«ខេត្តមណ្ឌលគិរី » គឺខេត្តដែលពោរពេញដោយភោគទ្រព្យលក្ខណៈធម្មជាតិដ៏មានតម្លៃ និងស្រស់ត្រកាលដែលពុំអាចកាត់ថ្លៃបាន ស្ថិតនៅភាគខាងកើត ទិស ឦសាន (ជើងឆៀងខាងកើត) នៃប្រទេសកម្ពុជា ។ 

បើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត ខេត្តនេះទើបតែបំបែកចេញពីខេត្តក្រចេះនៅក្នុងឆ្នាំ ១៩៦១ ក្នុងរបបសម័យសង្គមរាស្រ្តនិយម ក្រោមការគ្រប់គ្រងដោយ អតីតព្រះមហាវីរក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលកាលពីមុន គេហៅខេត្តនេះថា « ឆ្លូងលើ»

យើងអាចធ្វើដំណើរទៅកាន់ខេត្តនេះបាន ដោយឆ្លងកាត់ខេត្តចំនួន ៣ ដូចជា៖ ខេត្តព្រៃវែង កំពង់ចាម និងខេត្តក្រចេះ តាមផ្លូវថ្មីដែលស្ថិតនៅចម្ងាយ ៣៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ពោលគឺមានរយៈចម្ងាយជិតជាងការធ្វើដំណើរតាមផ្លូវចាស់កាត់តាមស្រុកឆ្លូងខេត្តក្រចេះដល់ទៅជាង ១០០ គីឡូម៉ែត្រ។  ឯផ្លូវធ្វើដំណើរទៀតសោតក៏សុទ្ធតែក្រាលថ្នល់កៅស៊ូ មានសភាពរលោងស្រិលក្នុងការធ្វើដំណើរ អមដោយទេសភាពដ៏ស្រស់ត្រកាលដូចជា ព្រៃ ភ្នំ រុក្ខជាតិតូចធំ វាលស្មៅ វាលស្រល់ ព្រមទាំងផ្លូវឡើងចុះទួល និងភ្នំ ប្រៀបដូចជាអន្ទង់ ឬអក្សរឡាតាំងជាអក្សរ N ដូច្នេះដែរ។

ដោយសារេខត្តមណ្ឌលគិរី ជាទីកម្សាន្តដ៏ស្រស់ត្រកាលបែបនេះហើយ បានជាថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍មិត្តអ្នកអាន មកតាមដានពីទីកន្លែងកម្សាន្តដ៏ពេញនិយម និងល្បីៗនៅក្នុងខេត្តមណ្ឌលគិរី ដែលផ្តិតទស្សនីយភាព និងវីដេអូផ្ទាល់ដោយក្រុមកាងារ Khmerload យើងខ្ញុំដូចតទៅ៖

ផ្លូវឆ្ពោះទៅកាន់ខេត្ត មណ្ឌលគិរី
ផ្លូវឆ្ពោះទៅកាន់ខេត្ត មណ្ឌលគិរី
រូបសំណាក គោព្រៃ មណ្ឌលគិរី

ភ្នំដោះក្រមុំ

ភ្នំដោះក្រមុំ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីតែម្តង ដោយចំណាយតែប៉ុន្មាននាទីនៅក្នុងការធ្វើដំណើរដោយយានជំនិះដូចជា ឡាន និងម៉ូតូជាដើម។ នៅលើកំពូលភ្នំ មានអាស្រម និងរូបសំណាក « អ្នកតាស្រុះ» មួយអង្គ ដែលជាទីគោរពសក្ការៈបូជារបស់អ្នកស្រុក និងជនជាតិដើមភាគតិចនៅក្នុងតំបន់ ព្រមទាំងអ្នកធ្វើដំណើរពីទីជិតទីឆ្ងាយមកអុជធូបបន់ស្រន់សុំសេចក្តីសុខមិនដែលអាក់ខាននោះឡើយ ព្រោះតែពួកគេមានជំនឿលើបារមីអ្នកតាស្រុះដែលថែរក្សានៅលើកំពូលភ្នំនោះ។

