ចិន៖ តារាសម្ដែងស្រីជើងចាស់ សម្រស់ស្រស់ស្អាត មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសចិន កាលពីថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន និងអ្នកគាំទ្រជាច្រើន ក្រោយដឹកដៃកូនស្រីវ័យក្មេង បណ្តើរគ្នាដើរលើកម្រាលព្រំក្រហម ចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ ធ្វើឲ្យគ្រប់គ្នាចាប់ច្រឡំស្មានថា ម្តាយកូននេះជាបងប្អូននឹងគ្នាទៅវិញ។

អ្នកម្តាយសាច់ចាំ រាងឡើងខ្ញង់មិនចាញ់ក្រមុំៗ ជាតារាសម្តែងស្រីជើងចាស់រូបនេះ ឈ្មោះ Yan Ni មានកម្ពស់ ១,៧០ម៉ែត្រ បច្ចុប្បន្នមានអាយុ ៤៧ឆ្នាំហើយ។ ចំណែកឯកូនស្រីរបស់គាត់វិញ ឈ្មោះ Zou Yuanqing មានអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ។

កាលពីដើមសប្តាហ៍កន្លងទៅនេះ អ្នកស្រី Yan បានចូលរួមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអន្តរជាតិលើកទី៨ នាទីក្រុងប៉េកាំង «8th Beijing International Film Festival» និងក៏ដើម្បីផ្សព្វផ្សាយ ឬប្រូម៉ូត ខ្សែភាពយន្តថ្មីរបស់អ្នកស្រីដែលមានចំណងជើងថា «I am your mom» ផងដែរ។

អ្នកស្រី Yan (ឆ្វេង) កូនស្រី Zou (ស្តាំ)

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ជាពិសេស អ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ គឺអ្នកស្រី Yan ក៏បានដឹកដៃកូនស្រីវ័យក្មេងជាទីស្រលាញ់ ដែលកន្លងមកពុំធ្លាប់ដែលបានបង្ហាញមុខ ទៅចូលរួមជាមួយនឹងព្រឹត្តិការណ៍ខាងលើនេះ បង្អួតសម្រស់មិនចាញ់គ្នា លើកម្រាលព្រំក្រហម រហូតត្រូវបានគ្រប់គ្នាយល់ច្រឡំថា ពួកគេទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នាថែមទៀតផង។

អ្នកគាំទ្រជាច្រើននិយាយថា ម្តាយនឹងកូននេះ គឺពិតជាស្រស់ស្អាត មើលទៅប្រៀបបីដូចបងហើយនឹងប្អូន ជាជាងម្តាយហើយនឹងកូន។ ខណៈឯអ្នកផ្សេងទៀតនិយាយថា អ្នកស្រី Yan ពិតជាមានរូបរាង និងសម្រស់ ស្រស់ស្អាតខ្លាំងជាងកូនស្រីរបស់គាត់ទៅទៀត បើទោះបីជាគាត់មានអាយុច្រើនក្តី។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនៃការបង្ហាញខ្លួននោះ អ្នកស្រី Yan ក៏មិនទាន់បានបង្ហើបប្រាប់ពីអាថ៌កំបាំង ដែលជួយឲ្យអ្នកស្រីរក្សាបាននូវរូបសម្រស់ ស្រស់ផូរផង់ និងក្មេងជាងវ័យ ចែករំលែកឲ្យអ្នកគាំទ្រ បានដឹងនៅឡើយនោះទេ។

អ្នកស្រី Yan (ឆ្វេង) កូនស្រី Zou (ស្តាំ)

គួរឲ្យដឹងផងដែរថា អ្នកស្រី Yan កើតនៅក្នុងឆ្នាំ១៩៧១ ក្នុងទីក្រុង Xi’an ។ គាត់ត្រូវបានគេជ្រើសរើសឲ្យធ្វើជាទាហានកម្សាន្ត (Entertainment Soldier) នៅក្នុងឆ្នាំ១៩៩០ មុនពេលក្លាយខ្លួនជាតារាសម្តែងស្រី ក្នុងឆ្នាំ១៩៩៤។

អ្នកស្រី Yan ចាប់ផ្តើមទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងឆ្នាំ២០០៦ (អាយុ៣៤ឆ្នាំ) បន្ទាប់ពីបានដើរតួសម្ដែងនៅក្នុងខ្សែរឿង «My Own Swordsman» និងជាបន្តបន្ទាប់មក មានខ្សែរឿងជាច្រើនផ្សេងទៀត ដែលអ្នកស្រីបានសម្ដែង ជាមួយនឹងសន្ទុះនៃភាពល្បីល្បាញ ក៏កាន់តែកើនឡើងជាលំដាប់ រហូតមកទល់សព្ចថ្ងៃនេះ ៕

ទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោម៖  

អ្នកស្រី Yan (ឆ្វេង) កូនស្រី Zou (ស្តាំ)
អ្នកស្រី Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]