អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Arsenal លោក Arsene Wenger បានបង្ហើបពីឈ្មោះគ្រូបង្វឹកម្នាក់ដែលអាចនឹងមកជំនួសដំណែងខ្លួននៅក្នុងទឹកដី Emirates។

គ្រូបង្វឹកចាស់វស្សារូបនេះបានលើកឈ្មោះអតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ លោក Patrick Vieira ជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់ដំណែងជាគ្រូបង្វឹករបស់ក្រុម Arsenal។

គ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះ បាននិយាយក្នុងបទសម្ភាសមួយថា Patrick គឺជាកីឡាករដ៏វ័យឆ្លាតម្នាក់ហើយរូបគេក៏មានបទពិសោធន៍ច្រើនដែរក្នុងការដឹកនាំក្រុម ដូច្នេះលោកជឿជាក់ថារូបគេអាចមានសមត្ថភាពគ្រប់គ្រាន់មកបង្វឹកក្រុមដូចជា Arsenal។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្តថា ក្របខ័ណ្ឌ Premier League គឺជាក្របខ័ណ្ឌដ៏ពិសេសមួយ ហើយមិនមែនគ្រប់គ្រូបង្វឹក តែងតែអាចនាំភាពជោគជ័យឲ្យក្លិបទាំងអស់ទេ ដូច្នេះហើយលុះត្រាតែគ្រូបង្វឹកនោះយល់ដឹងយ៉ាងច្បាស់លាស់អំពីទម្រង់លេងនៃក្របខ័ណ្ឌនេះទើបរូបគេអាចទទួលបានភាពជោគជ័យបាន។ 

លោក Wenger និង លោក Vieira

លោក Wenger បានបន្តទៀតថា Patrick បានចំណាយពេលជាង១០ឆ្នាំលេងនៅក្នុង Premier League ដូច្នេះរូបគេប្រហែលជាមានការយល់ដឹងច្បាស់អំពីក្របខ័ណ្ឌមួយនេះហើយ។

លោក Patrick Vieira កាលនៅលេងឲ្យក្រុម Man City

គួរឲ្យដឹងថា សព្វថ្ងៃ លោក Patrick Vieira ជាគ្រូបង្វឹករបស់ក្រុម New York City FC ដែលជាក្រុមរណបរបស់ Manchester City ហើយគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះក៏បានបង្ហើបពីចំណាប់អារម្មណ៍ចង់មកបង្វឹកក្រុម Arsenal នៅពេលអនាគតផងដែរ៕

លោក Patrick Vieira

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]