ជាក់ស្តែង អ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកមិនមានប្រតិកម្មជាមួយនឹងការទទួលទានសណ្តែកដីទេនោះ  អ្នកអាចទទួលទានវាជារៀងរាល់ថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរាងកាយ។ នេះក៏ព្រោះតែសណ្តែកដីមានផ្ទុកនូវជាតិកាកសរសៃ អង់ទីអុកស៊ីដង់ ខ្លាញ់ល្អ ប្រូតេអ៊ីន ទង់ដែង ម៉ង់ហ្គាណែស និង វីតាមីន E។

ទន្ទឹមនឹងនេះផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន អ្នកចាំបាច់ត្រូវទទួលទានសណ្តែកដីមួយថ្ងៃ ប្រហែល ២០ក្រាម។

រូបភាពតំណាង

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការទទួលទានសណ្តែកដីជារៀងរាល់ថ្ងៃ!

១/ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ការទទួលទានសណ្តែកដីអាចជួយគ្រប់គ្រង់ជាតិស្ករក្នុងឈាម ឱ្យមានស្ថេរភាព និង ការពារពីការប្រឈមទៅនឹងជំងឺទឹកនោមផ្អែមទៀតផង។

២/ ជួយឲ្យអារម្មណ៍ប្រសើរឡើង

ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ធុញថប់ ឬតានតឹងនឹងរឿងណាមួយនោះ អ្នកអាចទទួលទានសណ្តែកដីបាន ព្រោះវាមានផ្ទុកនូវអាស៊ីតអាមីណូដែលត្រូវបានគេហៅថាទ្រីប៉ូផាន (tryptophan) ដែលវាជាអ្នកបង្កើនកម្រិតសេរ៉ូតូនីន(serotonin) របស់ខួរក្បាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។

៣/ ជួយបង្កើនការចងចាំ

មានមនុស្សមួយចំនួនបានហៅសណ្តែកដីថាជាអាហារខួរក្បាលដ៏ល្អ ដោយសារតែវាអាចជួយបង្កើនការចងចាំក៏ដូចជាបង្កើនមុខងារនៃការយល់ដឹងបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថា ទាំងនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះសណ្តែកដីអាចជួយបង្កើនចរន្តឈាមក្នុងខួរក្បាលរបស់អ្នកបាន។ 

រូបភាពតំណាង

៤/ ការពារពីជំងឺមហារីក

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាសមាសធាតុសកម្មនៅក្នុងសណ្ដែកដីដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មអាចបន្ថយហានិភ័យនៃជំងឺមហារីក។ ហេតុនេះការទទួលទានសណ្តែកដីជារៀងរាល់ថ្ងៃគឺល្អខ្លាំងណាស់ក្នុងការពារពីជំងឺមហារីកជាពិសេសជំងឺមហារីកពោះវៀនធំ។

៥/ ជួយដល់សុខភាពបេះដូង

ការពារសុខភាពបេះដូងរបស់អ្នកឲ្យមានសុខភាពល្អ តាមរយៈការទទួលទានសណ្តែកដីជារៀងរាល់ថ្ងៃ ព្រោះវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិកាកសរសៃ និង ជាតិខ្លាញ់ល្អ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល និង បន្ថយសម្អាធឈាម ដើម្បីថែរក្សាបេះដូងឲ្យមានសុខភាពល្អ។ 

រូបភាពតំណាង

៦/ ជួយឲ្យសក់ដុះក្រាស់

សណ្តែកដីមិនត្រឹមតែអាចជួយដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យសក់ដុះលូតវែងឆាប់រហ័សទៀតផង ជាពិសេសសម្រាប់បុរសដែលទំពែកជាដើម។ ដូច្នេះ អ្នកគួរតែទទួលទានសណ្តែកដីឲ្យបានជាប្រចាំថ្ងៃ ប្រសិនបើអ្នកមានបំណងចង់ឲ្យសក់ដុះក្រាស់ជាងមុន។

៧/ ជួយទប់ស្កាត់ភាពជ្រីវជ្រួញ

ការទទួលទានសណ្តែកដីជារៀងរាល់ថ្ងៃក៏អាចជួយការពារស្បែករបស់អ្នកមិនឲ្យឆាប់ជ្រីវជ្រួញទៅតាមអាយុ ឬដោយសារការបំផ្លាញណាមួយមកលើស្បែក ព្រោះជាតិកាកសរសៃដែលមានប្រភពមកពីសណ្តែកដីអាចជួយបញ្ចេញជាតិពុលចេញ ដែលធ្វើឲ្យស្បែកមើលទៅស្អាតក្មេងជាងវ័យ និង មិនងាយចាស់៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]