(ព្រះសីហនុ)៖ ចោរមួយក្រុមមានគ្នា៣នាក់ ​ធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច នៅចំណុចក្រុម២៤ ភូមិ២ សង្កាត់៤ ក្រុង​ព្រះសីហនុ តែពេលកំពុងដឹកមកលក់នៅរាជធានីភ្នំពេញ មិនទាន់ដល់ពាក់កណ្ដាលផ្លូវផង ក៏ត្រូវសមត្ថកិច្ចបង្ក្រាបនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅ​ចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោយកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ ហើយភ្លាមនោះ​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងបើកប្រតិបត្តិការភ្លាមៗ ដោយមានការសហការគ្នារវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល និងនគរបាលស្រុកព្រៃនប់។​

​ស្ដ្រីជនរងគ្រោះឈ្មោះ សុខ ស្រីសរ ​អាយុ​២៥ឆ្នាំ មុខរបរ​បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង​​ព្រះសីហនុ បានបាត់បង់​ម៉ូតូ​០១គ្រឿង ម៉ាក​ស្តុបពី ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥០៥០៦៩២​។ ដោយឡែកជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ ជា លក្ខណាបញ្ញា ហៅ​ម៉ិញ អាយុ​២៦ឆ្នាំ, ទី២៖ឈ្មោះ សុំ រ៉ាវី អាយុ​២៥ឆ្នាំ និងទី៣៖ឈ្មោះ ពៅ ណាឃីម ​អាយុ​២៣ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ កុល ផាលី ក្រោយបង្ក្រាបបាន កម្លាំងនគរបាលជំនាញដកហូតបាន ​ម៉ូតូ​០១គ្រឿង ម៉ាក​ស្តុបពី ដែលជារបស់ជនរងគ្រោះ និងរថយន្ត​០១គ្រឿង ម៉ាក​កាំម៉ារីឆ្លាម ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ​២L-០១២០ ដែលជាមធ្យោបាយសម្រាប់ដឹកម៉ូតូ​យកទៅលក់នៅភ្នំពេញ​។

សូមជម្រាបថា ករណីនេះនៅពេលដែលជនសង្ស័យធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូរួចហើយ បក្ខពួក​ទាំង៣នាក់បានយកម៉ូតូ ម៉ាកស្កុបពី ដែលពួកគេលួចបាន ដាក់នៅពីក្រោយរថយន្ត ម៉ាក​កាំម៉ារីឆ្លាម ដើម្បីជិះគេចខ្លួន និងបន្លំភ្នែកសមត្ថកិច្ច​ តែ​កម្លាំងជំនាញ បានប្រើប្រាស់នូវវិធានការជំនាញ ធ្វើការបង្ក្រាបបានទាំងស្រុង។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ចោរមួយក្រុមមានគ្នា៣នាក់
ម៉ូតូដែលចោរ ត្រូវបានលួច

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]