អាមេរិក៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Delta AirLines ត្រូវបានបង្ខំចិត្តចុះចតជាបន្ទាន់ ក្រោយមានបញ្ហាម៉ាស៊ីនផ្ទុះឆេះ ហុយផ្សែងជុកជាក់លើអាកាស កាលពីថ្ងៃពុធ ម្សិលមិញនេះ ខណៈធ្វើឲ្យអ្នកដំណើរជាង ២០០នាក់ ភ័យបុកពោះព្រលឹងចុងសក់។

បើយោងតាមសេចក្តីរាយការណ៍ យន្តហោះប្រភេទ Airbus A330 N822NW របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ បានធ្វើដំណើរហោះចាកចេញពីអាកាសយានដ្ឋាន Hartsfield-Jackson International Airport នាទីក្រុង Atlanta ឆ្ពោះទៅកាន់ទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស។

យន្តហោះត្រឡប់មកចុះចតវិញ
យន្តហោះត្រឡប់មកចុះចតវិញ

ប៉ុន្តែផ្ទុយទៅវិញ ការហោះហើរទើបតែបានបន្តិច (ប្រហែល ៣០នាទី) នៅចន្លោះម៉ោងប្រហែលជា ៦ល្ងាច យន្តហោះខាងលើនេះ ក៏ស្រាប់តែមានបញ្ហាផ្នែកម៉ាស៊ីនខាងស្ដាំរបស់វា ដោយចាប់ផ្តើមហុយផ្សែងទ្រលោម និងបង្កជាអណ្តាតភ្លើងតែម្តង។

ភ្លាមៗក្រោយកើតហេតុ ក្រុមអាកាសយានិកលើយន្តហោះ ក៏បានបង្ខំចិត្តបកក្បាលត្រឡប់ទៅចុះចត នៅអាកាសយានដ្ឋានខាងលើវិញ និងបានព្យាយាមគ្រប់គ្រងអារម្មណ៍អ្នកដំណើរទាំងអស់ ដើម្បីកុំឲ្យមានភាពចលាចលផងដែរ។

ក្រោយចុះចតអ្នកដំណើរជាង ២០០នាក់ ត្រូវបានជម្លៀសចេញ តាមច្រកទ្វារសុវត្ថិភាព ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក៏បានញាប់ដៃញាប់ជើង ចេញប្រតិបត្តិការពន្លត់ផងដែរ។

ជាមួយគ្នានេះដែរ អ្នកដំណើរលើយន្តហោះម្នាក់ ក៏បានបញ្ចេញចំណាប់អារម្មណ៍ នៅលើបណ្តាញសង្គម Tweeter របស់ខ្លួនថា ពិតជាស្ញប់ស្ញែងបំផុត ចំពោះការយកចិត្តទុកដាក់ ក៏ដូចជារបៀបរបបការងារដ៏ល្អ របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ ក្នុងការជួយដោះស្រាយបញ្ហា និងសង្គ្រោះបន្ទាន់ ដល់រាល់គ្រប់អ្នកដំណើរទាំងអស់ដោយសន្តិវិធី។

យន្តហោះត្រឡប់មកចុះចតវិញ

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ក៏បានថ្លែងសារជាសាធារណៈ សុំទោសដល់អ្នកអតិថិជន ឬអ្នកដំណើរទាំងអស់របស់ខ្លួន ចំពោះការធ្វេសប្រហែសរបស់ក្រុមហ៊ុន ទៅលើផ្នែកសុវត្ថិភាព និងហេតុការណ៍ដែលបានកើតឡើងនេះផងដែរ។

គួរឲ្យដឹងថា យន្តហោះខាងលើនេះ បានផ្ទុកអ្នកដំណើរសរុប ២៧៤នាក់ ជាមួយនឹងក្រុមអាកាសយានិកចំនួន ១៤នាក់ផ្សេងទៀត។ ពុំមានសេចក្តីរាយការណ៍ ពីអ្នកដំណើរណាម្នាក់ បានរងរបួសនៅក្នុងឧបទ្ទវហេតុមួយនេះឡើយ។ ហើយគេក៏មិនទាន់ដឹងច្បាស់ ពីមូលហេតុនៃការផ្ទុះឆេះនេះ ច្បាស់លាស់នៅឡើយនោះទេ។ បច្ចុប្បន្នក្រុមភ្នាក់ងារជំនាញ កំពុងបន្តការស៊ើបអង្កេត៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

ប្លង់ដែលយន្តហោះបានហោះហើរ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]