ចិន៖ យោធាចិនបានចាប់ផ្ដើមហ្វឹកហាត់បាញ់គ្រាប់ពិត កាលពីថ្ងៃពុធនេះ នៅក្នុងដែនទឹកដែលពុះចែកចិនដីគោក ពីកោះតៃវ៉ាន់ដែលចិនតែងតែអះអាងថាជារបស់ខ្លួនរហូតមក។

ការហ្វឹកហាត់នេះបានចាប់ផ្ដើមពីម៉ោង ៨ព្រឹក រួចបញ្ចប់ទៅវិញនៅពាក់កណ្ដាលយប់ ហើយប៉ុស្តិ៍ទូរទស្សន៍រដ្ឋចិនមួយបានលើកឡើងថា «ការធ្វើនេះគឺដើម្បីរក្សាជំហរការពារអធិបតេយ្យភាព និងបូរណភាពនៃទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ»។ 

រូបតំណាង

ស្របពេលដែលចិនកាន់តែប្រឈមនឹងស្ថានភាពតានតឹងនៅសមុទ្រចិនខាងត្បូងកាន់តែខ្លាំងទៅៗ កោះតៃវ៉ាន់ក៏កាន់តែបង្កើនកម្លាំងទ័ពរបស់គេផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បាននិយាយថា «មានចិនតែមួយគត់នៅលើពិភពលោកនេះ ហើយតៃវ៉ាន់ជាផ្នែកមួយដ៏សំខាន់នៃទឹកដីចិន»។

រូបតំណាង

សហរដ្ឋអាមេរិកក៏បានទទួលស្គាល់នឹងគោលនយោបាយចិនតែមួយរបស់ចិនផងដែរកាលពីឆ្នាំ ១៩៧២។ ក៏ប៉ុន្តែថ្មីៗនេះ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ត្រាំ អាមេរិកបានធ្វើខុសទំនៀមទំលាប់ដោយបានធ្វើការទាក់ទងជាមួយប្រធានាធិបតីតៃវ៉ាន់ដោយផ្ទាល់ ហើយថែមទាំងព្រមព្រៀងលក់អាវុធឲ្យតៃវ៉ាន់ទៀតផង។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានសន្យាកាលពីខែមុនថា គ្រប់ការប៉ុនប៉ងប្រឆាំងនឹងការកាន់កាប់របស់ចិនទៅលើកោះតៃវ៉ាន់នេះ នឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ បើតាមទស្សនាវដ្ដីមួយពីបក្សកុម្មុយនិស្តចិនបានលើកឡើងថា «យើងសូមបញ្ជាក់ម្ដងទៀតថា យើងមានការប្ដេជ្ញាចិត្ត និងជឿជាក់ថាយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកម្ទេចផែនការទាំងឡាយណាដែលចង់ទាមទារឯករាជ្យភាពឲ្យតៃវ៉ាន់ ហើយយើងធ្វើនេះគឺដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីយើង»។

អ្នកនាំពាក្យឲ្យក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានថ្លែងថា «ពួកកុម្មុយនិស្តចិនបានប្រើពាក្យសម្លុតអន់ៗជាយូរមកហើយ ដើម្បីចង់ឲ្យយើងបាក់ទឹកចិត្ត និងមានចលាចលក្នុងសង្គម»៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]