ដូចដែលអ្នកធ្លាប់បានដឹងហើយថា ស៊ុតគឺជាប្រភពនៃសារធាតុចិញ្ចឹម វីតាមីន និង សារធាតុរ៉ែសំខាន់ជាច្រើនប្រភេទទៀត។ ម្យ៉ាងទៀតអ្វីដែលអ្នកចាំបាច់ត្រូវដឹងបន្ថែមទៀតនោះ ក្រៅពីយកស៊ុតធ្វើជាអាហារ អ្នកអាចយកស៊ុតមកថែរក្សាសម្រស់តាមបែបធម្មជាតិបានទៀតផង។

នៅក្នុងការថែរក្សាសម្រស់នេះ ស៊ុតអាចជួយធ្វើឲ្យសក់រឹងមាំ ទន់រលោង ធ្វើឲ្យស្បែកមុខស្អាត និង ជួយព្យាបាលបញ្ហាស្បែកដទៃទៀត។

ខាងក្រោមនេះគឺជាវិធីសាស្រ្ត ប្រើប្រាស់ស៊ុតទៅតាមអត្ថប្រយោជន៍ផ្សេងៗ៖

១/ ជួយឲ្យសក់ឆាប់លូតវែង និង រឹងមាំល្អ

វិធីអនុវត្តន៍ទី១៖

• ចំពោះវិធីមួយនេះ អ្នកត្រូវយកស៊ុត ២គ្រាប់ ដោយយកតែផ្នែកពណ៌ស រួចចាក់លាយជាមួយនឹងប្រេងអូលីវ ២ស្លាបព្រា បន្ទាប់មកយកវាទៅលាបនៅលើស្បែកក្បាល ហើយទុករយៈពេល ២០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ រួចលាងជាមួយនឹងសាប៊ូកក់សក់ដែលអ្នកប្រើម្តងទៀតជាការស្រេច។

វិធីអនុវត្តន៍ទី២៖

• ចំពោះវិធីទី២ ជាដំបូងអ្នកត្រូវយកស៊ុត ១គ្រាប់កូរវាឲ្យបែក រួចចាក់ទឹកដោះគោ ១ពែង ប្រេងអូលីវ ២ស្លាបព្រាបាយ និងទឹកក្រូចឆ្មារសម្បកលឿងបន្តិច ហើយច្របល់ចូលគ្នាឲ្យសព្វល្អ។

• បន្ទាប់មកយកល្បាយនេះលាបនៅលើស្បែកក្បាល និងទុករយៈពេល ២០ ទៅ ៣០នាទីមុនពេលលាងសម្អាតចេញជាមួយសាប៊ូ។

រូបភាពតំណាង

២/ ជួយព្យាបាលសក់ខូចឲ្យល្អឡើងវិញ

វិធីអនុវត្តន៍៖

• វិធីនេះ អ្នកគ្រាន់តែយកចេកទុំ ១ផ្លែកិនឲ្យហ្មត់ រួចបន្ថែមស៊ុត ១គ្រាប់ និង ទឹកដោះគោ ២ស្លាបព្រាបាយ ហើយកូរវាចូលគ្នា បន្ទាប់មកយកទឹកឃ្មុំ ២ស្លាបព្រាបាយ និង ប្រេងអូលីវ ១ស្លាបព្រាបាយកន្លះ ចាក់ចូលបន្ថែមទៀត រួចហើយច្របល់គ្រឿងផ្សំទាំងនេះឲ្យសព្វ។

• នៅពេលដែលលាយរួចហើយ យកល្បាយនេះលាបនៅលើសក់ និង ស្បែកក្បាល ដោយយកថង់គ្របសក់មកគ្របទុកចោលរយៈពេល ១ម៉ោង ទើបលាងសម្អាតចេញជាមួយសាប៊ូជាការស្រេច។

• អ្នកអាចអនុវត្តន៍ម្តងក្នុងមួយសប្តាហ៍។ 

រូបភាពតំណាង

៣/ កម្ចាត់មុខមុន

វិធីអនុវត្តន៍៖

• វិធីនេះងាយស្រួលខ្លាំងណាស់ ដោយអ្នកគ្រាន់តែយកស៊ុតផ្នែកពណ៌សនូវបរិមាណល្មមតាមដែលអ្នកត្រូវការ រួចយកវាទៅលាបនៅត្រង់កន្លែងដែលមានមុន ហើយយកក្រដាសស្អាតបិតបីលើ ទុកចោលរយៈពេល ២០នាទី ទើបបកយកក្រដាសនោះចេញ រួចហើយលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗ។

• ជាចុងក្រោយ អ្នកអាចលាបក្រីមផ្តល់សំណើមដល់ស្បែកបនិ្តចជាការស្រេច។

• អ្នកអាចអនុវត្តន៍ម្តង ឬពីរដងក្នុងមួយសប្តាហ៍។

រូបភាពតំណាង

៤/ រឹតបន្តឹងស្បែកមុខ

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកស៊ុត ១គ្រាប់ ឬ២គ្រាប់ បំបែកយកតែផ្នែកពណ៌ស រួចកូរវាឲ្យឡើងពពុះ បន្ទាប់មកយកវាទៅលាបនៅលើមុខ និងត្រង់ក ដោយទុកចោលរយៈពេល ២០នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។

• អ្នកអាចអនុវត្តន៍ម្តងក្នុងមួយសប្តាហ៍៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]