ភ្នំពេ៖ អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាន​ទទួល​លិខិតអនុញ្ញាតលេខ ធ ៧.០១៧.១០៩១ ឆត ពី​ធនាគារ​ជាតិនៃ​កម្ពុជា និង​អាជ្ញាបណ្ណលេខ ២២៩ សហវ.អឧហ.ធរ ពីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ សម្រាប់​ការ​សហការជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង ក្នុងការ​ណែនាំដំណោះស្រាយធានារ៉ាប់រងជូនទៅកាន់អតិថិជនរបស់ខ្លួន។ អម្រឹត នឹង​ចាប់ដៃគូជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដើម្បី​បង្កើន​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​លើកស្ទួយសុខុមាលភាពរបស់អតិថិជនរបស់ខ្លួន ទូទាំង​ប្រទេសកម្ពុជា។

ការ​សហការនេះ នឹង​ផ្តល់ជូន​អតិថិជន​របស់​ អម្រឹត ប្រមាណ ៤សែននាក់ នូវឱកាសដើម្បីទទួល​បាន​ដំណោះ​ស្រាយ​ធានារ៉ាប់រង​ជីវិត​ឈានមុខគេ​របស់ អេ អាយ អេ ខេមបូឌា ដែល​ដំណោះ​ស្រាយទាំងនោះរួម​មានជាពិសេសនូវការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ករណី​មាន​ជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីក គាំងបេះដូង និង​ដាច់សរសៃឈាមខួរក្បាល ជាដើម។

លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍​ថា៖

“យើង​ខ្ញុំ​សូម​អរគុណ​ដល់ធនាគារជាតិនៃ​កម្ពុជាចំពោះ​ការ​អនុញ្ញាត ហើយនិង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចំពោះការផ្តល់អាជ្ញាបណ្ណនេះ។ ចាប់ពីពេលនេះតទៅ យើង​អាចធ្វើ​ឲ្យសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន​យើង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ តាម​រយៈ​ដំណោះ​ស្រាយ​ធានារ៉ាប់រង​ជីវិត​របស់​ អេ អាយ អេ ខេមបូឌា។”

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏​បាន​លើកឡើង​ថា៖

“យើងខ្ញុំ​រីករាយចំពោះការ​ទទួល​បាន​ឱកាស​ធ្វើការសហការជាមួយ អម្រឹត។ អម្រឹត មានសាវតារ​យ៉ាង​ល្អក្នុង​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ដ៏លេចធ្លោ ដែលបានជួយ​លើកស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជនកម្ពុជា​ជាច្រើន​នាក់។ តាម​រយៈការ​ចាប់​ដៃគូនេះ យើង​នឹងជួយការ​ពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន អម្រឹត និង​គ្រួសារ​របស់​គាត់ ឲ្យ​បាន​កាន់តែប្រសើរ”។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]