ការពិនិត្យសុខភាពរាងកាយ គឺជារឿងមួយដ៏សំខាន់បំផុត ដើម្បីថែរក្សាឲ្យមានសុខភាពល្អ និង អាចព្យាបាលបានទាន់ពេលវេលា ប្រសិនបើអ្នកជួបប្រទះនឹងជំងឺណាមួយ។

ទន្ទឹមនឹងនេះផងដែរ បញ្ហាកម្រិតជាតិដែកនៅក្នុងខ្លួន ក៏មានសារៈសំខាន់ផងដែរ ដែលអ្នកចាំបាច់ត្រូវគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ និង គ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។

ប៉ុន្តែជាធម្មតានោះទេ ពេលខ្លះយើងមិនអាចផ្គត់ផ្គង់វាបានត្រឹមត្រូវនោះទេ ជួនកាលក៏ខ្វះ និង ជួនកាលក៏លើស។ ទាំងនេះ អ្នកមិនអាចបណ្តោយទុកយូរ មិនថាជាការលើសជាតិដែក ឬខ្វះជាតិដែកនោះទេ វាអាចបង្កជាបញ្ហាដល់សុខភាពបាន។

ហេតុដូចនេះហើយ ដើម្បីការពារពីបញ្ហានេះ ហើយធ្វើឲ្យអ្នកងាយស្រួលពិគ្រោះជាមួយគ្រូពេទ្យនោះ អ្នកត្រូវតែមើលរោគសញ្ញាដែលបង្ហាញថា ក្នុងរាងកាយរបស់អ្នកមានកម្រិតជាតិដែកខ្ពស់ ឬទាប។ 

រូបភាពតំណាង

វិធីមើលដឹងថា ជាតិដែកក្នុងរាងកាយមានកម្រិតទាប តាមរយៈរោគសញ្ញាដូចខាងក្រោម៖

១/ ចូរកត់សម្គាល់ភាពអស់កម្លាំង ឬ ភាពចុះខ្សោយរបស់អ្នក

ភាពអស់កម្លាំង គឺជាសញ្ញាមួយនៃកម្រិតជាតិដែកទាប។ ជាតិដែកមានសារៈសំខាន់ ចំពោះកោសិកាឈាមក្រហមរបស់អ្នក ហើយកោសិកាឈាមក្រហមរបស់អ្នកផ្ទុកនូវអុកស៊ីសែននៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។

ហេតុនេះនៅពេលដែលកោសិកាឈាមក្រហម មានកម្រិតទាប រាងកាយរបស់អ្នកមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដូចពេលធម្មតានោះទេ ដែលនេះជាមូលហេតុធ្វើឲ្យអ្នកអស់កម្លាំង និង ខ្សោយ។  

រូបភាពតំណាង

២/ មានដង្ហើមខ្លី ឬ វិលមុខ

ដោយសារតែ ខ្លួនរបស់អ្នកមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ទើបវាធ្វើឲ្យអ្នកអាចមានអារម្មណ៍ថាវិលមុខ ឬឈឺក្បាលផងដែរ។ នេះក៏អាចនាំឱ្យមានបញ្ហាជាមួយដង្ហើម ដូចជា អ្នកមានអារម្មណ៍ថា មិនអាចដកដង្ហើមបានជ្រៅ ឬពិបាកក្នុងការដកដង្ហើម។

រោគសញ្ញាបែបនេះ គឺកម្រណាស់ ហើយជាទូទៅវាបានផ្សារភ្ជាប់ទៅនឹងស្ថានភាព ដែលមនុស្សម្នាក់កំពុងបាត់បង់ឈាមយ៉ាងច្រើន។  

រូបភាពតំណាង

៣/ ត្រជាក់ម្រាមដៃ ម្រាមជើង

ជាមួយនឹងកម្រិតជាតិដែកទាប បេះដូងរបស់អ្នកត្រូវការ ធ្វើការកាន់តែខ្លាំង ដើម្បីបូមឈាមដល់រាងកាយ ព្រោះវាមិនមានកោសិកាច្រើន ដើម្បីដឹកអុកស៊ីសែន។ ដូច្នេះម្រាមដៃ និង ម្រាមជើងរបស់អ្នកអាចមានអារម្មណ៍ថាត្រជាក់ជាងពេលធម្មតា។ 

រូបភាពតំណាង

៤/ ស្បែកមានសភាពស្លេកស្លាំង

នៅពេលដែលរាងកាយមានកម្រិតជាតិដែកទាប បេះដូងពុំមានប្រសិទ្ធភាពក្នុងការបូមឈាមបានល្អ ហេតុនេះបណ្តាលឲ្យស្បែក ក្រចក និង អញ្ចាញធ្មេញមានភាពស្លេកស្លាំង។

៥/ មានបញ្ហាបេះដូង

បេះដូងនឹងធ្វើការកាន់តែសកម្ម ដើម្បីផ្លាស់ប្តូរឈាមក្នុងរាងកាយ នៅពេលណាកម្រិតជាតិដែកមិនគ្រប់គ្រាន់។ ទាំងនេះជាមូលហេតុ ដែលធ្វើឲ្យបេះដូងមានបញ្ហាដូចជាអ្នកមានអារម្មណ៍ថា ចង្វាក់បេះដូងលោតខុសពីធម្មតាជាដើម។ 

រូបភាពតំណាង

៦/ អ្នកចេះតែឃ្លានចម្លែកខុសធម្មតា

ការឃ្លានបរិភោគអ្វីចម្លែកខុសពីធម្មតា ដែលមិនមែនជាអាហារដូចជា ទឹកកក ឬម្សៅជាដើម។

រូបភាពតំណាង

ចំណែកឯ កម្រិតជាតិដែកខ្ពស់ក្នុងរាងកាយវិញ អ្នកអាចសម្គាល់រោគសញ្ញាដូចខាងក្រោម៖

• រោគសញ្ញាដ៏សំខាន់មួយនៅពេល ដែលរាងកាយមានកម្រិតជាតិដែកខ្ពស់នោះគឺទាក់ទងនឹងក្រពះ ហើយធ្វើឲ្យអ្នកមានអាការៈទល់លាមក ក្អួតចង្អោរ ឬ ឈឺពោះជាដើម។ ដូច្នេះទាំងអស់នេះអាចបង្ហាញថា អ្នកមានកម្រិតជាតិដែកខ្ពស់៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]