អង់គ្លេស៖ ជួបជាមួយលោក Benjamin Carpenter វ័យ៣៣ឆ្នាំ រស់នៅក្នុងតំបន់ Shepley នៃចក្រភពអង់គ្លេស ត្រូវបានគេស្គាល់ស្ទើតែពេញផ្ទៃប្រទេស ដោយសារ ទឹកចិត្តដ៏ល្អរបស់គាត់។

ជាក់ស្តែង លោក Benjamin គឺជាបុរសស្រឡាញ់ភេទដូចគ្នា  បានចិញ្ចឹមក្មេងៗពិការរហូតដល់ទៅ ៤នាក់ និងបានជួយដល់ពួកគេឲ្យបានរស់នៅក្នុងពិភពលោកដ៏ស្រស់បំព្រងមួយនេះ។

លោក Benjamin Carpenter វ័យ៣៣ឆ្នាំ

លោក Benjamin បានសារភាពថា លោកមានបំណងក្លាយជាឪពុករបស់ពួកគេ តាំងពីលោកនៅក្មេងម្ល៉េះ។ លោកបានប្រាប់ទៅកាន់សារព័ត៌មាន Unilad ថា៖

«ការធំធាត់នៅក្នុងគ្រួសារ ដែលកាន់សាសនាយ៉ាងខ្ជាប់ខ្ជួនមួយ ខ្ញុំតែងតែមានចិត្តចង់បង្ហាញក្តីស្រឡាញ់របស់ខ្ញុំ ហើយការសុំកូនចិញ្ចឹម តែងតែនៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច ព្រោះវាមិនអាចទៅរួចទេ ដែលខ្ញុំអាចបង្កើតកូនដោយខ្លួនឯងបាន។ ជារឿយៗ ក្មេងៗដែលមានតម្រូវការមើលថែខ្ពស់បែបនេះ តែងតែត្រូវបានគេមើលរម្លង។ ខ្ញុំពិតជាអាចទទួលយកក្មេងៗទាំងនេះបាន បើទោះបីជាមនុស្សភាគច្រើនមិនអាចទទួលយកបានក៏ដោយ។ ហើយវាជាការពិតដែលអ្នកត្រូវតែប្រាកដក្នុងចិត្តថា ដំណើរផ្សងព្រេងនៃការចិញ្ចឹមក្មេងៗប្រភេទនេះ ពិតជាសាកសមជាមួយអ្នក និងជាប្រភេទគ្រួសារដែលអ្នកប្រាថ្នាចង់បាន។»
លោក Benjamin Carpenter ជាមួយកូនចិញ្ចឹមទាំងបួន

ដំណើរជីវិតរបស់ Benjamin បានចាប់ផ្តើមដំបូងកាលពី ១០ឆ្នាំមុន គឺនៅពេលដែលលោកចាប់ផ្តើមសុំកូនចិញ្ចឹមដំបូងឈ្មោះថា Jack។ 

រហូតមកដល់ពេលនេះ Jack មានអាយុ ១០ឆ្នាំ ហើយ Jack ជាកុមារ ដែលមានជំងឺសរសៃប្រសាទ។  ចំណែកឯ Ruby អាយុ ៦ឆ្នាំ ជាកុមារពិការសរីរាង្គកាយ ដែលមិនអាចផ្លាស់ទីដោយខ្លួនឯងបាន។  Lilly វ័យ ៥ឆ្នាំ ជាកុមារ គ-ថ្លង់ និងអសមត្ថភាពរាងកាយមួយចំនួនផងដែរ ដែលគ្រួសារទាំងមូលត្រូវសិក្សាភាសាកាយវិការដើម្បីទំនាក់ទំនងជាមួយនាង។  ចំណែកសមាជិកគ្រួសារតូចជាងគេបង្អស់គឺ Joseph អាយុ ២ឆ្នាំ មានបញ្ហាក្រូម៉ូសូមពីកំណើត ដែលប៉ះពាល់ខ្លាំងទៅលើបញ្ញាស្មារតី  និងតម្រូវឲ្យមានការផ្តល់ជំនួយជាច្រើនដល់រូបគេ។