អាស្រម ​«​អ្នកតាស្រុះ» ​ភ្នំដោះក្រមុំ
អាស្រម ​«​អ្នកតាស្រុះ» ​ភ្នំដោះក្រមុំ

បន្ទាប់ពីអុជធូប បន់ស្រន់រួចហើយ អ្នកអាចបន្តដំណើរទៅមុខបន្តិចទៅកាន់ រានហាលដែលនៅខាងមុខ ដើម្បីទស្សនា និងផ្តិតរូបភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំដោះក្រមុំមួយនេះនូវទេសភាពព្រៃព្រឹក្សា សំណង់អគារ និងលំនៅដ្ឋាននៃក្រុងសែនមនោរម្យទាំងមូលផងដែរ។ ជាពិសេសនោះអ្នកទេសចរណ៍ មិនភ្លេចឡើយនៅក្នុងការផ្តិតរូបភាពពីមុខផ្លាកអក្សរ « ខ្ញុំ ស្រលាញ់ (រូបបេះដូង) មណ្ឌលគិរី » មួយផ្ទាំងដែលនៅលើរានហាលមួយនេះ។ 

ទិតាំងភ្នំដោះក្រមុំ
ទិតាំងភ្នំដោះក្រមុំ
ទិតាំងភ្នំដោះក្រមុំ

ទឹកជ្រោះប៊ូស្រា

និយាយពីខេត្តមណ្ឌលគិរី មនុស្សម្នាក់ៗប្រាកដជានឹកស្រមៃ ពីទេសភាពដ៏ស្រស់ត្រកាលរបស់ទឹកជ្រោះប៊ូស្រាតែម្តង នោះដោយសារតែ ទឹកជ្រោះប៊ូស្រា អាចនិយាយបានថា ជាបេះដូង និងជាទីកន្លែងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តមណ្ឌលគិរីដែលមិនអាចរំលងបាន តាមរយៈឈ្មោះដ៏ល្បីល្បាញតាមការដឹងឮតៗគ្នា ជាពិសេសស្គាល់តាមបទចម្រៀងពីជំនាន់ទសវត្សរ៍ ៧០ មួយបទមានចំណងជើងថា « ទឹកជ្រោះប៊ូស្រា » ច្រៀងដោយ លោក តូច តេង និងអ្នកស្រី ម៉ៅ សារ៉េត ដែលច្រៀងរៀបរាប់ពីទេសភាពព្រៃប្រឹក្សា ទឹកជ្រោះដងភ្នំ និងទឹកថ្លាឆ្វេងគួរឱ្យចង់គយគន់ស្ទើរមិនជឿថាជាការពិត ប្រៀបបីដូចជាសុបិន រហូតអ្នកណាៗក៏សុទ្ធតែចង់ឃើញទឹកជ្រោះប៊ូស្រា ដ៏ស្រស់ត្រកាលនេះដោយផ្ទាល់ភ្នែកឱ្យបានម្តងក្នុងជីវិតផងដែរ។

ទេសភាពទឹកជ្រោះប៊ូស្រា

បច្ចុប្បន្ននេះ ការធ្វើដំណើរទៅកាន់ទឹកជ្រោះប៊ូស្រា ពីក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគិរី ទៅកាន់ស្រុកពេជ្រចិន្តា ចំណាយពេលមិនដល់រយៈពេលមួយម៉ោងផង ដោយស្ថិតនៅក្នុងចំងាយប្រមាណជា ៤៣គីឡូម៉ែត្រ អមដោយទេសភាពស្រស់ស្អាត ដើមឈើខៀវខ្ចី តាមបណ្តោយផ្លូវកៅស៊ូរាបស្មើធេង និងផ្លូវក្រាលដីក្រហមដោយអន្លើ ដែលមានភាពងាយស្រួលមែនទែននៅក្នុងការធ្វើដំណើរទាំងទៅទាំងមក។

