ចិន៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ កម្មវិធីប្រកួតច្រៀងដ៏ធំមួយក្នុងប្រទេសចិន បានរកឃើញម្ចាស់ជ័យលាភីហើយនោះគឺ Jessie J។

តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ ដែលបានលក់អាល់ប៊ុមចម្រៀងរាប់លានបន្ទះរួចស្រាប់មកហើយ  បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួនជាបេក្ខនារីប្រកួតប្រជែងនៅក្នុងកម្មវិធីប្រលងចម្រៀង Singer 2018 (歌手)។ 

កម្មវិធីប្រលងចម្រៀងដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ Hunan TV នេះ តម្រូវឲ្យកំពូលតារាចម្រៀងទាំងអស់ប្រកួតប្រជែងសមត្ថភាពច្រៀង  បើទោះបីជាពួកគេមានអាជីពជាតារាចម្រៀងក៏ដោយ។

Jessie J ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Singer 2018 (歌手)

ពីមួយជុំទៅមួយជុំ Jessie J តែងតែឈរលើលំដាប់កំពូល ហើយអាចឈានដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងងាយស្រួល  ហើយក្នុងវគ្គផ្តាច់ព្រ័ត្រនេះ នាងទទួលបានសារគាំទ្ររហូតដល់ទៅជិត ៥០ភាគរយ ក្នុងចំណោមគូប្រកួត៣នាក់ផ្សេងទៀតគឺ តារាចម្រៀងរ៉ុកប្រចាំប្រទេសចិន Wang Feng តារាចម្រៀងជនជាតិម៉ុងហ្គោលី Tengger និងតារាចម្រៀងតៃវ៉ាន់ Angela Chang។

នៅក្នុងវគ្គចុងក្រោយនៃការប្រកួតនេះ Jessie J បានច្រៀងចម្រៀងដ៏ល្បីរបស់ខ្លួនដែលមានចំណងជើងថា “Bang Bang” រួមគ្នាជាមួយ តារាចម្រៀងហុងកុងកាត់អាមេរិក Coco Lee និងតារាចម្រៀងជនជាតិហ្វីលីពីន KZ Tandingan ដែលទើបតែត្រូវបានគេជម្រុះចេញពីកម្មវិធី។

ក្រៅពីនេះ នាងក៏បានច្រៀងបទ “I Will Always Love You” ដែលគ្រប់គ្នាស្គាល់ផងដែរ។

ដោយសារសមត្ថភាព និងប្រជាប្រិយភាពរបស់ Jessie J បានធ្វើឱ្យនាងក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីនេះ មិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនប៉ុន្មាននោះទេ ផ្ទុយទៅវិញការសម្រេចចិត្តចូលរួមប្រកួតទៅវិញទេ ដែលបានធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តខ្លាំងនោះ។

ជាមួយជ័យជម្នះនេះ Jessie J ក៏បានអបអរខ្លួនឯងជាមួយការបង្ហោះសារមួយចំនួននៅក្នុងបណ្តាញសង្គម Instagram ផងដែរ។ នៅក្នុងសារមួយនោះ នាងបានបង្ហាញពីមូលហេតុដែលនាងចូលរួមក្នុងកម្មវិធី Singer 2018 នេះថា៖

«ខ្ញុំយល់ព្រម ក៏ដោយសារខ្ញុំចូលចិត្តធ្វើរឿងដែលមិនបានគ្រងទុកជាមុន ហើយខ្ញុំពេញចិត្តនឹងតំណាងប្រទេសអង់គ្លេស និងច្រៀងនៅគ្រប់ទីកន្លែងដែលខ្ញុំទៅដល់។ ខ្ញុំស្រលាញ់ការច្រៀង ប៉ុន្តែវាក៏ជាឱកាសក្នុងការផ្សារភ្ជាប់វប្បធម៌របស់ប្រទេសទាំងពីរផងដែរ។»
Jessie J ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Singer 2018 (歌手)

ក្រៅពីនេះ Jessie J បានបន្ថែមទៀតថា៖

«ចិន គឺជាប្រទេសមួយដ៏អស្ចារ្យ និងខុសពីកន្លែងដែលខ្ញុំធ្លាប់ទៅពីមុនមក។ ខ្ញុំមិនដែលទៅកន្លែងណា ដែលមានការស្វាគមន៍ និងពោរពេញដោយក្តីស្រលាញ់ដូចទីនេះទេ។ ក្រុមការងាររបស់ខ្ញុំ និងរូបនាងខ្ញុំបាននៅទីនេះចំនួន៣ខែកន្លះ។ វាគឺជាបទពិសោធន៍នៃការសិក្សាដ៏អស្ចារ្យសម្រាប់ពួកយើងទាំងអស់គ្នា។ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ! អរគុណណាស់! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា!»

គួរបញ្ជាក់ថា Jessie J គឺជាតារាចម្រៀងបរទេសដំបូងគេបង្អស់ដែលបានឈ្នះនៅក្នុងកម្មវិធីប្រកួតចម្រៀងនៅក្នុងប្រទេសចិន ហើយនាងប្រហែលមិនមែនជាមនុស្សចុងក្រោយនោះទេ៕

Jessie J ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Singer 2018 (歌手)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]