រាជធានី​ភ្នំពេញ ៖ ជម្លោះ​គ្នា​មួយ​ដែល​គេ​ដឹង​ថា បាន​កើតឡើង​តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ ក៏​មានការ​បើក​​ឆាក​ប្រ​យុ​ទ្ឋ​គ្នា​បណ្ដាល​ឱ្យ​នារី​ម្នាក់ ​ត្រូវ​គេ​បាញ់​ធ្លាយ​កំភួនជើង​ខាងឆេ្វង ចំណែក​អ្នក​បាញ់​ត្រូវ​បាន​ក្រុម​​ជន​ស្ទាវ​ដែល​នៅ​ជិត​នោះ​ នាំ​គ្នា​ដេញ​វាយ​របួស​ហូរ​ឈាម​ជោក​ខ្លួន​ ត្រូវ​បាន​សមត្ថកិច្ច​មក​ដល់​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅសង្គ្រោះ ។ 

ហេតុការណ៍​ខាងលើ​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ ​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​២៣ មេ​សា ស្ថិតនៅ​ចំណុច​មុខ​សួន​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

នារី​រង​គ្រោះ​ដែល​ត្រូវ​គេ​បាញ់រង​របួស​ឈ្មោះ គី​ម សុជាតា អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​អ្នក​បាញ់​ឈ្មោះ ឡុ​ង សម្បត្តិ អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​តាម​អន​ឡាញ មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​បងប្រុស ផ្ទះ​លេខ​២៨ ផ្លូវ​២២៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។ 

បើ​តាម​សំដី​នារី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​រូប​នាង​មាន​ទំនាស់​ជាមួយ​ជន​ដែល​បាញ់​នោះ​តាំងពី​ល្ងាច ស្រាប់តែ​យប់​ជ្រៅ​ពេល​​នាង​កំពុង​តែ​ផឹក​សុ​ី​ជុំ​គ្នា ​នៅ​លើ​សួន​មុខ​ណា​ហ្គា​វើ​ល ក៏​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ពីរ​បី​ជុំ​សួន ឃើញ​ដូច​នោះ​ នាង​ក៏​ប្រាប់​ក្រុម​បងធម៌​ថា បុរស​នឹង​ហើយ​ដែល​រករឿង​ខ្ញុំ​ពី​ល្ងាច ។

ពេល​បានឮ​ខ្លួន​និយាយ​ប្រាប់​បែប​នេះ ពួក​គេ​ក៏​ទៅ​កាក់​ម៉ូតូ​បុរស​នោះ​ដើម្បី​សួរនាំ និង​បាន​វាយ​ទៅ​លើ​បុរស​ដែល​ហ៊ាន​ឈ្លោះ​គ្នា​ជាមួយ​នារី​ប្អូនធម៌ គឺ​វាយ​ទៅ​លើ​បុរស​នោះ​ជា​ច្រើន​ដៃ ទើប​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ក៏​ដក​កាំភ្លើងខ្លី​K៥៩​បាញ់​ផូង ​ត្រូវ​នារី​ជា​ប្អូនធម៌​ចំ​កំភួនជើង​មួយ​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល អ្នក​នៅ​ជិត​នោះ​ស្មាន​ថា​ជា​ករណី​បាញ់​ប្លន់ ។ ក្រោយ​ពី​បាញ់​នារី​រូប​នោះ​​រង​របួស​ហើយ ខ្មាន់កាំភ្លើង​បំរុង​គេចខ្លួន តែ​ត្រូវ​ក្រុម​ជន​ស្ទាវ​ដែល​នៅ​ជិត​នោះ នាំ​គ្នា​ដេញចាប់​និង​វាយ​សល់​តែ​ដង្ហើមចង្រិត ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​និង​ដកហូត​បាន​កាំភ្លើងខ្លី​K៥៩​មួយ​ដើម នៅ​សល់​គ្រាប់​ចំនួន​ប្រាំ​គ្រាប់​ទៀត ។ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​អ្នក​បាញ់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ព្រោះ​ត្រូវ​គេ​វាយ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​​ដើម្បី​រក​ឱ្យ​ឃើញ​ថា មក​ពី​មូលហេតុ​អ្វី​គ្រាន់តែ​រឿង​ទំនាស់​សោះ​ ឈាន​ដល់​ថ្នាក់​បាញ់ ហើយ​តើ​អាវុធ​នេះ​ ជា​ការ​កាន់កាប់​ស្របច្បាប់ ឬ​បែប​ណា ? ការ​ប្រើប្រាស់​អាវុធ​បច្ចុប្បន្ន​នៅ​តែ​គ្រប់គ្រង​មិន​បាន ៕ ​

ខ្មាន់កាំភ្លើង
ខ្មាន់កាំភ្លើង
ខ្មាន់កាំភ្លើង
ខ្មាន់កាំភ្លើង
ខ្មាន់កាំភ្លើង

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]