មនុស្សគ្រប់រូបតែងតែប្រាថ្នារូបរាងកាយរឹងមាំ មានសុខភាពល្អ និង ស្បែកស្រស់ថ្លា។ ទាំងនេះវាបានផ្សាភ្ជាប់គ្នាយ៉ាងជិតស្និតជាមួយនឹងរបបអាហារ ដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ។ ហេតុនេះការទទួលទានអាហារដែលមានសុខភាពល្អ មិនត្រឹមតែអាចធ្វើឲ្យអ្នកមានសុខភាពមាំមួនប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យស្បែកមានសុខភាពល្អទៀតផង។

ដោយឡែក ដើម្បីទទួលបានរបបអាហារដ៏ល្អបែបនេះ អ្នកគួរតាមដានជាមួយនឹងការធ្វើទឹកការ៉ុត និង ខ្ញី ដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាព៖

គ្រឿងផ្សំរួមមាន៖

• ការ៉ុតចំនួន ៤ ឬ៥មើមតូចល្មម

• ខ្ញីមួយកូនដុំតូច

• ទឹកក្រូចឆ្មារសម្បកលឿងមួយចំហៀង

• ម្សៅឈើអែម (Cinnamon powder) និង អំបិលសមុទ្របន្តិច

របៀបអនុវត្តន៍៖

• ជាដំបូងត្រូវយកការ៉ុត ចិតសម្បកស្អាតអស់ យកវាទៅលាងទឹកចេញរួចទុកឲ្យស្ងួត និង យកខ្ញីមួយកូនដុំតូចល្មមលាងទឹកឲ្យស្អាត

• បន្ទាប់មកយកការ៉ុតដាក់ក្នុងម៉ាស៊ីនក្រឡុកឲ្យវាហ្មត់ ហើយបន្ថែមខ្ញីក្រឡុកចូលគ្នាម្តងទៀត

• រួចហើយអ្នកត្រូវចាក់យកភេសជ្ជៈដែលក្រឡុករួចនៅក្នុងកែវស្អាត ដោយបន្ថែមទឹកក្រូចឆ្មារ អំបិល និង បន្ថែមម្សៅសម្បកឈើអែមតាមចំណូលចិត្តរបស់អ្នក ដើម្បីទទួលទានជាការស្រេច។ 

រូបភាពតំណាង

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ភេសជ្ជៈសុខភាពដែលផ្សំពីខ្ញី និង ការ៉ុតនេះ៖

១/ ជួយទប់ស្កាត់ពីជំងឺធម្មតាផ្សេងៗ

ភេសជ្ជៈមួយនេះល្អបំផុតសម្រាប់សុខភាពទូទៅរបស់អ្នកក្នុងការបង្កើនប្រព័ន្ធភាពស៊ាំរាងកាយដើម្បីការពារពីជំងឺផ្សេងៗ ហើយវីតាមីន A និង វីតាមីន C ដែលមានផ្ទុកនៅក្នុងនោះ ក៏មានតួនាទីផលិតកោសិកាភាពស៊ាំផងដែរ។ ជាពិសេស វីតាមីន A វាអាចធ្វើឲ្យប្រសើរឡើងនូវការផលិតកោសិកាឈាមស ដើម្បីថែរក្សាសុខភាពរបស់អ្នក។

២/ ជួយដល់សុខភាពស្បែក

ដោយសារទឹកការ៉ុតលាយខ្ញី មានផ្ទុក​សារធាតុចិញ្ចឹម ដែលអាចជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងចៀសវាងពីបញ្ហាស្បែកដូចជាបញ្ហាមុន និង ស្បែកស្ងួតបានយ៉ាងមានប្រសិទ្ធភាព ទើបបានជាគេណែនាំឲ្យទទួលទានវាជារៀងរាល់ថ្ងៃ។

រូបភាពតំណាង

៣/ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក

ភេសជ្ជៈខ្ញី និង ការ៉ុតអាចការពារពីជំងឺមហារីកជាច្រើនប្រភេទដូចជាមហារីកអូវែ មហារីកពោះវៀន មហារីកសុដន់ មហារីកស្បែក និង ក្រពេញប្រូស្តាតជាដើម។ ជាមួយគ្នានេះផងដែរ វាក៏ជួយប្រឆាំងទៅនឹងការរលាកផងដែរ។ 

៤/ ជួយជម្រុញដល់សុខភាពបេះដូង

ខ្ញី និងការ៉ុតត្រូវបានគេដឹងថា វាមានផ្ទុកនូវសាធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីដកម្មប្រឆាំងនឹងកូឡេស្តេរ៉ុល កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងមានផ្ទុក ជាតិប៉ូតាស្យូម ដែលជាហេតុធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការការពារពីជំងឺបេះដូង។

រូបភាពតំណាង

៥/ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ជាការពិត ភេសជ្ជៈមួយនេះល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬអ្នកដែលមានហានិភ័យនៃជំងឺទឹកនោមផ្អែម។ ម្យ៉ាងវិញទឿតខ្ញីអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក និងបង្កើនប្រសិទ្ធភាពនៃអាំងស៊ុយលីន និងថ្នាំដទៃទៀតដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។

៦/ ល្អសម្រាប់ការំលាយអាហារ

ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការំលាយអាហារ ក្អួត ចង្អោរ ឬហើមពោះជាដើមនោះ អ្នកគួរតែទទួលទានភេសជ្ជៈនេះឲ្យបានទៀងទាត់ ដើម្បីឲ្យឆាប់ជាសះស្បើយ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]