ក្រោយពីធ្វើដំណើរមកដល់ និងទុកដាក់យានជំនិះរួចមក យើងអាចបន្តដំណើរដោយថ្មើរជើងតាមជណ្តើរជើងចុះទៅកាន់ជ្រោះប៊ូស្រាតែម្តង ដោយនៅតាមដងផ្លូវមានការដាក់តាំងលក់ជាវត្ថុអនុស្សាវរីយ៍ របស់របរ បន្លែ និងផ្លែឈើជាច្រើន ដែលមាននៅក្នុងតំបន់ជាហូរហែររាប់មិនអស់ អមនឹងតន្ត្រីរបស់ជនជាតិដើមភាគតិច ប្រគុំប្រកបដោយភាពរីករាយ និងធ្វើឱ្យអ្នកដំណើរមានភាពធូរស្បើយនៅក្នុងអារម្មណ៍។ បន្ទាប់មក អ្នកនឹងបានឃើញម្ហូបអាហារ ព្រមទាំងកញ្ចុះកម្សាន្តជាច្រើនតម្រៀបជួរគ្នា ដែលអាចឱ្យអ្នកសម្រាកបន្ធូរអារម្មណ៍ និងក្តីនឿយហត់បាន។ ជាពិសេសនោះ ថែមទាំងអាចអង្គុយទទួលទានម្ហូបអាហាររបស់អ្នកស្រុកភូមិដ៏ឆ្ងាញ់ពិសា ព្រមទាំងអាចគយគន់ទេសភាព និងងូតទឹកជ្រោះប៊ូស្រា ដែលមានទឹកធ្លាក់លើដុំថ្មតូចធំមានសភាពបែកទឹករលឹមដូចផ្សែងក្រូចដ៏ស្រស់បំព្រងបានផងដែរ។

កន្លែងលក់តាមផ្លូវទៅកាន់ទេសភាពទឹកជ្រោះប៊ូស្រា
ជណ្តើរចុះទៅកាន់ទេសភាពទឹកជ្រោះប៊ូស្រា
ការសម្តែងឧបករណ៍ជនជាតិដើមភាគតិច

ទឹកជ្រោះប៊ូស្រា ត្រូវបានគេចែកជា ៣ដំណាក់កាល ដោយគេអាចងូតទឹកកម្សាន្តបានត្រឹមតែដំណាក់កាល (ល្បាក់) ទី១ និងទី២បានតែប៉ុណ្ណោះ ។

– ល្បាក់ទី១៖ ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និងកំពស់ពី ១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។

– ល្បាក់ទី២៖ ទឹកហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និងមានមុខកាត់ទទឹង ២៣ម៉ែត្រ នៅរដូវប្រាំង និងកំពស់ពី ១៨ ទៅ ២៥ ម៉ែត្រ និងមុខកាត់ ២០ម៉ែត្រ នៅរដូវវស្សា។ ល្បាក់ទី២ មានចំងាយឆ្ងាយពីល្បាក់ទី១ ប្រមាណជា ១៥០ម៉ែត្រ។

ដោយឡែកល្បាក់ទី៣ មានទឹកធ្លាក់ខ្លាំងជាងល្បាក់ទី២ ដែលមិនធ្លាប់មានអ្នកណា ទៅដល់នៅឡើយទេ ព្រោះជាតំបន់ដែលមានព្រៃក្រាស់ មិនអាចធ្វើដំណើរបាន ជាពិសេសថែមទាំងសម្បូរទៅដោយសត្វព្រៃសាហាវទៀតផង។

ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា
ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា
ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា

ម្យ៉ាងទៀតទឹកជ្រោះប៊ូស្រា នៅក្នុងរដូវប្រាំង អ្នកអាចទៅកម្សាន្តបានតែទឹកធ្លាក់តែ ១ល្បាក់ ឬ២ល្បាក់តែប៉ុណ្ណោះក្នុងចំនួនទឹកធ្លាក់មិនសូវជាពេញបរិបូរណ៍ប៉ុន្មាននោះទេ ព្រោះតែអាកាសធាតុមានសភាពរីងស្ងួតពេក។ ក្រៅពីនេះ នៅទឹកជ្រោះប៊ូស្រា ក៏មានសេវាកម្មជិះខ្សែរ៉តកាត់តាមភ្នំ និងទឹកជ្រោះប៊ូស្រា ដោយមានធានាសុវត្ថិភាពត្រឹមត្រូវ ដែលសាកសមសម្រាប់អ្នកដែលចូលចិត្តសកម្មភាពផ្សងព្រេងមិនខ្លាចទីខ្ពស់ និងចង់ដកស្រង់សម្រស់ធម្មជាតិពិតៗពីលើអាកាស។ គួរឱ្យដឹងផងដែរថា តម្លៃសម្រាប់ជិះខ្សែរ៉ត់មានតម្លៃរាងថ្លៃបន្តិច តែក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗនឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០ភាគរយផងដែរ។

ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា
ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា
ទិដ្ឋភាព ​ទឹកជ្រោះប៊ូស្រា

