ជាការពិតណាស់ ការនិយាយអំពីការពន្យាកំណើត ឬការការពារមិនឲ្យមានផ្ទៃពោះ នៅតែជារឿងមួយគួរឲ្យខ្មាសអៀន សម្រាប់ស្រ្តីខ្មែរយើង។ ប៉ុន្តែផ្ទុយទៅវិញ វាគឺជារឿងមួយដ៏សំខាន់បំផុត ដែលមិនអាចឈប់បាន ត្រូវតែជជែកពិភាក្សាជាមួយនឹងបញ្ហាមួយនេះ ព្រោះវាទាក់ទងយ៉ាងខ្លាំង នៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។

ដូច្នេះហើយ ទើបយើងបានលើកយកមធ្យោបាយមួយចំនួន ដើម្បីការពារពីការមានផ្ទៃពោះ សម្រាប់ស្វែងយល់ជាចំណេះដឹងទូទៅ ដែលអ្នកគួរដឹង។

ចូរស្វែងយល់អំពីវិធីសាស្រ្តការពារពីការមានផ្ទៃពោះ ដូចខាងក្រោម៖

១/ ការប្រើប្រាស់ស្រោមអនាម័យបុរស

ការប្រើប្រាស់ស្រោមអនាម័យ ចំពោះបុរសឲ្យបានត្រឹមត្រូវ នៅពេលរួមភេទ គឺមិនត្រឹមតែអាចការពារ មិនឲ្យមានផ្ទៃពោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយការពារពីជំងឺកាមរោគបានទៀតផង។

ទន្ទឹមនឹងនេះផងដែរ ស្រោមអនាម័យមានប្រសិទ្ធភាព ការពារពីការមានផ្ទៃពោះរហូតដល់ជាង ៨០ភាគរយឯណោះ នេះបើយោងតាមការបកស្រាយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។ 

២/ ស្រោមអនាម័យស្ត្រី

ស្រោមអនាម័យស្រ្តី ក៏អាចប្រើបានដោយមិនចាំបាច់មានវេជ្ជបញ្ជាបានដែរ ប៉ុន្តែវិធីសាស្រ្តមួយនេះ ពុំសូវមានការប្រើប្រាស់នោះឡើយ។ ព្រោះវាមានប្រសិទ្ធភាពក្នុងការការពារមិនឲ្យមានផ្ទៃពោះត្រឹមតែ ៧៩ភាគរយប៉ុណ្ណោះ។ ម្យ៉ាងទៀត ស្រោមអនាម័យស្រ្តី ក៏ពុំសូវមានលក់នៅលើទីផ្សារឡើយ។ 

រូបភាពតំណាង

៣/ ការប្រើប្រាស់ Spermicide

Spermicide វាគឺជាថ្នាំជែលស្រដៀង ទៅនឹងស្រោមអនាម័យបុរស ដែលអាចរកទិញបាននៅតាមឱសថស្ថាន ហើយវាមានប្រសិទ្ធភាព ក្នុងការការពារពីការមានផ្ទៃពោះប្រហែល ៧១ភាគរយ។ 

គួរបញ្ជាក់ផងដែរថា អ្នកត្រូវប្រើវារយៈពេល ១០នាទីមុនពេលរួមភេទ និងត្រូវពិភាក្សាឲ្យបានលម្អិតជាមួយគ្រូពេទ្យអំពីរបៀបប្រើប្រាស់។

៤/ ការលេបថ្នាំពន្យាកំណើត

ថ្នាំពន្យាកំណើត មានពីរប្រភេទ គឺបញ្ឈប់ការមករដូវ និងពន្យាកំណើតដោយមិនមានការបញ្ឈប់រដូវ។ ជាមួយគ្នានេះដែរ វាត្រូវបានគេដឹងថា ថ្នាំពន្យាកំណើតមានច្រើនម៉ាកខុសៗគ្នា ហើយវាមានប្រសិទ្ធភាព ក្នុងការពន្យាកំណើតរហូតដល់ទៅ ៩៩ភាគរយ ប្រសិនបើអ្នកប្រើប្រាស់តាមវេជ្ជបញ្ជាពេទ្យត្រឹមត្រូវ។  

រូបភាពតំណាង

៥/ ការចាក់ថ្នាំពន្យាកំណើត

កាចាក់ថ្នាំពន្យាកំណើត ជាទូទៅត្រូវបានផ្តល់ដោយវេជ្ជបណ្ឌិតជារៀងរាល់ ១២សប្តាហ៍ម្តង ហើយវាមានប្រសិទ្ធភាព ការពារមិនឲ្យមានផ្ទៃពោះរហូតដល់៩០ភាគរយ។

ទន្ទឹមនឹងនេះផងដែរ ការជ្រើសរើសយកវិធីនេះ អ្នកចាំបាច់ត្រូវរង់ចាំរយៈពេល ១០ខែ ឬយូរជាងនេះ ប្រសិនបើអ្នកមានបំណងចង់មានផ្ទៃពោះ បន្ទាប់ពីឈប់ចាក់ថ្នាំពន្យាកំណើតនេះ។

