ចិន៖ ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បាន ពីធីរៀបមង្គលការមួយ លក្ខណៈឡូយឆាយ អស្ចារ្យ ខ្ពស់មុខខ្ពស់មាត់ ស្របទៅតាមលទ្ធភាពដែលខ្លួនមាន មិនខុសពីពាក្យថា មួយជាតិការម្តងនោះឡើយ។

ដោយឡែក បើក្រឡេកទៅមើលអាពាហ៍ពិពាហ៍ របស់គូស្នេហ៍ថ្មីថ្មោងជនជាតិចិនមួយគូនេះវិញ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្នុងវណ្ណៈអភិជន មានទ្រព្យសម្បត្តិស្តុកស្តម្ភ បានចាយលុយអស់មិនស្ទើរ ដោយកូនកម្លោះបានជួលលេងសុទ្ធតែឧទ្ធម្ភាគចក្រ និងរថយន្តស៊េរីទំនើប បើកហែហមចូលរួមក្នុងពិធី បង្កឲ្យមានការភ្ញាក់ផ្អើលដល់គេឯងតែម្តង។

រូបភាពខ្លះៗក្នុងមង្គលការនោះ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ពិធីរៀបមង្គលការខាងលើនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃច័ន្ទ ទី២៣ មេសា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Weifang ខេត្ត Shandong ប្រទេសចិន។

កូនកម្លោះជាអ្នកមានទ្រព្យ ត្រូវបានគេដឹងថា បានជួលឧទ្ធម្ភាគចក្រចំនួន ២គ្រឿង រថយន្តម៉ាកល្បីស៊េរីទំនើបចំនួន ៣០គ្រឿង ដោយក្នុងនោះរួមមាន Rolls-Royces, Maseratis, និង Lamborghinis បើកហែហមទៅចូលរួមក្នុងពិធី យ៉ាងសម្ញែង ដែលអាចធ្វើឲ្យអនាគតភរិយារបស់គាត់ នឹងចងចាំមិនភ្លេចនូវថ្ងៃដ៏ពិសេស និងអស្ចារ្យនេះ ក្នុងមួយជីវិតតែម្តង។

ចំណែកឯ អ្នកហែហមតាមក្បួនដង្ហែ ឧទ្ធម្ភាគចក្រ និងរថយន្តទំនើប គេឃើញថា ក៏បានស្លៀកពាក់តុបតែងខ្លួន ទាំងប្រុសទាំងស្រី ក្នុងឈុតសម្លៀកបំពាក់ដូចៗគ្នា យ៉ាងស្រស់ស្អាតផងដែរ។

បើទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាព និងវីដេអូឃ្លីប នៃពិធីមង្គលការនេះ ត្រូវបានបង្ហោះចែកចាយ ក្នុងនោះអ្នកលេងបណ្តាញសង្គមជាច្រើន ខ្លះក៏បានបង្ហាញការចាប់អារម្មណ៍ និងចង់បានសេចក្តីសុខបែបនេះដូចជាពួកគេ ខណៈក៏មានអ្នកខ្លះទៀត បានសម្ដែងការរិះគន់យ៉ាងខ្លាំង ទៅលើការខ្ជះខ្ជាយលុយឥតប្រយោជន៍ អួតសម្ញែងគេឯងនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាពខ្លះៗក្នុងមង្គលការនោះ
រូបភាពខ្លះៗក្នុងមង្គលការនោះ
រូបភាពខ្លះៗក្នុងមង្គលការនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]