អាមេរិក៖ ធម្មជាតិនៃពិភពលោកយើងកំពុងតែក្លាយទៅជាកន្លែងចាក់សំរាមយ៉ាងធំមួយ។ សូម្បីតែមហាសមុទ្រ និងតំបន់ប៉ូលក៏មិនរួចខ្លួនពីសំរាមដែរ ជាពិសេសប្លាស្ទិច។

អ្នកវិទ្យាសាស្ត្របានបង្កើតអង់ស៊ីមម្យ៉ាងឡើង ដោយសារភាពចៃដន្យតែប៉ុណ្ណោះ ព្រោះគេបានរកឃើញបាក់តេរីមួយប្រភេទនៅក្នុងគំនរសំរាមមួយនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១៦។ បាក់តេរីដែលគេបានរកឃើញនោះ បានវិវឌ្ឍខ្លួនវាដោយធម្មជាតិ ដើម្បីមានសមត្ថភាពអាចបំលែងប្លាស្ទិចទៅជាប្រភពថាមពលបាន។ 

ជាដំបូងក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសាកល្បងដើម្បីុមើលឲ្យដឹងថា បាក់តេរីនោះអាចបង្កើតអង់ស៊ីមដែលអាចបំបែកសមាសភាគប្លាស្ទិចបានដោយរបៀបណា។ ជាលទ្ធផលចៃដន្យនៃការពិសោធន៍ គឺគេបានធ្វើឲ្យអង់ស៊ីមនេះ អាចបំបែកសមាសភាគប្លាស្ទិចបានលឿនជាងមុនទៅទៀត។ 

ជាលទ្ធផលអង់ស៊ីមដែលគេបានកែប្រែនេះ ត្រូវការរយៈពេលត្រឹម៣ ទៅ៤ថ្ងៃប៉ុណ្ណោះដើម្បីបំបែកសមាសភាគនៃដបប្លាស្ទិច ចំណែកឯការបំបែកសមាសភាគនៃដបប្លាស្ទិចតាមធម្មជាតិវិញ ត្រូវការពេល ៤៥០ឆ្នាំឯណោះ។

រូបតំណាង

នៅឆ្នាំ ២០១៧ អ្នកស្រាវជ្រាវបានរកឃើញកាកសំណល់ប្លាស្ទិច ៣៨លានបំណែកនៅលើកោះគ្មានមនុស្សរស់នៅមួយ នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ហើយក៏មានរបាយការណ៍មួយទៀតផងដែរ ដែលបានបង្ហាញថាដបប្លាស្ទិចរាប់លានដប ត្រូវបានគេផលិតជារៀងរាល់នាទី។ ហើយគេបានប៉ាន់ស្មានថាចំនួននេះនឹងកើនឡើង ២០% នៅឆ្នាំ ២០២១។

រូបតំណាង

អ្នកដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រនេះ លោកសាស្ត្រាចារ្យ John McGeehan បាននិយាយថា «យើងរំពឹងថា យើងនឹងអាចប្រើអង់សុីមនេះ ដើម្បីបំបែកប្លាស្ទិចទៅជាសមាសភាគដើមរបស់វាវិញ រួចយើងនឹងអាចយកសមាសភាគទាំងនោះមកផលិតជាប្លាស្ទិចបានជាថ្មីម្ដងទៀត។ ធ្វើដូចនេះមានន័យថា យើងមិនត្រូវការជីកទៅក្រោមដី ដើម្បីរកប្រេង យកមកផលិតប្លាស្ទិចទាំងនេះទៀតនោះទេ ហើយវានឹងអាចកាត់បន្ថយប្លាស្ទិចនៅក្នុងបរិស្ថានបានមួយចំនួនធំផងដែរ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]