ចម្ការកាហ្វេ និងក្រូចវល្លិ៍

បន្ទាប់ពីសម្រាកលំហែកាយនៅក្នុងទឹកជ្រោះប៊ូស្រាហើយ អ្នកអាចបន្តដំណើរមកកាន់ចម្ការកាហ្វេ និងដំណាំហូបផ្លែជាច្រើន នៅក្នុងចម្ងាយមិនប៉ុន្មានគីឡូម៉ែត្រពីក្រុងសែនមនោរម្យប៉ុន្មានឡើយ។ នៅក្នុងចម្ការនេះមានសង់ជាភោជនីយដ្ឋានសម្រាប់អង្គុយលេងនៅមាត់ទឹក (បឹងកែច្នៃ) ដោយអាចបោះចំណីត្រីលេងដោយមិនគិតថ្លៃ និងអាចពិសាភេសជ្ជៈជាច្រើនមុខដូចជា កាហ្វេ តែ ទឹកក្រូចវល្លិ៍ (ផាស់សិន) និងទឹកផ្លែឈើជាច្រើនទៀតដ៏ឆ្ងាញ់ពិសាក្នុងតម្លៃសមរម្យ ដែលបានមកចម្ការនេះដោយផ្ទាល់តែម្តង ជាពិសេសគឺរសជាតិកាហ្វេមណ្ឌលគិរីកិនស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន។

ចម្ការកាហ្វេ
ចម្ការកាហ្វេ

បន្ថែមពីនេះ អ្នកក៏អាចអង្គុយទទួលទានម្ហូបអាហារ និងបាញ់ឆែវ នៅក្នុងកញ្ចុះតូចៗ ដែលនៅជ្រុងផ្លូវម្ខាងទៀតមានសង់ជាជួរៗក្រោមដើមទុរេន និងម្លប់ផ្លែឈើហូបផ្លែជាច្រើនទៀតក៏បានដែរ មុននឹងបន្តដំណើរទៅទស្សនាចម្ការកាហ្វេ ក្រូចវល្លិ៍ (ផាស់សិន) និងដំណាំហូបផ្លែជាច្រើនមុខទៀត។

កន្លែងលក់ភេសជ្ជៈ ចម្ការកាហ្វេ

សមុទ្រឈើ

ចេញដំណើរពីក្រុងសែនមនោរម្យបន្តិច អ្នកអាចបន្តដំណើរឆ្ពោះទៅកាន់ រមណីយដ្ឋាន បែបធម្មជាតិមួយទៀត ដែលមានឈ្មោះថា « សមុទ្រឈើ » ។ ស្តាប់ទៅរាងចម្លែកបន្តិចមែន តែនៅពេលទៅដល់អ្នកនឹងរឹតតែចម្លែកភ្នែក និងចម្លែកអារម្មណ៍នូវទេសភាពដ៏ស្រស់ត្រកាល នូវរមណីយដ្ឋានមួយនេះ។ នៅពេលទៅដល់ទីវាលទំនាបខ្ពស់នោះហើយ ពេលក្រឡេកមើលជុំវិញ អ្នកនឹងឃើញទេសភាព ដើមឈើរុក្ខជាតិតូចធំ ដុះត្រៀបត្រានៅខាងក្រោម មានពណ៌បៃតងខៀវខ្ចី ប្រៀបបីដូចជាមហាសមុទ្រ តែជាសមុទ្រព្រៃឈើដ៏ស្រស់បំព្រង ដូច្នេះហើយ បានជាគេដាក់នាមឱ្យវាមានឈ្មោះថា « សមុទ្រឈើ »។ 

ទិដ្ឋភាព ​សមុទ្រឈើ
ទិដ្ឋភាព ​សមុទ្រឈើ

បន្ទាប់ពីឈរលំហែអារម្មណ៍នឹងទេសភាពដ៏ល្អត្រកាល អ្នកក៏អាចផ្តិតរួបភាពដ៏ស្រស់ស្អាតនៅទីនោះបានផងដែរ ជាពិសេសគឺស្រូបយកខ្យល់អាកាសបែបធម្មជាតិ ដែលអាចធ្វើឱ្យអារម្មណ៍របស់លោកអ្នកធូរស្បើយពីក្តីនឿយហត់ទាំងឡាយ។

