ប្រេស៊ីល៖ លោក Ronaldinho និយាយថា កីឡាករ Paul Pogba អាចនឹងក្លាយជាកីឡាករឆ្នើមមួយរូបនៅលើពិភពលោក ប៉ុន្តែរូបគេត្រូវធ្វើរឿងមួយចំនួនសិន។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះបាននិយាយក្នុងបទសម្ភាសមួយថា Pogba ជាកីឡាករដែលមានវ័យក្មេង មានទេពកោសល្យល្អ និងអាចលេងបានស្ទើតែគ្រប់កន្លែងទៅហើយ មិនថាការពារឬប្រយុទ្ធនោះឡើុយ។

អតីតកីឡាកររបស់ក្រុម Paris Saint Germain បានបន្តថា ខ្សែបម្រើសញ្ជាតិបារាំងរូបនោះមានអ្វីៗគ្រប់យ៉ាង ទាំងសមត្ថភាព ទាំងអត្តចរឹត ដែលអាចធ្វើឲ្យរូបគេមានលក្ខណៈជាកីឡាករពិសេសម្នាក់ ហើយរូបគេអាចនឹងមានជោគជ័យយ៉ាងច្រើននៅក្នុងអាជីពខ្លួន។

កីឡាករ Paul Pogba

យ៉ាងណាមិញ លោក Ronaldinho បានផ្តល់ដំបូន្មានឲ្យខ្សែបម្រើរបស់ក្រុម Manchester United រូបនោះមានការស៊ូទ្រាំឡើង ទោះបីជារូបគេមិនត្រូវបានគ្រូបង្វឹកឲ្យជាប់ក្នុងជម្រើសដំបូងក៏ដោយ។

អតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិប្រស៊ីលរូបនេះបានពន្យល់ថា លោកបានយល់ច្បាស់នូវរបៀបបង្វឹករបស់លោក Mourinho ហើយនៅពេលដែលគ្រូបង្វឹករូបនេះមិនឲ្យកីឡាករណាមួយជាប់ក្នុងជម្រើសដំបូង នោះមានន័យថាកីឡាករនោះមិនមានទម្រង់លេងល្អ ហើយលោក Mourinho ចង់ឲ្យកីឡាកររូបគេហ្វឹកហាត់ឲ្យកាន់តែខ្លាំងបន្ថែមទៀត។ 

កីឡាករ Paul Pogba និង​ លោក Jose Mourinho

ប៉ុន្តែអតីតកីឡាកររបស់ក្រុម AC Milan រូបនេះបានបញ្ជាក់ទៀតថា ផ្ទុយទៅវិញ កីឡាករខ្លះយល់ឃើញថាការជម្រុញទឹកចិត្តបែបលោក Mourinho គឺជាការធ្វើបាបទៅវិញ បែបនេះហើយ ពួកគេបែរជាចង់ចាកចេញពីក្លិប ដោយសារពួកគេមិនចង់ធ្វើការហ្វឹកហាត់ឲ្យកាន់តែខ្លាំងដូចអ្វីដែលគ្រូបង្វឹកចង់បាន។

អតីតកីឡាកររបស់ Barcelona រូបនេះបាននិយាយយ៉ាងមុតមាំថា បើ Pogba ខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងជាងនេះ លោកជឿជាក់ថា អតីតខ្សែបម្រើរបស់ក្រុម Juventus រូបនោះនឹងអាចឈ្នះពាន Ballon d’Or យ៉ាងងាយស្រួល។

កីឡាករ Paul Pogba

គួរបញ្ជាក់ផងដែរថា កីឡាករ Ronaldinho ក៏ធ្លាប់បានឈ្នះពានរង្វាន់ Ballon d’Or ផងដែរ គឺកាលពីឆ្នាំ២០០៥ ដោយពេលនោះ លោកបានកំពុងលេងឲ្យក្រុមអ្នកមានបុណ្យ Barcelona៕

កីឡាករ Ronaldinho ពេលឈ្នះ Ballon d'Or

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]