ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយថាលោក ជួង ជី ហៅនាយកុយ គឺជាកំពូលតារាកំប្លែងដ៏ល្បីល្បាញមួយដួងនៅក្នុងប្រទេសកម្ពុជាយើង ដែលបានចូលខ្លួនមកប្រឡូកនៅក្នុងវិស័យសិល្បៈចាប់តាំងពីការលេងល្ខោនបាសាក់ រហូតក្លាយខ្លួនជាតារាកំប្លែងដ៏មានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ននេះ។

លោក ជួង ជី ហៅ កុយ បានកើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៥៧ នៅស្រុកស្អាង ខេត្តកណ្ដាល។ ហើយបច្ចុប្បន្ននេះ លោកមានអាយុ ៦១ ឆ្នាំ ដោយមានបងប្អូនបង្កើតចំនួន ៧ នាក់ផងដែរ និងចូលលេងកំប្លែងតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។  

ហើយទោះបីជាលោកបានចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា ក្រុមកំប្លែងរបស់លោកនៅតែមានប្រជាប្រិយភាព និងភាពល្បីល្បាញជាប់ជានិច្ច។

ជាក់ស្តែងជួបជាមួយនឹងក្រុមការងារខ្មែរឡូត តារាកំប្លែងនាយកុយ ក៏បានទម្លាយមូលហេតុខ្លះៗដែលនាំឱ្យខ្លួននៅតែមានភាពជោគជ័យខ្លាំង និងទទួលបាននូវការគាំទ្រមិនដាច់ពីសំណាក់ទស្សនិកជនទូទាំងប្រទេស។

មុខមាត់ស្រស់បំព្រង អមជាមួយនឹងស្នាមញញឹមរាក់ទាក់ផង នាយកុយ បានរៀបរាប់ប្រាប់យើងដូច្នេះថា មូលហេតុដែលធ្វើឱ្យលោកអាចឈរជើងក្នុងវិស័យសិល្បៈ ហើយនៅតែល្បីល្បាញមិនចាញ់ក្រុមកំប្លែងនានានោះគឺដោយសារតែ៖

តារាកំប្លែង នាយកុយ

*ទី១៖ ខ្ញុំការប្រឹងប្រែងលេងឱ្យបងប្អូនមាន ចំណាប់អារម្មណ៍ ទាំងការថតរឿងលេងនៅខាងក្រៅ និងការ Live ផ្ទាល់តាមរយៈការសម្តែងរឿង នៅលើកញ្ចក់ទូរទស្សន៍។

*ទី២៖ ការគោរពពេលវេលា ឧទាហរណ៍ថា គេណាត់ថតម៉ោង ៧ យើងទៅតាំងពីម៉ោង ៦ ឬមិនថាគេជួលទៅតាមកម្មវិធីបុណ្យ ឬកាត់សក់ក្នុងមង្គលការផ្សេងៗក៏ដោយ សុខចិត្តទៅអង្គុយចាំយកលុយ មិនឱ្យលុយចាំយើងទៅរកនោះទេ។ សម្រាប់ពេលវេលាខ្ញុំគឺច្បាស់លាស់ទើបគេឱ្យតម្លៃណាស់។ ហើយនេះជាចំណុចសំខាន់ណាស់ក្នុយការរក្សាកេរ្តិ៍ឈ្មោះ។

*ទី៣៖ ការគោរព ការមិនត្រូវវាយឫកវាយរាង នាំឱ្យអ្នកដទៃស្រលាញ់ចូលចិត្តច្រើន ព្រោះមានតែអ្នកគាំទ្រនេះហើយជាអ្នកដែលឱ្យតម្លៃយើង មិនត្រូវគិតថាសិល្បៈជាអ្នកល្បីឈ្មោះហើយ វាយឫករាងនោះទេ។ ការគោរព គឺមិនថាក្មេងចាស់ គឺត្រូវចូលគ្រប់ស្រទាប់ធ្វើអ្វីគោរពតួនាទី គោរពការងារ សូម្បីតែជាមួយមិត្តភក្តិក៏ត្រូវគោរពដែរតាមកាលៈទេសៈ ទើបមានការស្រលាញ់ចូលចិត្តច្រើនមកដល់ពេលនេះ។

ក្រៅពីនេះនាយកុយ ក៏បានបន្ថែមទៀតថាចង់បង្កើតឱ្យមានក្រុមកំប្លែងជំនាន់ក្រោយៗទៀត ប៉ុន្តែវិស័យនេះហាក់ដូចជាធ្លាក់ចុះខ្លាំងនៅតាមកញ្ចក់ទូរទស្សន៍ មានតែនៅតាមរោងការកំប្លែងកាត់សក់ប៉ុណ្ណោះ។

ដូច្នេះផលលំបាករបស់វិស័យកំប្លែង គឺមានការចុះខ្សោយ ដោយមិនសូវមានការលេងតាមកញ្ចក់ទូរទស្សន៍ដូចមុន។ ហេតុដូច្នេះធ្វើឱ្យការលេងកំប្លែងហាក់បាត់ប្រជាប្រិយភាព ព្រោះទូរទស្សន៍គឺជាកន្លែងមួយដ៏សំខាន់ណាស់ នៅក្នុងការបញ្ចេញសមត្ថភាពរបស់អ្នកលេងកំប្លែងទាំងទម្រង់សម័យ និងបុរាណ ឱ្យមហាជនបានឃើញ។ បើគ្មានការសម្តែងនៅក្នុងទូរទស្សន៍ ការចេះលេងកំប្លែងដូចជាគ្មានន័យអ្វីទាំងអស់។  