ទិដ្ឋភាព ​សមុទ្រឈើ
ទិដ្ឋភាព ​សមុទ្រឈើ

ភោជនីយដ្ឋានអូររមីស

បើទោះបីជា អូររមីស ជារមណីយដ្ឋានបង្កើតថ្មីលើអូរធម្មជាតិក៏ពិតមែន តែវាក៏បង្កប់នូវទេសភាពកែច្នៃដ៏ស្រស់ស្អាត រួមបូកផ្សំទាំងអូរធម្មជាតិផងដែរ ។ ក្រៅពីទេសភាពកែច្នៃថ្មី អូររមីសក៏មានដំណាំបន្លែជាច្រើនមុខដូចជា ចម្ការស្ពៃបែបធម្មជាតិ ដើមផ្កាស្រុកផ្កាព្រៃ ពណ៌ ស លឿង ក្រហមខ្ចីស្រស់ស្អាត ការតុបតែងលក្ខណៈជនជាតិដើមភាគតិច ផ្ទះឈើខ្មែរបុរាណ កញ្ចុះអង្គុយលេងទទួលទានអាហារឆ្ងាញ់ពិសាគ្រប់ប្រភេទ ជាពិសេសគឺឆាស្ពៃក្តោបផ្អែមឆ្ងាញ់បេះពីក្នុងចម្ការរមណីយដ្ឋាននេះផ្ទាល់ស្រស់ៗតែម្តង។

ភោជនីយដ្ឋានអូររមីស
ភោជនីយដ្ឋានអូររមីស
ភោជនីយដ្ឋានអូររមីស

បន្ទាប់ពីទទួលទាន និងសម្រាកលេងនៅទីនោះរួចមក ​រមណីយដ្ឋាននេះក៏មានការសម្តែងរបាំជនជាតិភាគតិច នាពេលរាត្រី ម៉ោង ៨យប់ ដោយឥតគិតថ្លៃផងដែរ។

ភោជនីយដ្ឋានអូររមីស
ភោជនីយដ្ឋានអូររមីស

ដោយសារតែការធ្វើដំណើរកម្សាន្តមានពេលកំណត់ និងសភាពមមាញឹកក្នុងរដូវបុណ្យទាន ចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសគឺផ្លូវធ្វើដំណើរពីទីកន្លែងកម្សាន្តមួយទៅកន្លែងកម្សាន្តមួយទៀតមានសភាពវែងឆ្ងាយ រហូតដល់ព្រំប្រទល់ទល់ដែនប្រទេសជិតខាង(វៀតណាម) រួមទាំងជារដូវប្រាំងក្តៅហួតហែងមិនសូវជាសម្បូរទឹកផងនោះ ក្រុមការងារ Khmerload អាចផ្តិតរូបភាពនូវរមណីយដ្ឋានសំខាន់ៗ តែ៥កន្លែងនេះតែប៉ុណ្ណោះ ដោយនៅសល់រមណីយដ្ឋានបែបធម្មជាតិ ទឹកជ្រោះ អូរស្ទឹង និងភ្នំសំខាន់ៗជាច្រើនផ្សេងទៀតផងដែរដូចជា៖  ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា ទឹកជ្រោះជ្រៃធំ ភ្នំណាំលៀវ ដែនជម្រកសត្វព្រៃ ចម្ការស្រល់សល់តាំងពីសម័យសង្គមរាស្ត្រនិយមដ៏ស្រស់ស្អាត ភូមិជនជាតិដើមភាគតិច និងទីកន្លែងសំខាន់ៗជាច្រើនផ្សេងទៀត។

ជឿជាក់ថា អត្ថបទមួយនេះនឹងអាចធ្វើឱ្យអារម្មណ៍មិត្តអ្នកអានបានអណ្តែតរីករាយស្រស់ស្រាយក្នុងចិត្តជាមិនខាន ជាពិសេសមានពេលទំនេរសម្រាកពីការងារ លោកអ្នកក៏អាចឆ្លៀតឱកាសមកកម្សាន្តលេងនៅក្នុងទឹកដីក្រហមដ៏ពិសិដ្ឋមួយនេះផងដែរ៕

សូមអញ្ជើញទស្សនាវីដេអូ ស្តីពីទិដ្ឋភាពទូទៅ នៃរមណីយដ្ឋានទាំង ៥នៃខេត្តមណ្ឌលគិរី ដែលផ្តិតរូបភាពដោយក្រុមការងារខ្មែរឡូត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]