ចិន៖ កញ្ញា Wang Lanxi មកពីទីក្រុង Guangzhou ប្រទេសចិន គឺជាតារាម៉ូដែលទម្ងន់ធ្ងន់ ដែលកំពុងធ្វើការឲ្យស្ទូឌីយោថតរូបជាច្រើន ដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់យកទៅផ្សព្វផ្សាយនៅលើគេហទំព័រ Taobao។

កញ្ញា Wang Lanxi

តារាម៉ូដែលទម្ងន់ ៨៨គីឡូក្រាម កម្ពស់ ១.៧០ម៉ែត្ររូបនេះបាននិយាយថា៖

«មនុស្សជាច្រើននិយាយថា ពួកយើងមានមាឌធំ ហើយបេះដូងរបស់ពួកយើងក៏ធំដែរ ប៉ុន្តែពួកយើងមិនមែនបែបនេះរហូតទេ។ ពេលខ្លះពួកយើងក៏ខ្វះទំនុកចិត្តដែរ។ »
កញ្ញា Wang Lanxi និងមិត្តរួមអាជីព

បន្ថែមពីនេះ នាងបាននិយាយទៀតថា ដោយសារតែមាឌដ៏ធំរបស់នាង បានធ្វើឲ្យនាងមានការព្រួយបារម្ភខ្លះដែរ៖

«ខ្ញុំធ្លាប់ភ័យខ្លាចក្នុងការសម្លឹកមើលទៅកែវភ្នែករបស់អ្នកដទៃ នៅពេលដែលខ្ញុំកំពុងស្លៀកឈុតប៊ឺហ្គីនី ប៉ុន្តែពេលនេះ ខ្ញុំមានអារម្មណ៍ប្រសើរជាងមុនហើយ។»
កញ្ញា Wang Lanxi

ជាក់ស្តែង កាលនៅរៀន នាងតែងតែទិញទំនិញតាមគេហទំព័រ Taobao ហើយនាងក៏បានឃើញតារាបង្ហាញម៉ូតមួយចំនួនមានរូបរាងប្រហាក់ប្រហែលនឹងនាងដែរ។ដូច្នេះនាងក៏ចាប់ផ្តើមមានគំនិតចង់ចាប់អាជីពនេះតែម្តង។ នាងជឿជាក់ថា ការងារនេះនឹងជួយឲ្យនាងអាចបង្ហាញភាពស្រស់ស្អាតរបស់នាង ហើយក៏ជួយដល់អ្នកទិញទំនិញដែលមានមាឌធំដូចជានាងអីចឹងដែរ។

កញ្ញា Wang Lanxi

ការងារដែលតម្រូវឲ្យ Wang បង្ហាញឈុតជាច្រើននេះ បានធ្វើឲ្យនាងហត់នឿយជាខ្លាំង ប៉ុន្តែនាងនៅតែរីករាយ។ កញ្ញា Wang បាននិយាយថា៖

«តើអ្នកអាចឲ្យតារាបង្ហាញម៉ូតទម្ងន់ ៤៥គីឡូ ទៅបង្ហាញឈុតដែលច្នៃសម្រាប់អ្នកមានទម្ងន់ ៩០គីឡូយ៉ាងម៉េចបាន? វាមិនអាចទៅរួចទេ។»
កញ្ញា Wang Lanxi

ថ្វីត្បិតតែ Wang ជាតារាបង្ហាញម៉ូតសម្រាប់សម្លៀកបំពាក់ទំហំធំក៏ពិតមែន ក៏នាងនៅតែត្រូវការធ្វើលំហាត់ប្រាណ ដើម្បីឲ្យចេញរាងស្អាត និងសាកសមជាមួយឈុតទាំងនោះដែរ។

រូបរាង និងអត្តចរិកដ៏ល្អរបស់ Wang បានធ្វើឲ្យនាងមានមុខមាត់ និងទទួលស្គាល់ខ្លាំងនៅក្នុងឧស្សាហកម្មមួយនេះ។ បន្ថែមពីនេះ នាងក៏ដឹងពីតិចនិចនៃការធ្វើសកម្មភាព ឬកាច់រាង កុំឲ្យឃើញស្នាមជ្រីវជ្រួញ ឬឃើញធាត់ពេក ដើម្បីឲ្យនាងសាកសមជាមួយឈុតទាំងនោះ ហើយក៏ដើម្បីឲ្យនាងមានទំនុកចិត្តចំពោះខ្លួនឯងផងដែរ។

កញ្ញា Wang Lanxi

កញ្ញា Wang បានពន្យល់ថា៖

«ក្នុងនាមជាតារាបង្ហាញម៉ូតខ្នាតធំ អ្នកត្រូវចំណាយពេលជាច្រើន ទើបអាចទទួលបានរូបភាពដែលល្អឥតខ្ចោះ។ អ្នកត្រូវដឹងថា ជើងរបស់អ្នកគួរតែបែរទៅខាងណា ហើយមុខរបស់អ្នកគួរតែសម្លឹងទៅណា ហើយអ្នកនឹងយល់ពីតិចនិចទាំងនេះ នៅពេលដែលអ្នកធ្វើការងារនេះរាប់ពាន់ដង។»
កញ្ញា Wang Lanxi

នៅពេលដែលគេសួរថា នាងមានអារម្មណ៍បែបណានៅពេលដែលនាងឈរមុខកាមេរ៉ា កញ្ញា Wang បានឆ្លើយតបថា៖

«នៅពេលដែលកាមេរ៉ាត្រូវបានចុច មានន័យថា ខ្ញុំគឺជាស្រីស្អាតជាងគេនៅក្នុងសាកលលោកនេះ។»

ខណៈពេលដែលមនុស្សជាច្រើនកំពុងពេញចិត្តជាមួយតារាម៉ូដែលដែលមានរាងស្លីមនោះ Wang នៅតែពេញចិត្តរូបរាង និងការងាររបស់នាង ជាមួយការខិតខំប្រឹងប្រែង និងទំនុកចិត្តលើខ្លួនឯង។

ចុងក្រោយកញ្ញា Wang បានបញ្ជាក់ថា នាងមិនចង់ស្គមទេ នាងចង់មានរូបរាងដែលម៉ាប់ៗគួរឲ្យស្រឡាញ់បែបនេះរហូត៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]