លោក Benjamin Carpenter ជាមួយកូនចិញ្ចឹមទាំងបួន

ជាក់ស្តែង Benjamin បានចំណាយពេលដល់ទៅ ៣ឆ្នាំ ដើម្បីបញ្ចុះបញ្ចូលអាជ្ញាធរឲ្យជឿជាក់ថា លោកពិតជាមានបំណងសុំកូនមកចិញ្ចឹមយ៉ាងពិតប្រាកដមែន ហើយលោកក៏បានក្លាយជាបុរសស្រឡាញ់ភេទដូចគ្នាក្មេងបំផុត ដែលសុំកូនចិញ្ចឹមនៅក្នុងប្រទេសនេះ។  ឪពុកទោលរូបនេះបាននិយាយថា  អ្វីៗត្រូវបានឆ្លងកាត់ជាមួយឧបសគ្គជាច្រើន  ហើយលោកក៏បានឮការបញ្ចេញមតិផ្សេងៗគ្នាពីរឿងដែលលោកក្លាយជាឪពុកទោល ហើយជាមនុស្សស្រឡាញ់ភេទដូចគ្នានេះដែរ។

លោក Ben បាននិយាយថា៖

«ជាញឹកញាប់ ខ្ញុំតែងតែទទួលបានពាក្យមួយចំនួនដូចជា ‘វាមិនត្រឹមត្រូវទេ’ និង ‘ព្រោះអ្នកជាមនុស្សស្រឡាញ់ភេទដូចគ្នា ដូច្នេះថ្ងៃក្រោយកូនៗរបស់អ្នកនឹងក្លាយជាមនុស្សប្រភេទដូចជាអ្នកយ៉ាងអ៊ីចឹងដែរ’ ហើយមានអ្នកខ្លះទៀតនិយាយថា ខ្ញុំធ្វើបែបនេះគឺដើម្បីលុយថែមទៀតផង។»
លោក Benjamin Carpenter ជាមួយកូនចិញ្ចឹមទាំងបួន

លោកបានបន្ថែមទៀតថា៖

«សម្រាប់ខ្ញុំ វាគ្រាន់តែជាការគិតរបស់អ្នកដទៃតែប៉ុណ្ណោះ ខ្ញុំអាចប្រឈមមុខបាន។ ខ្ញុំនឹងធ្វើខ្លួនឲ្យល្អ ទៅតាមការបញ្ចេញគំនិតដ៏ឆោតល្ងង់ទាំងនោះ។»
លោក Benjamin Carpenter ជាមួយកូនចិញ្ចឹមទាំងបួន

ទោះជាយ៉ាងណា Benjamin ជឿងជាក់ថា ពិភពលោក និងការគិតរបស់ពួកគេកំពុងផ្លាស់ប្តូរបន្តិចម្តងៗ ហើយលោកក៏កំពុងមានបំណងសុំកូនចិញ្ចឹមទី៥ទៀតផងដែរ។

«សម្រាប់ខ្ញុំ កូនៗរបស់ខ្ញុំផ្តល់ភាពរីករាយដល់ខ្ញុំខ្លាំងណាស់។ ខ្ញុំក្រោកឡើងនៅពេលព្រឹក ហើយគិតថា ជីវិតរបស់ខ្ញុំនឹងទៅជាបែបណាបើសិនជាគ្មានក្មេងៗទាំងនោះ? ខ្ញុំគិតថា វានឹងទទេស្អាតតែម្តង។»
លោក Ben ជាជើងឯកសុំកូនចិញ្ចឹមប្រចាំឆ្នាំកាលពីឆ្នាំ ២០១៥

គួររម្លឹកផងដែរថា លោក Ben ក៏ធ្លាប់ជាប់ជាជើងឯកសុំកូនចិញ្ចឹមប្រចាំឆ្នាំ ឬ Adopter Champion of the Year កាលពីឆ្នាំ ២០១៥ ផងដែរ៕

តើអ្នកគិតយ៉ាងណាដែរ ចំពោះទឹកចិត្តរបស់លោកឪពុកទោលខាងលើនេះ? សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម៖

កូនចិញ្ចឹមរបស់លោក Benjamin Carpenter
កូនចិញ្ចឹមរបស់លោក Benjamin Carpenter
កូនចិញ្ចឹមរបស់លោក Benjamin Carpenter
កូនចិញ្ចឹមរបស់លោក Benjamin Carpenter
លោក Benjamin Carpenter និងកូនចិញ្ចឹមទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]