នៅក្នុងអំឡុងពេលមានផ្ទៃពោះស្រ្តីគ្រប់រូបចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីសមត្ថភាពមិនថារបៀបនៃការរស់នៅ  ឬរបបអាហារប្រចាំថ្ងៃនោះទេ ព្រោះអាហារ ឬភេសជ្ជៈ និងសកម្មភាពមួយចំនួនគឺពុំមានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះក្នុងរយៈពេល ៩ខែនេះទេ។

ដូច្នេះហើយ ដើម្បីថែរក្សាសុខភាពទារកឲ្យបានល្អ ស្រ្តីអំឡុងពេលមានផ្ទៃពោះ ចាំបាច់ត្រូវចៀសវាងកំហុសមួយចំនួនដូចខាងក្រោម៖

១/ ចៀសវាងការបរិភោគប្រភេទត្រីមួយចំនួន

ចំពោះស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះចាំបាច់ត្រូវចៀសវាងត្រីពីរប្រភេទ ត្រីប្រភេទទីមួយគឺ ត្រីដែលមានផ្ទុកនូវសារធាតុបារតខ្ពស់ (ត្រីមានពណ៌សចាំងដូចប្រាក់) រួមបញ្ចូលជាមួយពពួកត្រីធូណាជាដើម ព្រោះត្រីប្រភេទនេះវាមានទំនាក់ទំនងជាមួយនឹងការអភិវឌ្ឍន៍ខួរក្បាលរបស់ទារក។  ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នមិនត្រូវបរិភោគឲ្យលើសពី ១ដងក្នុងមួយសប្តាហ៍នោះទេ។

ចំណែកឯត្រីប្រភេទទីពីរនោះគឺពពួកត្រីដែលមានប្រភពមកពីស្ទឹង បឹង និង ស្រះដែលសិ្ថតនៅក្នុងតំបន់ក្បែររោងចក្រធំៗ ឬតំបន់កខ្វក់ផ្សេងទៀត។ 

រូបភាពតំណាង

២/ ចៀសវាងបរិភោគពពួកឈីសទន់

អាហារប្រភេទនេះវាមានផ្ទុកនូវបាក់តេរី ដែលអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះស្រ្តីមានផ្ទៃពោះ ព្រោះឈីសទន់មួយចំនួនគឺពុំផ្សំចេញពីទឹកដោះគោដែលត្រូវបានសម្លាប់មេរោគត្រឹមត្រូវនោះទេ។ ហេតុនេះហើយ អ្នកគួរជ្រើសរើសឈីសរឹង ឬទន់ដែលផ្សំចេញពីទឹកដោះគោដែលមានពាក្យ  Pasteurized ពិត ១០០ភាគរយ។

រូបភាពតំណាង

៣/ ចៀសវាងការបរិភោគអាហារសមុទ្រឆៅ

ស្រ្តីមានផ្ទៃពោះគួរចៀសវាងកុំបរិភោគអាហារសមុទ្រឆៅដូចជាត្រីសាល់ម៉ុនជាដើម ព្រោះវាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ ដែលបណ្តាលមកពីបាក់តេរីដែលផ្ទុកនៅក្នុងអាហារទាំងនោះ។ ដូច្នេះដើម្បីសុវត្ថិភាព អ្នកចាំបាច់ត្រូវចម្អិនឲ្យបានឆ្អិនល្អមុនពេលយកទៅបរិភោគ។

៤/ កុំផឹកជាតិកាហ្វេអ៊ីនច្រើនពេក

បរិមាណជាតិកាហ្វេអ៊ីនច្រើនពេក អាចបណ្តាលឲ្យទារកកើតមិនគ្រប់គីឡូ កើតមិនគ្រប់ខែ ឬអាចរលូតទៀតផង។  ហេតុនេះជម្រើសដ៏ល្អ ដើម្បីមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះគួរទទួលទានកាហ្វេ ឬតែត្រឹម ១ពែងក្នុងមួយថ្ងៃបានហើយ។ ប៉ុន្តែគួរចងចាំថា តែ និង សូដាមួយចំនួន ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីនដែរ ដូច្នេះចូរប្រុងប្រយ័ត្នមុននឹងបរិភោគ។

ដោយឡែក ភេសជ្ជៈដែលល្អសម្រាប់ស្រ្តីមានផ្ទៃពោះនោះគឺទឹកផ្លែឈើស្រស់ៗ ព្រោះវាមិនមានផ្ទុកនូវជាតិកាហ្វេអ៊ីននោះទេ។ 

រូបភាពតំណាង

៥/ ចៀសវាងទទួលទានសាច់ដែលអាចបរិភោគបានភ្លាម

ពពួកសាច់ដែលអាចទទួលទានបានភ្លាមៗដោយមិនត្រូវការការចម្អិនបន្ថែមដូចជាប្រហិត ឬសាច់បាតេជាដើម។ ពពួកសាច់ប្រភេទនេះមានផ្ទុកទៅដោយបាក់តេរី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកចង់បរិភោគ អ្នកគួរចម្អិនវាឲ្យបានឆ្អិនល្អ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនអ្នក និង ទារកក្នុងផ្ទៃ។ 

រូបភាពតំណាង

៦/ ចៀសវាងការទទួលទាន តែ និង ឱសថធម្មជាតិមិនត្រឹមត្រូវ

ជាការពិត ឱសថធម្មជាតិវាល្អសម្រាប់សុខភាពទូទៅ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះដាច់ខាតត្រូវប្រុងប្រយ័ត្នបំផុត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថធម្មជាតិណាមួយ ព្រោះមិនប្រាកដការលាយផ្សំទាំងនោះបានត្រឹមត្រូវនោះទេ។

៧/ ចៀសវាងការទទួលទានជាតិអាល់កុល

ជាទូទៅ អ្នកធ្លាប់បានដឹងរួចមកហើយថា ការទទួលទានជាតិអាល់កុលមិនធ្វើឲ្យស្រ្តីមានផ្ទៃពោះមានផលល្អនោះទេ។ ជាតិអាល់កុលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍កោសិការបស់ទារក និង ធ្វើឲ្យមានផលប៉ះពាល់ដល់ការផ្តល់អុកស៊ីសែនរួមជាមួយនឹងសារធាតុចិញ្ចឹមទៅដល់ទារកទៀតផង។ 

រូបភាពតំណាង

៨/ ការដាក់ខ្សែរក្រវ៉ាត់នៅពេលធ្វើដំណើរ

ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវដាក់ខ្សែក្រវ៉ាត់ឲ្យសិ្ថតនៅខាងក្រោមពោះ និង ចៀសវាងកុំឲ្យរឹតតឹងខ្លាំងពេក ហើយព្យាយាមអង្គុយឲ្យបានយ៉ាងតិច ១០សង់ទីម៉ែត្រពីចង្កូត៕ 

ដូចបង្ហាញក្នុងរូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]