(ភ្នំពេញ)៖ អាជ្ញាធរជាតិ​អប្សារានៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសប្រាប់ពីផ្លូវវាងដល់អ្នកទេសចរណ៍ ដែលមានបំណងក្នុងការចូលទស្សនាប្រាសាទមួយចំនួននៅតំបន់អង្គរ ខេត្តសៀមរាប នា​ឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសរបស់អាជ្ញាធរជាតិ​​អប្សារា ​​ដែល​សារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បា​នឲ្យដឹងថា ដើម្បីធានាដល់ការរៀប​ចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ ប្រព្រឹត្តិទៅបានយ៉ាងរលូន អាជ្ញាធរជាតិ​​អប្សារា និងធ្វើការបង្វែរផ្លូវចូលប្រាសាទមួយចំនួន ដូចជា៖

១៖ នៅថ្ងៃ សុក្រ ទី១៣ ខែ មេសា ឆ្នាំ ២០១៨ ចាប់​ពីម៉ោង​៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ នាទីរសៀល ពង្វាងការចូលបរិវេណ អង្គរ​ធំ ដើម្បីរៀបចំកម្មវិធីបើកបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

២៖ នៅថ្ងៃសៅរ៍ ទី១៤ ខែ មេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង ១០៖០០ នាទីព្រឹក កាឆ្លងកាត់ទៅវិញទៅមកតាមច្រកអង្គរធំ ត្រូវបង្វែរឲ្យ​ឆ្លងតាត់តាមច្រកខាងឆ្វេងប្រាសាទបាយ័នតែមួយផ្លូវ ។ ផ្អាកការធ្វើដំណើរទៅខាងស្តាំប្រាសាទបាយ័ន និង ចូលទស្សនាប្រសាទបាយ័ន ដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី។ និងពីម៉ោង​១៤៖០០ នាទីរសៀល ដល់ម៉ោង១៩៖០០ល្ងាច ផ្អាកការឆ្លងកាត់ស្ពានហាល ដោយ​ប្រើស្ពានបណ្តែតទឹកទាំងទៅ ទាំងមក ដើម្បីរៀបចំកម្មវិធីទាញព្រ័ត្ត និង បណ្តែតប្រទីត ។

៣៖ នៅថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ រហូតដល់ម៉ោង​១៦៖០០​នាទីល្ងាច ផ្អាកការឆ្លងកាត់ច្រកក្លោងទ្វារដៃឆ្នាំង ដើម្បីរៀបចំកម្មវិធីហែក្បួនព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨។

លើសពីនេះទៀត​អាជ្ញាធរ​ជាតិអប្សរាក៏បានសង្ឃឹយ៉ាងមុតមាំថា គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ- អន្តរជាតិ សមាគមន៍ទីភ្នាក់ងារទេសចរណ៍ សមាគមន៍មគ្គុទ្ទេស ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមន៍អ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរណ៍ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរណ៍ ម្ចាស់សណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ និង​ចូលរួមអនុវត្ត និង​ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]