(ភ្នំពេញ)៖ ស្របពេលប្រជាពលរដ្ឋកំពុងតែសម្រុកទៅកាន់ស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធ្វើឲ្យតាមដងផ្លូវទាំងអស់កំពុងតែមមាញឹកដូចគ្នា ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ងាយនឹងប្រឈមផងដែរ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបង្កើនការត្រួតពិនិត្យល្បឿងយានយន្ដតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យជាតិមួយនេះ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានថ្លែងយ៉ាងដូច្នេះថា គ្រប់ស្នងការរងនគរបាលចរាចរណ៍ទូទាំងរាជធានី-ខេត្តទាំងអស់សូមបង្កើនការត្រួតពិនិត្យចំហរ ពាក់ព័ន្ធការត្រួតពិនិត្យល្បឿនចាប់ពីស្អែកនេះទៅ គ្រប់ដងផ្លូវទាំអស់ ហើយសូមប្រើម៉ាស៊ីនត្រួតពិនិត្យល្បឿនឲ្យអស់លទ្ធភាព ដើម្បិកាត់បន្ថយការបើកលឿន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ កម្លាំង​នគរបាលជាតិរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ​បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រធានអង្គភាពជំនាញ ​និងស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងសន្តិសុខ និងត្រៀមកម្លាំងជានិច្ច ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានណែនាំពីបញ្ហាចរាចរណ៍ ត្រូវធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះទាំងចេញ និងចូលរាជធានី ហើយក៏ត្រូវជួយរំលឹកដល់ប្រជាពលរដ្ឋអំពីបញ្ហាអគ្គិភ័យផងដែរ ព្រោះថារដូវចូលឆ្នាំនេះ ជារដូវក្ដៅ៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]