(សៀមរាប)៖ ករណីប្រធានគ្រប់គ្រងផ្សារកុងទីន័រ នៅក្រុងសៀមរាប ខេត្តសៀមរាប វាយអ្នករើសអេតចាយផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុច​ផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតស្តាតចាស់ ជាប់សណ្ឋាគារ​សូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ក្រុងសៀមរាប ផ្អើលពេញ Facebook នោះ ​ត្រូវសមត្ថកិច្ច​បានហៅភាគីទាំង២ មកបញ្ចប់បញ្ហាប្រកបដោយភាពស្និតស្នាល និងមនោសញ្ចាតនា។

ការសម្របសម្រួលបញ្ចប់រឿងនេះ ធ្វើឡើងដោយមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់ឲ្យលោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរទទួលផែនព្រហ្មទណ្ឌ សហការ​លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នគរបាលក្រុងសៀមរាប បើកការស៊ើបអង្កេតរកហេតុផលជាក់ស្តែង នៃករណីនេះ។

មន្ដ្រីនគរបាលខេត្តសៀមរាប បានរៀបរាប់ថា ជាលទ្ធផល​​កម្លាំងបានធ្វើការស្រាវជ្រាវរកឃើញ​កន្លែងកើតហេតុ និងកោះហៅ ជនដែលមានការសង្ស័យពាក់ពន្ធ័ មកបំភ្លឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

មុនពេលកើតហេតុ នៅចំណុច​ផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង ក្រុងសៀមរាប បុរសម្នាក់ឈ្មោះ ណាំ ហោ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរដើររើសអេតចាយ បានជិះកង់ទាំងស្រវឹងស្រា ហើយចូលទៅអង្គុយបន្ទរបង់ (បត់ជើងធំ) នៅខាងមុខការិយាល័យ​ធ្វើការ បុគ្គលិកផ្សារសៀមរាប ខនធែនន័រ ណាយម៉ាកឃីត ពេលនោះឈ្មោះ សយ សោភណ្ឌ័ ហៅប៊ី អាយុ៣៨ឆ្នាំ មុខរបរ​ជាប្រធានគ្រប់គ្រោងផ្សារ បានឃើញហើយស្រែកជេរ ឈ្មោះ ណាំ ហោ ដោយខឹងឈ្មោះ សយ សោភណ្ឌ័ ក៏បានរើសយកកំណាត់ឈើ ដែលនៅក្បែរកន្លែងកើតហេតុ វ៉ៃទៅលើឈ្មោះ សយ សោភ័ណ្ឌ ត្រូវផ្នែកខ្នងមួយដំបង ឈ្មោះ សយ សោភ័ណ្ឌ ក៏បានវ៉ៃតបតរ និងស្រែកជេរ ទៅលើឈ្មោះ ​ណាំ ហោ ដោយឲ្យបុរសម្នាក់ទៀតឈ្មោះ ស៊ី សាវឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខ ឈរកាន់ទូរសព្ទ័របស់ខ្លួន ថតជាវិដេអូឃ្លីប ទុកផងដែរ​។

ដោយឈឺបត់ជើងធំ ហើយស្រវឹងស្រាផង នឹងត្រូវគេវាយទាត់ធាក់ទៀតផងនោះ ឈ្មោះ ណាំ ហោ បានដួលដេកទៅលើដី ដោយឃើញដូចច្នោះ ឈ្មោះ សយ សោភ័ណ្ឌ ក៏បានឲ្យលុយចំនួន៥ម៉ឺនរៀល ទៅឈ្មោះ ស៊ី សាវឿន និងសន្តិសុខម្នាក់ទៀត ដើម្បីហៅ​រ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកឈ្មោះ ណាំ ហោ និងកង់មួយគ្រឿង ទៅមន្ទីពេទ្យ ក៏ប៉ុន្តែពេលទៅដល់ចំណុចរង្វង់មូលព្រះរាជដំណាក់ ឈ្មោះ ណាំ ហោ ក៏បានស្រែកប្រាប់អ្នកបើករ៉ឺម៉កម៉ូតូឲ្យឈប់ ហើយគាត់ក៏បានលើកកង់ ដែលនៅលើរ៉ឺម៉ក​ចុះ ហើយឡើងជិះកង់​ចេញទៅបាត់ទៅ។

លោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅចំពោះមុខមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អ្នកដែលមានវត្តមាន នៅក្នុងហេតុការណ៍នេះ បានឆ្លើយបំភ្លឺដំណើររឿង មានភាពស្រប​ប្រហាក់ប្រហែលគ្នា ដូចបានរៀបរាប់ខាងលើ ដោយឡែក ឈ្មោះ ណាំ ហោ និងឈ្មោះ សយ សោភ័ណ្ឌ ក៏មិនព្រមដាក់ពាក្យបណ្តឹង ប្តឹងគ្នាទៅវិញទៅមកនោះទេ។

​ពាក់ព័ន្ធនឹងករណីហិង្សា​នេះដែរ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ក៏បានណែនាំ និង​អនុញាតឲ្យមានការធានា​ភាគីទាំងសង្ខាង ត្រឡប់ទៅលំនៅស្ថានវិញជាបណ្តោះអាសន្ន​។ ចំណែកឯសំណុំរឿង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាង និងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី​។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ​ក៏សូមការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវ​បកស្រាយជូនមហាជន ពីព្រោះករណីនេះ​គ្មានពាក្យបណ្តឹង ហើយ​ឈ្មោះ ណាំ ហោ នេះមិនមានអ្នកណាស្គាល់ទីលំនៅរបស់គាត់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]