ថៃ៖ សេវាកម្មថ្មីមួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសថៃ ដែលវាពិតជាពិសេសសម្រាប់ប្តីប្រពន្ធដែលគ្មានលទ្ធភាពដាក់បង្ហាញគ្រឿងបណ្តាការច្រើនៗ និងមិនចង់បាក់មុខក្នុងកម្មវិធីមង្គលរបស់ខ្លួន។

គួរបញ្ជាក់ថា មិនមែនមានតែប្រទេសកម្ពុជាទេ សូម្បីតែប្រទេសថៃក៏តម្រូវឲ្យមានគ្រឿងបណ្តាការ នៅក្នុងកម្មវិធីរៀបមង្គលការដែរ។

ថ្មីៗនេះ មានក្រុមហ៊ុនមួយស្ថិតនៅក្នុងទីក្រុង Chiang Mai  ប្រទេសថៃ បានផ្តល់សេវាកម្មជួលលុយ គ្រឿងអលង្ការ និងរថយន្តទំនើប Mercedes ដើម្បីដាក់តាំងបង្ហាញនៅក្នុងកម្មវិធីមង្គលការ។

សូម្បីតែ បណ្តាការ ក៏អាចជួលដាក់បង្អួតញាតិក្នុងថ្ងៃមង្គលការបានដែរ

ម្ចាស់ក្រុមហ៊ុននេះគឺលោក Tawan Supanontakorn អាយុ ៣១ឆ្នាំ និងអ្នកនាង Kangkai អាយុ២៨ឆ្នាំ ដែលពួកគេបានចាប់ផ្តើមគំនិតនេះដំបូងគឺនៅពេលដែលពួកគេរៀបការ ហើយគ្មានលទ្ធភាពបង្ហាញគ្រឿងបណ្តាការដែលមានតម្លៃទាំងនោះ។

ជាក់ស្តែង កាលពីមុន ពួកគេគ្រាន់តែដាក់ឡានទំនើបជួលសម្រាប់ពិធីមង្គលការ ឬសម្រាប់ថតវីដេអូផ្សេងៗតែប៉ុណ្ណោះ រហូតមកដល់ ៣ខែចុងក្រោយនេះ ទើបពួកគេដាក់ឲ្យមានសេវាកម្មជួលគ្រឿងបណ្តាការតែម្តង។

លោក Tawan Supanontakorn និងអ្នកនាង Kangkai

អ្នកនាង Kangkai បានប្រាប់ទៅកាន់សារព័ត៌មាន Sanook ថា៖

«ពួកយើងបានរៀបការជាមួយគ្នាកាលពី៥ឆ្នាំមុន ហើយពួកយើងបានស្រមៃថា ពួកយើងអាចមានមាស និងលុយជាច្រើន ដើម្បីលើកកិត្តិយសគ្រួសាររបស់ពួកយើង។ ប៉ុន្តែការពិត ពួកយើងមិនមានវានោះទេ។ ដូច្នេះពួកយើងសង្ឃឹមថា សេវាកម្មមួយនេះនឹងអាចជួយឲ្យកូនកម្លោះ និងកូនក្រមុំមានការចងចាំដ៏ពិសេសក្នុងថ្ងៃមង្គលការរបស់ពួកគេ។»

ចំណែកឯលោក Tawan ដែលជាស្វាមីវិញបានបន្ថែមថា៖

«សេវាកម្មរបស់ពួកយើងនឹងជួយឲ្យថ្ងៃពិសេសរបស់ពួកគេ កាន់តែល្អឥតខ្ចោះ។»

គួរបញ្ជាក់ថា អតិថិជនទាំងអស់អាចជួលប្រាក់បានរហូតដល់ទៅ ១០លានបាត (ប្រហែល ៣២ម៉ឺនដុល្លារអាមេរិក) និងមាសសុទ្ធរហូតដល់ទៅ ១.៥ គីឡូក្រាមឯណោះ ហើយពួកគេក៏មានរៀបចំសេវាកម្មជាកញ្ចប់ដែរ ដោយក្នុងនោះ កញ្ចប់តម្លៃ ៣៥,០០០បាត (ប្រហែល ១,១០០ ដុល្លារអាមេរិក) អតិថិជននឹងទទួលបាន ប្រាក់សុទ្ធ ៥០០,០០០ បាត (ប្រហែល ១៦,០០០ដុល្លារអាមេរិក) និងរថយន្ត Mercedes ទៅតាំងបង្ហាញក្នុងកម្មវិធីរបស់ពួកគេ និងកញ្ចប់មួយទៀតដែលមានតម្លៃ ៤៩,៩៩៩ បាត (ប្រហែល ១,៦០០ដុល្លារអាមេរិក) អតិថិជននឹងទទួលបាន ប្រាក់សុទ្ធ ១លានបាត និងរថយន្ត Mercedes ។

លោក Tawan បាននិយាយថា ទាំងប្តីប្រពន្ធ និងឪពុកម្តាយទាំងសងខាង ត្រូវតែចុះកុងត្រា ដើម្បីបញ្ជាក់ឲ្យច្បាស់ថា គ្រឿងបណ្តាការទាំងអស់នោះ គ្រាន់តែសម្រាប់តាំងបង្ហាញតែប៉ុណ្ណោះ។ លោកបានបន្ថែមថា លុយទាំងនោះ គឺជាលុយសុទ្ធ មិនមែនលុយក្លែងក្លាយនោះទេ ប៉ុន្តែគ្មាននរណាម្នាក់មានសិទ្ធិប៉ះក្រៅពីបុគ្គលិករបស់យើងឡើយ៕

តើអ្នកគិតថាសេវាកម្មនេះយ៉ាងណាដែរ? សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]