បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាគិតថា ឡានដែលល្អទំនើប មានលក្ខណៈពិសេស ល្បឿនលឿន និងការរចនារូបរាង តម្លៃថ្លៃ សុទ្ធតែធ្វើពីលោហធាតុទាំងអស់មែនទេ?

ប៉ុន្តែការពិតគឺខុសស្រឡះតែម្តង។ មិនថាអ្នកបើកបរឡានស៊េរីទំនើបប៉ុនណាទេ បើសិនជាអ្នកដើរជុំវិញវា នោះអ្នកនឹងឃើញបរិមាណផ្លាស្ទិកដ៏គួរឱ្យកត់សម្គាល់នៅលើផ្ទៃឡានទាំងមូលដូចជា បន្ទះរណប កាងខាងមុខ ខាងក្រោម ចំហៀង ពីក្រោយ ជាដើម ដែលគ្របដណ្ដប់លើផ្ទៃរថយន្ត។

បើសុទ្ធតែធ្វើឡើងពីជ័រប្លាសិ្ទកអីចឹង ឡានហ្នឹងមិនអន់ជាងគេ? ឡានជ័រហ្នឹង?

សំណួរនេះបើសិនជាអ្នកយកទៅនិយាយជាមួយជាងឡាន គេច្បាស់ជាសើចឲ្យអ្នកជាមិនខាន ព្រោះថារថយន្តដែលល្អមិនស្ថិតនៅលើសម្បកក្រៅ  និងការមើលឃើញដោយភ្នែកទេ តែវាសំដៅទៅលើកម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យានៅខាងក្នុងឡាន។

ចង់ដឹងទេថា ហេតុអ្វីបានជាផ្នែកមួយចំនួននៃរថយន្តធ្វើពីប្លាស្ទិក?

យើងសូមបង្ហាញជូនប្រិយមិត្តនូវមូលហេតុសំខាន់ៗ ទាំង៥យ៉ាងដូចខាងក្រោម៖

១. ជ័រប្លាសិ្ទកមានតម្លៃថោកជាងលោហធាតុ

ជាការពិតណាស់ ជ័រប្លាសិ្ទកគឺវាមានតម្លៃថោកជាងលោហៈមួយចំនួនដូចជា អាលុយមីញ៉ូម និង​ដែកដឺរ៉ាជាដើម។ ទើបយ៉ាងនេះហើយ អ្នកផលិតរថយន្តភាគច្រើន យកជ័រប្លាសិ្ទកមកផលិតតួរថយន្ត ប៉ុន្តែជ័រប្លាស្ទិកនោះគឺជាជ័រដែលល្អ  ស្វិត មានស្តង់ដារដែលគេទទួលស្គាល់លើពិភពលោក។

២. ងាយស្រួលក្នុងការរចនាម៉ូដ

ភាគច្រើនដែលយើងឃើញរថយន្តមានរាងឡូយទំនើប និង កាងដែលមើលទៅខ្លះមានរាងស្រួច មូល កោង គឺសុទ្ធតែជាជ័រប្លាស្ទិកទាំងអស់ ព្រោះជ័រអាចបត់បែនទៅតាមអ្វីដែលយើងចង់បានស្រួលជាងលោហធាតុ។

៣. ចំណាយពេលវេលាតិចក្នុងការផលិត

បើសិនជាយើងផលិតឡានដោយប្រើលោហធាតុទាំងអស់ នោះយើងនឹងត្រូវប្រើពេលវេលាច្រើនដូចជាយើងត្រូវយកមកតោន ដំឲ្យចេញជារូបរាងជាដើម ប៉ុន្តែបើសិនជាជ័រប្លាស្ទិកវិញ យើងអាចចំណាយពេលតិចជាង។ 

៤. មានទម្ងន់ស្រាល

កាលដែលយើងយកជ័រមកផលិតចេញជាតួខ្លួននៃរថយន្តភាគច្រើន ដោយសារ  ម៉ាស៊ីនឡាន គ្រឿងខាងក្នុងឡាន កង់ឡានគឺវាមានទម្ងន់ធ្ងន់ស្រាប់ទៅហើយ អីចឹងបើសិនជាយើងយកលោហធាតុទៅធ្វើជាតួរថយន្តទាំងអស់វាពិតជាធ្ងន់ណាស់ ហើយកម្លាំងម៉ាស៊ីនដែលតម្លើងក្នុងរថយន្ត ក៏មិនអាចដំណើរការបានស្រួល  និងមិនអាចធ្វើដំណើរបានលឿនដែរ  ព្រោះតែវាមានទម្ងន់ហួសកម្រិត  ប៉ុន្តែបើសិនជារថយន្តនោះតួខ្លួនភាគច្រើនផលិតចេញពីជ័របា្លស្ទិក  វានឹងអាចរត់ដំណើរការឲ្យអស់ពីកម្លាំងម៉ាស៊ីនតែម្តង  ដូចដែលយើងបានឃើញស្រាប់  រថយន្តទំនើបៗដែលមានល្បឿនលឿនខ្លាំង  ភាគច្រើនតួខ្លួនរបស់វា ធ្វើចេញពីជ័រតែម្តង។ 

៥. ភាពធន់ទ្រាំរបស់ជ័រប្លាស្ទិក

ជ័រប្លាស្ទិកខ្លះមានភាពស្វិតក្នុងការប៉ះទង្គិចជាមួយអី្វផ្សេងៗ ដែលអាចការពារតួរថយន្តមិនឲ្យមានការខូចខាត  ឬក៏បែកបាក់  តែបើសិនជាលោហធាតុ វានឹងអាចប្រហែលជាកំពិតជាមិនខានទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]