ជាទូទៅផ្លែអំពិលត្រូវបានគេយកធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ធ្វើជាម្ជូរ និងធ្វើអាហារសម្រន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកនៅពេលនេះ អ្វីដែលប្លែកនោះគឺថា អ្នកអាចយកអំពិលទុំធ្វើជាភេសជ្ជៈដ៏មានរសជាតិឆ្ងាញ់ និងថែមទាំងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយច្រើនលើសលុប។

ដូច្នេះចង់ដឹងថា ទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពនោះ ចូរតាមដានជាមួយនឹងការរៀបរាប់ខាងក្រោម៖

១/ ជួយបង្កើនការរំលាយអាហារ

ទឹកអំពិលទុំមានគុណសម្បត្តិពីធម្មជាតិ ក្នុងការជួយសម្រួលដល់ការំលាយអាហារ ព្យាបាលជំងឺហើមពោះ និងទល់លាមក។ ដូច្នេះអ្នកអាចទទួលទានទឹកអំពិលទុំ ១កែវនៅពេលព្រឹក ដើម្បីធ្វើឲ្យពោះវៀនមានចលនាធម្មតាវិញក៏ដូចជាជួយព្យាបាលអាការជំងឺទាំងនេះ។

រូបភាពតំណាង

២/ ជួយដល់សុខភាពបេះដូង

ទឹកអំពិលអាចការពារអុកស៊ីតកម្មនៃកូលេស្តេរ៉ុល ដោយរក្សាជញ្ជាំងនៃសរសៃឈាមបេះដូង និងទប់ស្កាត់ជាតិកូលេស្តេរ៉ុល ដែលបង្កឲ្យបញ្ហាដល់បេះដូង។

៣/ ការពារពីជំងឺទឹកនោមផ្អែម

មិនត្រឹមតែអាចជួយឲ្យបេះដូចមានសុខភាពល្អប៉ុណ្ណោះទេ ទឹកអំពិលថែមទាំងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមទៀតផង។

៤/ ជួយថែរក្សាសុខភាពស្បែក

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ទឹកអំពិលអាចជួយព្យាបាលការរលាកស្បែក ឬជំងឺកន្ទួល រោលនៅលើស្បែកទៀតផង។ ទាំងនេះក៏ព្រោះតែទឹកអំពិលមានផ្ទុកនូវវីតាមីន B និង វីតាមីន C ដែលជាអ្នកទទួលខុសត្រូវក្នុងការទាញយកកោសិកាស្បែកដែលងាប់ចេញ ដើម្បីធ្វើឲ្យស្បែកមានសុខភាពល្អ។ 

រូបភាពតំណាង

៥/ ជួយសម្រកទម្ងន់

វាជារឿងដ៏ល្អមួយ សម្រាប់អ្នកដែលចង់ស្រកទម្ងន់ ព្រោះការទទួលទានទឺកអំពិលជារៀងរាល់ថ្ងៃអាចជួយឲ្យអ្នកស្រកទម្ងន់បាន។ នេះក៏ព្រោះតែនៅក្នុងទឹកអំពិលមានផ្ទុកនូវអាស៊ីតម្យ៉ាង ដែលជួយកាត់បន្ថយចំណង់អាហាររបស់អ្នក។ ម្យ៉ាងវិញទៀតអំពិលវាពុំមានផ្ទុកនូវជាតិខ្លាញ់ ដែលបណ្តាលឲ្យអ្នកឡើងទម្ងន់នោះទេ ប៉ុន្តែវាមានផ្ទុកនូវជាតិកាកសរសៃ សម្រាប់ជួយកាត់បន្ថយទម្ងន់ទៅវិញ។ 

រូបភាពតំណាង

តោះ! តាមដានជាមួយនឹងវិធីធ្វើទឹកអំពិលទុំដូចខាងក្រោម៖

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកអំពិលទុំសមល្មមលាងទឹកឲ្យបានស្អាត ដោយយកគ្រាប់ចេញ

• បន្ទាប់មកយកទឹក ២កែវ ដាក់ដាំឲ្យពុះ រួចចាក់អំពិលទុំចូល ហើយដាំរហូតទឹកឡើងពណ៌ត្នោត និង មើលទៅសាច់អំពិលទុំនោះឆ្អិន (រយៈពេលប្រហែល ៥ ទៅ១០នាទី)

• នៅពេលវាឆ្អិនហើយ អ្នកត្រូវយកវាទៅក្រឡុកឲ្យហ្មត់ រួចទុកឲ្យត្រជាក់ នោះអ្នកអាចបន្ថែមទឹកឃ្មុំ ឬស្ករតាមចំណូលចិត្តរបស់អ្នក។

• ជាចុងក្រោយ អ្នកអាចដាក់ទឹកកកចូល សម្រាប់ទទួលបាន៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]