ភ្នំពេញ ៖ សិស្សទំនើង ពីរក្រុម បើកឆាកប្រយុទ្ធគ្នា ឡើងកក្រើក នៅវិទ្យាល័យ ច្បារអំពៅ បណ្ដាលឱ្យយុវសិស្សម្នាក់ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ច្បារអំពៅ កន្លែងទីលាន បាល់ទះតែម្ដង។

តាមសាក្សី ដែលឃើញហេតុការណ៍ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា សិស្សទំនើងទាំងពីរក្រុមនោះ ធ្លាប់បានឈ្លោះគ្នាម្ដងមកហើយ កាលពីព្រឹក។ សាក្សី បន្ដថា ជនរងគ្រោះឈ្មោះ វណ្ណ ម៉ូលីកា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ ទី១១បេ១ ដែលជាភាគីម្ខាង និងភាគីម្ខាង ទៀត ឈ្មោះ សរ៉ាវីរៈយុទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ។

សិស្សឈ្មោះ វណ្ណ ម៉ូលីកា រៀនថ្នាក់ទី ១១ បេ១ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។ ចំណែកឈ្មោះ សរ៉ា វីរៈយុទ្ធ រៀនថ្នាក់ទី៧ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ។

សាក្សីបន្ដថា ភាគីទាំងពីរក្រុមនេះកាល ពីព្រឹក ភាគីឈ្មោះ វណ្ឌ ម៉ូលីកា បានវាយ ទៅលើភាគីឈ្មោះ សរ៉ា វីរៈយុទ្ធ។ លុះពេល រសៀល ក្រុមភាគីឈ្មោះ វណ្ឌ ម៉ូលីកា ក៏ត្រូវ ក្រុមភាគីឈ្មោះ សរ៉ា វីរៈយុទ្ធ ធ្វើការសង សឹកវិញ បណ្ដាលឱ្យឈ្មោះ វណ្ឌ ម៉ូលីកា រង របួសយ៉ាងដំណំ ដោយត្រូវឈ្មោះ សរ៉ា វីរៈ យុទ្ធ កាប់ឱ្យរងរបួស៥កន្លែង គឺត្រូវត្រង់ ក្បាលចំនួន២កន្លែង និងត្រូវដៃទាំងសងខាង ចំនួន៣កន្លែង។

នៅក្នុងហេតុការណ៍សិស្សដេញកាប់គ្នា ពេញវិទ្យាល័យនេះដែរ លោក គួច ចំរើន អភិបាលខណ្ឌបានចុះអន្ដរាគមន៍ដោយផ្ទាល់ ហើយបញ្ជាឱ្យតាមចាប់សិស្សទំនើង ដែល បង្កការអុកឡុកនៅក្នុងវិទ្យាល័យ ដើម្បីយក មកធ្វើការអប់រំ និងមើលមុខអាណាព្យា បាល។

លោកអភិបាលខណ្ឌ បានមានប្រសាសន៍ ថា សូមឱ្យលោកនាយកវិទ្យាល័យស្រាវជ្រាវ ប្រវត្ដិសិស្សដែលដេញកាប់ចាក់គ្នានេះ តើ ចេញប្រភពមកពីខាងណា ? ដើម្បីងាយ ស្រួលក្នុងការក្ដាប់មុខសញ្ញាសិស្សខិលខូច។

គួរបញ្ជាក់ថា វិទ្យាល័យច្បារអំពៅ ឧស្សាហ៍កើតមានក្រុមបងតូចបងធំ ដេញ កាប់គ្នាយ៉ាងប្រសេចប្រសាចពេញផ្លូវ។ ប្រជា ពលរដ្ឋមិនដឹងថា បទបញ្ជាផ្ទៃក្នុង ឬវិន័យ របស់វិទ្យាល័យចែងបែបណាទេ បានជាសិស្ស ហាក់មិនគោរពវិន័យសាលាយ៉ាងនេះ ?

បច្ចុប្បន្នជនបង្កឈ្មោះ សរ៉ា វីរៈយុទ្ធ រត់ គេចខ្លួន ចំណែកឈ្មោះ វណ្ណ ម៉ូលីកា ត្រូវយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ៕

 
 
 
 
ដោយ ៖ ប៉ិច នរៈ 
ផ្តល់សិទ្ធដោយ ដើមអម្ពិល
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]