​រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​សក្តិ​៤​កន្លះ​ម្នាក់​​នៃ​ក្រសួងការពារជាតិ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន ក្រោយ​ពី​គាត់​បាន​ប្រើប្រាស់​ហិង្សា​លើ​ប្រពន្ធ និង​បាន​បណ្តេញ​ប្រពន្ធ​រួម​ជាមួយ​កូនប្រុស-ស្រី​តូច​ៗ២​នាក់ ព្រមទាំង​ជញ្ជូន​របស់របរ​មួយ​ចំនួន​ឱ្យ​ដេក​ក្រៅ​ផ្ទះ ។ 

ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មេ​សា នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ក្បែ​បុរី​ភ្នំពេញ​ថ្មី ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​ ។ ជនសង្ស័យ​ឈ្មោះ ម៉ែ​ន វី​រៈ ហៅ វី​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ។

តាម​ការ​រៀប​រាប់​​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កូវ សុវណ្ណ​លី​ណា ឱ្យ​ដឹង​ថា នាង​បាន​រៀប​ការ​ជាមួយ​ប្តី​រូប​នេះ​តាំងពី​ឆ្នាំ​២០០៩ មក​ម្លេ៉ះ រហូត​មានកូន​ប្រុស​-ស្រី​២​នាក់ ។ ស្ត្រី​ដដែល​បន្ត​ថា ចាប់តាំងពី​បាន​គ្នា​ជា​ដៃគូ​ជីវិត​មក ប្តី​រូប​នេះ​​តែងតែ​ជេរ​ប្រមាថ​មាក់ងាយ​នាង និង​ដៀល​ពូជ​អំបូរ ព្រមទាំង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ រហូត​នាង​ទ្រាំ​ពុំ​បាន បាន​ឈាន​ដល់​ការ​ប្តឹងប្តល់​លែងលះ​គ្នា​ដាច់​ស្រេច​​​ដល់​តុលាការ​ផង​ដែរ ។ ប៉ុន្តែ​ក្រោយមក បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​ខាង​ឪពុក​ម្តាយ​ខាង​ប្តី នាង​ក៏​ព្រម​នាំ​កូន​មក​រួម​រស់នៅ​ជានា​ជាមួយ​ប្តី​ម្តងទៀត​នៅ​ឆ្នាំ​២០១៧ ។

ស្ត្រី​ដដែល​បន្ត​ថា ការ​មក​រួម​រស់នៅ​បាន​មួយ​រយៈ​ក្រោយមក លោក​ប្តី​នៅ​តែ​មិន​បោះបង់​អំពើ​កំរោល​របស់​ខ្លួន តែង​ឧស្សាហ៍​បង្ក​សកម្មភាព​ដូច​ពេល​មុន​ៗ​ដដែល ។ ជាក់ស្តែង នៅ​​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ មេ​សា ប្តី​មក​ពី​ផឹកស៊ី​ស្រវឹង​នៅ​ខាងក្រៅ ចូល​មក​ដល់​ផ្ទះ​បាន​ជេរ​ប្រមាថ​​ដល់​នាង​ជា​ប្រពន្ធ និង​បាន​ប្រើ​ហិង្សា​លើ​រូប​នាង​ផង​ដែរ ដោយ​បាន​បណ្តេញ​នាង​និង​កូន​តូច​ៗ២​នាក់ និង​ប្រមូល​សម្ភារ​មួយ​ចំនួន​ដូច​ជា​ពូក ខ្នើយ និង​សម្លៀក​​បំពាក់​ជាដើម​ឱ្យទៅ​ដេក​ក្រៅ​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ ។

មន្ត្រី​អាវុធហត្ថ​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ និង​ជា​ជន​រង​គ្រោះ​នៅ​វេលា​រំលង​អធ្រាត្រ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ទៅ​ឃាត់ខ្លួន​បុរស​រូប​នោះ​ភ្លាម​ៗ ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ ។

ព័ត៌មាន​ចុង​ក្រោយ

នៅ​ថ្ងៃ​ទី​២២ មេ​សា តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ជា​ប្តី​ដែល​ចិត្ត​ឥត​មេត្តា​បណ្តេញ​ប្រពន្ធ​និង​កូន​ឲ្យ​ដេក​ក្រៅ​ផ្ទះ​កណ្តាល​យប់ ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ចាប់​បញ្ជូន​បន្ត​ទៅ​អាវុធហត្ថ​រាជធានី ៕ ​

មន្ត្រី​យោធា​ដេញកូនប្រពន្ធទាំងកណ្តាលអធ្រាត្រ
មន្ត្រី​យោធា​ដេញកូនប្រពន្ធទាំងកណ្តាលអធ្រាត្រ
មន្ត្រី​យោធា​ដេញកូនប្រពន្ធទាំងកណ្តាលអធ្រាត្រ
មន្ត្រី​យោធា​ដេញកូនប្រពន្ធទាំងកណ្តាលអធ្រាត្រ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]