រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​៤​គ្រឿង និង​រថយន្ត​ចំនួន​២​គ្រឿង រួម​ជាមួយ​មនុស្ស​៣​នាក់ ត្រូវ​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​មួយ​គ្រឿង RX300 បើក​បុក​រះ រួច​ព្យាយាម​បើក​រត់គេច​តាំងពី​ចំណុច​មុខ​បុរី​ប៉េង ហួត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខណ្ឌ​ច្បារ​អំពៅ ដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ។

ម៉ូតូ​ដែល​រង​ការ​ខូចខាត​មាន​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទុយោ​មួយ​គ្រឿង ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង , ម៉ូតូ​ស្គុ​ប​ពី​មួយ​គ្រឿង , ម៉ូតូ​ស្មាស​វី​មួយ​គ្រឿង , រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​មួយ​គ្រឿង រួម​ជាមួយ​រថយន្ត​២​គ្រឿង​ទៀត ។

អ្នក​ឃើញ​ហេតុ​ការ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​RX300 ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ​ភ្នំពេញ 2L-3636 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក៏​បាន​រេ​ចង្កូត​ទៅ​ប៉ះ​រ៉ឺ​ម៉ក​ដឹក​ទុ​យ​យោ​មួយ​គ្រឿង បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​មិន​មាន​អ្នក​របួស ហើយ​រថយន្ត​មិន​បាន​ឈប់​ទេ ក៏​បន្ថែម​ល្បឿន​បន្ត​ទៅ​មុខ​ក៏​បុក​នឹង​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​ដែល​ជិះ​ធ្វើ​ដំណើរ​ដោយ​ក្មេង​ស្រី​ម្នាក់ បណ្តាល​ឲ្យ​របួសស្រាល ។

ភ្លាម​នោះ​រថយន្ត​មិន​បាន​ឈប់​ឡើយ​ក៏​បន្ត​បើករ​ត់ទៅ​បុក​នឹង​ម៉ូតូ​ស្គុ​ប​ពី​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​អ្នក​ជិះ​រង​របួសស្រាល ហើយ​រថយន្ត​បន្ត​ទៅ​មុខ​បុក​នឹង​រថយន្ត​ដឹក​ដី​ធំ​ធុន​មួយ​គ្រឿង​ទៀត នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ។

ក្រោយ​បុក​រួច រថយន្ត​បន្ត​ល្បឿន​បើក​ឆ្លងស្ពាន រហូត​ដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ក៏​ទៅ​បុក​នឹង​រថយន្ត​ម៉ាស​ស្តា នគរបាល​មួយ​គ្រឿង​ផ្សេង​ទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បាក់​ភ្លៅ​ស្តាំ ។ ដោយឡែក​រថយន្ត​បង្ក​ត្រូវ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ទើប​មិន​អាច​បន្តដំណើរ​ទៅ​មុខ​រួច​ទៀត ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​បុរស​ខាងលើ ដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ភ្លាម ខណៈ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ខឹងសម្បា​ជាមួយ​បុរស​រូប​នោះ​ជា​ខ្លាំង នឹង​អាច​ឈាន​ដល់​កើត​មាន​ហិង្សា​ក៏​ថា បាន ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​មិន​ទាន់ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ទាំង​រថយន្ត​បង្ក និង​យានយន្ត​ក៏​ដូច​ជា យានជំនិះ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​២​ខណ្ឌ សហការ​ជាមួយ​ជំនាញ អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ជន​រង​គ្រោះ​មួយ​ចំនួន​ដែល​រង​របួស​ពី​ដំបូង ពិសេស​រង​របួសស្រាល មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​ខណ្ឌ​នោះ​ទេ ពោល​ពួក​គាត់​រង​របួស​គួរសម ទើប​សម្រេច​មិន​ប្តឹងផ្តល់ ហើយ​ត្រឡប់​ទៅ​វិញ​ដោយ​ខ្លួនឯង ខណៈ​មិន​ទាន់​ដឹង​ថា រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ។

យ៉ាងណាមិញ បច្ចុប្បន្ន​រថយន្ត​បង្ក​រួម​ទាំង​អ្នក​បើក​ត្រូវ​បាន​ចាប់ខ្លួន ដូច្នេះ​ប្រសិនបើ​បងប្អូន​ដែល​ត្រូវ​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ អាច​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន ព្រោះ​រឿង​នេះ​បា​នប​ញ្ចូ​ន​ឲ្យ​នគរបាល​ការិយាល័យ​ខាងលើ ជា​អ្នក​ទទួល​បន្ទុក​បន្ត​នីតិវិធី ៕

ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]