មួយទៀតនាយកុយ ក៏បានបង្ហើបរឿងមួយចំនួនដែលមិនសូវមានអ្នកដឹងប្រាប់យើងដូច្នេះទៀតថា៖

ឈ្មោះ «នាយកុយ» ដែលនាំឱ្យលោកមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ គឺមានដើមកំណើតមកពីលោកគ្រូដឹកនាំលេងល្ខោនបាសាក់ម្នាក់ ដែលពេលនោះលោកបានដើរតួជាតួឯកល្ខោនបាសាក់រឿង «ចៅស្រទបចេក» តែដោយសារខ្វះតួកំប្លែងឈ្មោះ កុយ ទើបលោកបានផ្លាស់ប្តូរពីការធ្វើជាតួឯក មកធ្វើជាតួកំប្លែងវិញ ណាមួយដោយនិស្ស័យកំប្លែងពីកំណើតមកផង។ ក្រោយមកទើបឈ្មោះ កុយ នេះបានជាប់នៅជាមួយលោកតាំងពីពេលនោះមក និងធ្វើឱ្យមហាជនស្គាល់តៗគ្នា។

ហើយអ្វីដែលលោកមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតចាប់តាំងពីការចាប់ផ្តើមប្រឡូកសិល្បៈមកដល់ពេលនេះ គឺ «ការគាំទ្រពីទស្សនិកជនទាំងអស់»

ទន្ទឹមនឹងនេះ លោកពិតជាមានភាពសប្បាយរីករាយក្នុងចិត្តណាស់ នៅពេលដែលបានឃើញ ក្រុមកំប្លែងសិល្បៈថ្មីៗជំនាន់ក្រោយ ដែលលោកបានរើសមកដោយផ្ទាល់ដៃចេញមកពីក្នុងកម្មវិធីប្រលងកំប្លែងរបស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) ទទួលបាននូវភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន ពិសេសលោកក៏មិនដែលច្រណែននឹងអ្នកសិល្បៈសព្វថ្ងៃដែលមានការគាំទ្រខ្លាំងដែរ គឹមានតែសប្បាយចិត្តនៅពេលដែលបានឃើញមនុស្សដែលលោកធ្លាប់បង្ហាត់បង្ហាញ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាទីពេញចិត្តរបស់មហាជនទូទៅ។  

ងាកទៅពីជីវិតឯកជនបច្ចុប្បន្នរបស់ នាយកុយ វិញ ឃើញលោកជាកូនកាត់ចិនដូច្នេះមែន ក៏ប៉ុន្តែនៅផ្ទះរបស់តារាកំប្លែងជើងចាស់រូបនេះ ក៏មានរៀប«អាសនៈខាងព្រះពុទ្ធសាសនា» មួយយ៉ាងធំផងដែរ ដែលរួមមានបារមីធំៗចំនួន២គឺ ទី១ បារមីគ្រូបាធ្យាយ និងទី២ បារមីលោកយាយម៉ៅភ្នំពេជ្រនិល

ជាក់ស្តែងមុនពេលចេញទៅណាមកណា លោកតែងរំលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជានិច្ច ដែលលោកមានជំនឿថា ឈ្នះអស់លើសត្រូវត្រូវដែលចង់មកព្យាបាទខ្លួន និងជាមាគ៌ានៃជីីវិតឆ្ពោះទៅរកភាពជោគជ័យផងដែរ។ 

អាសនៈដ៏ធំនៅផ្ទះរបស់នាយកុយ
អាសនៈដ៏ធំនៅផ្ទះរបស់នាយកុយ
អាសនៈដ៏ធំនៅផ្ទះរបស់នាយកុយ
អាសនៈដ៏ធំនៅផ្ទះរបស់នាយកុយ
អាសនៈដ៏ធំនៅផ្ទះរបស់នាយកុយ

ក្រៅពីនេះក៏មានរូបសំណាក់លោកតាគួនអ៊ីថែមទៀត ដែលលោកតែងតែគោរពជាប្រចាំដូចគ្នា ក្នុងនាមជាកូនចៅចិនម្នាក់ ដែលបន្តមកពីដូនតា។

រូបចម្លាក់ឈើលោកតាគួនអ៊ី នៅផ្ទះនាយកុយ
រូបចម្លាក់ឈើលោកតាគួនអ៊ី នៅផ្ទះនាយកុយ
ផ្ទះរបស់នាយកុយ
ផ្ទះនាយកុយ
រូបថតអនុស្សាវរីយ៍ក្នុងផ្ទះនាយកុយ
ផ្ទះ និងរថយន្តរបស់នាយកុយ

ជាចុងក្រោយតារាកំប្លែងលោក ជួង ជី ហៅ កុយ ក៏បានសំណូមពរថា សូមឱ្យមហាជន និងសិល្បករ-សិល្បការិនីទាំងអស់ ឱ្យចេះជួយសាមគ្គីគ្នា និងជួយលើកស្ទួយវិស័យកំប្លែងទាំងអស់គ្នា កុំឈ្មោះប្រកែកគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកឱ្យអ្នកដទៃមើលងាយ ដើម្បីឱ្យវិស័យមួយនេះនៅតែមានអ្នកស្គាល់ និងនៅតែដក់ជាប់នៅក្នុងចិត្តកូនចៅជំនាន់ក្រោយទៅថ្ងៃអនាគត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