ចិន៖ អ្នកលេងបណ្តាញសង្គមជាច្រើនកំពុងរិះគន់អ្នកទេសចរខិលខូចដែលបានគប់ដុំថ្មទៅកាន់សត្វកង់ហ្គោរ៉ូ រហូតបណ្តាលឲ្យកង់ហ្គោរ៉ូមួយក្បាលងាប់ និងមួយក្បាលទៀតរងរបួស។

បុគ្គលិកសួនសត្វ Fuzhou ដែលស្ថិតនៅក្នុងខេត្ត Fujian ឱ្យដឹងត្រឹមត្រកូល Chen បានប្រាប់ទៅកាន់កាសែត Strait Metropolis Daily ថា ទេសចរទាំងនោះ ធ្វើសកម្មភាពឃោរឃៅបែបនេះ គឺគ្រាន់តែដើម្បីចង់ឃើញសត្វកង់ហ្គោរ៉ូទាំងនោះ លោតតែប៉ុណ្ណោះ។

ទេសចរខិលខូចយកដុំថ្មគប់ទៅលើសត្វកង់ហ្គោរ៉ូ នៅក្នុងសួនសត្វ

លោក Chen បាននិយាយថា សត្វកង់ហ្គោរ៉ូញីមួយក្បាលអាយុ ១២ឆ្នាំ បានងាប់ និងសត្វកង់ហ្គោរ៉ូឈ្មោលមួយក្បាលទៀតអាយុ ៥ឆ្នាំ បានរងរបួសតិចតួច។

យោងទៅតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា កាលពីខែមីនាកន្លងទៅនេះ កង់ហ្គោរ៉ូញីមួយក្បាល បានរងនូវដុំថ្មជាច្រើនដុំ ដែលបានបណ្តាលឲ្យរបួសជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ ជាអកុសល កង់ហ្គោរ៉ូញីមួយក្បាលនោះ បានងាប់នៅថ្ងៃបន្ទាប់ ព្រោះតែមានឈាមហូរខ្លាំងនៅតំបន់ក្រលានរបស់វា ហើយគេជឿជាក់ថា វាប្រាកដជាបណ្តាលមកពីដុំថ្មទាំងនោះមិនខាន។ 

លោក Chen បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការវះកាត់ គេបានប្រទះឃើញកំណកឈាមជាច្រើន នៅត្រង់តំបន់ក្រលានរបស់វា។

ទេសចរខិលខូចយកដុំថ្មគប់ទៅលើសត្វកង់ហ្គោរ៉ូ នៅក្នុងសួនសត្វ

ប៉ុន្មានថ្ងៃក្រោយពីកង់ហ្គោរ៉ូញីនោះងាប់ បុគ្គលិកសួនសត្វបានឃើញទេសចរមួយក្រុម គប់ដុំថ្មទៅលើសត្វកង់ហ្គោរ៉ូម្តងទៀត ហើយក៏បានធ្វើឲ្យកង់ហ្គោរ៉ូឈ្មោលមួយក្បាលរងរបួសតិចតួចដែរ។

រហូតមកដល់ពេលនេះ នៅក្នុងសួនសត្វ Fuzhou នៅសល់សត្វកង់ហ្គោរ៉ូ តែ៣ក្បាល ប៉ុណ្ណោះ។

ស្រដៀងគ្នានឹងសួនសត្វផ្សេងៗទៀតជុំវិញពិភពលោកដែរនោះ សួនសត្វ Fuzhou បានសាងសង់របងឈើ ដើម្បីហ៊ុំព័ទ្ធសត្វកង់ហ្គោរ៉ូ ជាមួយស្លាកបំរាម ដែលបញ្ជាក់អំពីការហាមប្រាណទៅលើការផ្តល់ចំណីអាហារ ឬប្រឡែងលេងជាមួយសត្វទាំងនោះជាដើម។

កង់ហ្គោរ៉ូឈ្មោលមួយក្បាលរងរបួសតិចតួច

អ្នកយាមនៅក្នុងសួនសត្វមួយរូបឈ្មោះថា Zhang បានប្រាប់ទៅកាន់សារព័ត៌មាន Strait Metropolis Daily ថា ពួកគេបានព្យាយាមយកដុំថ្មចេញពីតំបន់សត្វកង់ហ្គោរ៉ូដែរ ប៉ុន្តែពួកគេនៅតែអាចរកដុំថ្មពីកន្លែងផ្សេងយកមកគប់បានដដែល។

ជាក់ស្តែងខាងសួនសត្វនេះបានបំពាក់កាមេរ៉ា មិនមែនដើម្បីការពារសុវត្ថិភាពរបស់អ្នកមកកម្សាន្តទេ គឺដើម្បីការពារសត្វដែលរស់នៅទីនោះតែម្តង។ បន្ទាប់ពីមានសោកនាដកម្មបែបនេះកើតឡើង ខាងសួនសត្វ Fuzhou បានសម្រេចចិត្តដាក់ដេញថ្លៃ ក្នុងការបំពាក់ប្រព័ន្ធសុវត្ថិភាពដែលពេញលេញមួយ ដើម្បីបញ្ឈប់សកម្មភាពមិនត្រឹមត្រូវទៅលើសត្វទាំងនោះ។

ហេតុការណ៍ដ៏រន្ធត់នេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ផ្សេងៗពីគ្នាផងដែរ។ ក្នុងនោះម្ចាស់គណនី Weibo មួយរូបបានសរសេរថា ៖

«ល្អដែរទេ បើសិនជាគេបង្កើតឲ្យមានបញ្ជីខ្មៅ ដើម្បីកត់ត្រាឈ្មោះជនទាំងនោះ កុំឲ្យចូលសួនសត្វ ឬកន្លែងចិញ្ចឹមសត្វតែម្តង?»

អ្នកលេងផ្សេងទៀតបានសរសេរថា៖

«អ្នកអាចមិនចូលចិត្តសត្វ តែអ្នកមិនអាចធ្វើឲ្យពួកវាឈឺចាប់បែបនេះទេ។»

តើអ្នកគិតយ៉ាងណាដែរចំពោះទង្វើរបស់ជនទាំងនោះ? សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]