ។

រូបតំណាង

គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា Tianhe ឬក៏ «ទន្លេមេឃា» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tsinghua ហើយគេសង្ឃឹមថាវានឹងអាចនាំទឹកភ្លៀងជាច្រើន ដែលគ្របដណ្ដប់ផ្ទៃដី ១,៦លានម៉ែត្រការ៉េ។

លោក Lei Fanpei ដែលជាអ្នកដឹកនាំក្នុងគម្រោងនេះបាននិយាយថា «ការកែប្រែអាកាសធាតុនៅទីបេ គឺសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកង្វះទឹកនៅប្រទេសចិន»។

គាត់បានបន្តទៀតថា «វានឹងមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍរបស់ចិននោះទេ វានឹងថែមទាំងនាំឲ្យមនុស្សជាតិទាំងមូលមានភាពសុខស្រួលជាងបច្ចុប្បន្នទៀតផង»។

រូបតំណាង

វាអាចស្ដាប់ទៅដូចជារឿងវិទ្យាសាស្ត្រប្រឌិតមួយមែន ក៏ប៉ុន្តែវាពិតជាមានពិតមែន ដែលការធ្វើដូចនេះត្រូវបានគេហៅថា Cloud seeding ឬក៏ការបណ្ដុះពពក ដែលវាត្រូវបានគេព្យាយាមធ្វើអស់ជាច្រើនទសវត្សមកហើយ ហើយប្រទេសចិនគឺជាប្រទេសដែលចំណាយខ្លាំងជាងគេក្នុងលោក ដើម្បីសម្រេចវា។

ក្នុងគម្រោងបង្កើតភ្លៀងនៅទីបេនេះ គេនឹងប្រើឡដុត ដើម្បីបង្កើតអុីយ៉ូតប្រាក់ដែលនឹងនាំទៅដល់បរិយាកាសដោយខ្យល់ ហើយគេសង្ឃឹមថាវានឹងក្លាយជាពពកដែលអាចផ្ដល់ទឹកភ្លៀងនិងព្រិលបាន។

មកដល់បច្ចុប្បន្នគេបានសាងសង់ឡចំនួន ៥០០រួចមកហើយ។ ហើយទិន្នន័យដែលគេប្រមូលបានមក បង្ហាញថាគេនឹងអាចទទួលលទ្ធផលល្អមួយពីគម្រោងនេះ។

រូបតំណាង

ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ទៅលើគម្រោងរបស់ចិននេះថា អាចបង្កើតទឹកភ្លៀងច្រើនដូចដែលគេបាននិយាយនោះទេ ដោយសារតែពួកគេភាគច្រើនមិនទាន់ដឹងច្បាស់ពីបច្ចេកវិទ្យាបណ្ដុះពពក ឬ cloud seeding ដែលចិនកំពុងធ្វើនេះនៅឡើយទេ។

លោក Janos Pasztor ដែលជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថា «វានឹងនាំភ្លៀងឲ្យកើតឡើងនៅតំបន់មួយ មានន័យថានៅកន្លែងផ្សេងទៀតនឹងគ្មានភ្លៀងទៀតនោះទេ ដោយវានឹងធ្វើការទាញភ្លៀងពីតំបន់ផ្សេងៗបាន។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាគម្រោងនេះនឹងសម្រេចបាននៅពេលណានៅឡើយទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]