៦/ ចិញ្ចៀនស្បូន

ការប្រើប្រាស់ចិញ្ចៀនស្បូន ដើម្បីការពារពីការមានផ្ទៃពោះ គឺមានប្រសិទ្ធភាពដល់ទៅជាង ៩៩ភាគរយឯណោះ ប្រសិនបើអ្នកប្រើវាបានត្រឹមត្រូវ។ ប៉ុន្តែបើក្នុងករណីអ្នកប្រើវាពុំបានត្រឹមត្រូវ វាមានប្រសិទ្ធភាពទាបជាង ៩៥ភាគរយ។

គួរឲ្យដឹងផងដែរថា ចិញ្ចៀនស្បូនមួយនេះ វាជាអាលុយមីញ៉ូមតូចមួយ ដែលត្រូវបានដាក់នៅក្នុងទ្វារមាសរយៈពេល ៣សប្តាហ៍ ដើម្បីឲ្យវាបញ្ចេញអរម៉ូននៅក្នុងខ្លួនក្នុងការការពារកុំឲ្យមានផ្ទៃពោះ។ 

ការប្រើប្រាស់ចិញ្ចៀនស្បូន

៧/ ដាក់កងក្នុងស្បូន

កងដាក់ក្នុងស្បូន គឺជាឧបករណ៍តូចមួយ ដែលវេជ្ជបណ្ឌិតជាអ្នកដាក់បញ្ចូលទៅក្នុងស្បូនរបស់ស្រ្តី ហើយវាមានពីរប្រភេទគឺ៖

• ប្រភេទអរម៉ូន៖ ប្រភេទអរម៉ូននេះ អ្នកអាចដាក់បានរហូតដល់ទៅ ៥ឆ្នាំយ៉ាងតិចនៅក្នុងការផ្លាស់ប្តូរម្តង ហើយវាមានតួនាទីការពារមេជីវិតឈ្មោល ដើម្បីកុំឲ្យមានការបង្កកំណើត។

• ប្រភេទរុំដោយទង់ដែង៖ ប្រភេទកងដាក់ក្នុងស្បូនមួយនេះ អាចការពារមិនឲ្យមានផ្ទៃពោះរហូតដល់ទៅ ១០ឆ្នាំ។ 

កងក្នុងស្បូន

៨/ ការពន្យាកំណើតដោយដាក់នៅក្នុងដៃហៅថា Implants

Implants គឺជាការពន្យាកំណើត ដោយការចាក់បញ្ចូលកងខ្លីមួយនៅក្នុងដៃ ហើយវាមានប្រសិទ្ធភាពរហូតដល់ទៅ ៩៩ភាគរយ ក្នុងការការពារមិនឲ្យមានផ្ទៃពោះ។ ទន្ទឹមនឹងនេះផងដែរ វាត្រូវបានគេផ្លាស់ប្តូរថ្មីជារៀងរាល់ ៣ឆ្នាំម្តង។

រូបភាពតំណាង

៩/ ការការពារតាមបែបធម្មជាតិ

ការបង្ការមិនឲ្យមានផ្ទៃពោះ តាមបែបធម្មជាតិនេះ ស្រ្តីត្រូវតាមដានវដ្តរដូវរបស់ខ្លួន ព្រោះនៅក្នុងរយៈពេល ១ខែស្រ្តីមានរយៈពេល ៦ ទៅ ៩ថ្ងៃ ដែលជាថ្ងៃមានផ្ទៃពោះ ឬហៅថាជាថ្ងៃដែលមេជីវិតញីធ្លាក់។

គួរបញ្ចាក់ផងដែរថា មធ្យោបាយមួយនេះ មានភាពពិបាកបន្តិច ដោយសារតែវដ្តរដូវរបស់ស្រ្តីមានភាពខុសគ្នា ហើយវាមានប្រសិទ្ធភាព ការពារមិនឲ្យមានផ្ទៃពោះត្រឹមតែ ៧៦ភាគរយប៉ុណ្ណោះ។ 

១០/ ការប្រើប្រាស់ការពន្យាកំណើតបន្ទាន់

ការប្រើប្រាស់វិធីពន្យាកំណើតបន្ទាន់នេះ គឺមិនត្រូវបានគេណែនាំឲ្យប្រើជាប្រចាំនោះទេ។ គួរឲ្យកត់សម្គាល់ផងដែរថា អ្នកអាចលេបថ្នាំអរម៉ូនពន្យាកំណើតបន្ទាន់នេះត្រឹមរយៈពេល ៣ថ្ងៃក្រោយពេលរួមភេទ ហើយវាមានប្រសិទ្ធភាពខ្ពស់ បើកាលណាអ្នកឆាប់លេបវាឲ្យបានលឿនបំផុតបន្ទាប់ពីរួមភេទ។

១១/ ការវះកាត់

ចំពោះវិធីនេះ អ្នកអាចការពារការមានកូនបានទាំងបុរស និង ស្រ្តី ដោយស្រ្តីគឺធ្វើការវះកាត់ចងដៃស្បូន ចំណែកឯបុរសវិញ គឺការវះកាត់បំពង់មេជីវិតឈ្មោល។ វិធីនេះគឺអាចការពារពីការមានផ្ទៃពោះជារៀងរហូត ហើយវាស្ថិតនៅក្នុងករណីកម្របំផុត ប្រសិនបើអ្នកចង់មានផ្ទៃពោះដូចធម្មតាវិញ៕ 

រូបភាពតំណាង នៃការវះកាត់មិនឲ្យមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]